កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន-អឺរ៉ុប នឹងត្រូវចុះហត្ថលេខា នៅចុងឆ្នាំ២០២១
ជាតិ
សេដ្ឋកិច្ច
កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន-អឺរ៉ុប នឹងត្រូវចុះហត្ថលេខា នៅចុងឆ្នាំ២០២១
07, Jun 2021 , 11:29 am        
រូបភាព
 ប្រភពរូប៖ MTWT
ប្រភពរូប៖ MTWT
កម្ពុជា និងប្រទេសនៅក្នុងតំបន់អាស៊ាន បានបញ្ចប់ការចរចាជាមួយសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនៃការដឹកជញ្ជូនតាមផ្លូវអាកាសរវាងទ្វេភាគីហើយ(AE-CATA)។ AE-CATA គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសលើកដំបូងក្នុងពិភពលោក ដែលជំរុញការភ្ជាប់និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងចំណោមរដ្ឋជាសមាជិក ចំនួន៣៧របស់អាស៊ាន និងអឺរ៉ុប។

 
ការចរចាលើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបនេះ បានបញ្ចប់ដោយជោគជ័យ តាមរយៈកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកតំណាងឱ្យឧត្តមមន្ត្រីផ្នែកដឹកជញ្ជូនរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់។ 
 
បើតាមលោក ឈៀង ពេជ្រ កិច្ចព្រមពៀងដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយ AE-CATA គឺជាសមិទ្ធផលមួយធំទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកិច្ចព្រមព្រៀងរវាងតំបន់ និងតំបន់តែមួយគត់ ដើម្បីពង្រឹងការផ្សាភ្ជាប់នៃការដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន និងសហភាពអឺរ៉ុប។
 
លោកឈៀង ពេជ្រ បានបញ្ជាក់ថា AE-CATA មានសារសំខាន់ណាស់ក្នុងការស្តារឡើងវិញនូវផលប៉ះពាល់នានា ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយជាពិសេសនឹងបើកឱកាសឱ្យមានកំណើនថ្មីនៃឧស្សាហកម្មអាកាសចរណ៍ និងពាណិជ្ជកម្ម ក្នុងតំបន់ទាំងពីរ។


លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន. ប្រភពរូប៖ MPWT
 
សហភាពអឺរ៉ុបនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពីការបញ្ចប់កិច្ចព្រមពៀងតាមផ្លូវអាកាសរវាងAE-CATA លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានលើកឡើងថា សហភាពអឺរ៉ុប គឺជាប្រភពនៃការវិនិយោគដ៏ធំ និងជាដៃគូពាណិជ្ជកម្មលំដាប់ទី៣សម្រាប់អាស៊ាន។ 
 
ជាមួយគ្នានោះ លោកស្រី Adina Valean ស្នងការដឹកជញ្ជូនអឺរ៉ុប មានប្រសាសន៍ថា កិច្ចព្រមព្រៀងAE-CATAនេះ នឹងផ្តល់នូវការវិនិយោគដ៏រឹងមាំដើម្បីបន្តជំរុញស្តង់ដារស្តង់ដារខ្ពស់ស្តីពី សុវត្ថិភាព សន្តិសុខ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៃបរិស្ថាន និងបញ្ហាសង្គម។ កិច្ចព្រមព្រៀងAE-CATAនេះ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១។
 
កាលឆ្នាំ២០២០ អាស៊ានមានលំហូរទុននិយោគផ្ទាល់ពីបរទេសចំនួន ១០,៥ពាន់លានដុល្លារ និងទំហំពាណិជ្ជកម្មមានចំនួន ២២៦,២ពាន់លានដុល្លារ។ អគ្គលេខាធិការអាស៊ានរូបនេះ  បានអះអាងថា កិច្ចព្រមព្រៀងAE-CATA នេះ នឹងធ្វើឱ្យតំបន់ទាំងពីររវាងអាស៊ាននិងសហភាពអឺរ៉ុប កាន់តែខិតជិតគ្នាដែលអាចផ្តល់ប្រយោជន៍សេដ្ឋកិច្ចបន្ថែមទៀត៕
 

Tag:
 AE-CATA
© រក្សាសិទ្ធិដោយ thmeythmey.com