អ្នកជំនាញ កំពុងជួសជុល-អភិរក្ស សំណង់សាលាឆាន់អាយុកាលប្រមាណ៩០ឆ្នាំនៅវត្តរាជបូណ៌
ជាតិ
បទសម្ភាសន៍
អ្នកជំនាញ កំពុងជួសជុល-អភិរក្ស សំណង់សាលាឆាន់អាយុកាលប្រមាណ៩០ឆ្នាំនៅវត្តរាជបូណ៌
07, Jun 2021 , 1:29 pm        
រូបភាព
សៀមរាប៖ សំណង់សាលាឆាន់ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ  ស្ថិតនៅបរិវេណវត្តរាជបូណ៌ កំពុងទទួលបានការរៀបចំ ជួសជុល កែលម្អ និងអភិរក្សឡើងវិញ។ ជាជំហ៊ានទី១ អ្នកជំនាញនឹងជជួសជុលផ្នែកដំបូលនៃសាលាឆាន់ទាំងមូល បន្ទាប់មកទើបចាប់ផ្តើមសិក្សាលើការជួសជុលជញ្ជាំង សសរ និងកម្រាល។

 
សូមអញ្ជើញលោកអ្នកនាងតាមដាន វីដេអូខាងក្រោមនេះ ៖
 
 
អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងឧទ្យានអង្គរ លោក ស៊ឹម ប៊ុនធឿន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងជួសជុលផ្នែកដំបូលនៃសាលាឆាន់ ដែលជាដំណាក់កាលទី១នៃគម្រោងជួសជុលទាំងមូល។ ដំណាក់បន្ទាប់ អ្នកជំនាញនឹងចាប់ផ្តើមសិក្សា និងរៀបចំជួសជុលផ្នែកជញ្ជាំង សសរ និងកម្រាល ដើម្បីលើកតម្លៃសំណង់សាលាបុរាណនេះឡើងវិញ។
 
លោកបន្តថា៖« ដោយមើលឃើញពីគុណតម្លៃនៃសំណង់ដ៏ចំណាស់នេះ ទាំងអាយុកាល ប្រវត្តិសាស្រ្ដ និងទម្រង់ស្ថាបត្យកម្មខ្មែរ ទើបយើងជួសជុល និងចង់អភិរក្ស»។ លោកបន្ថែមថា ព្រះចៅអធិការវត្តរាជបូណ៌ ព្រះមហាវិមលធម្ម ពិន សែម បានផ្តល់លទ្ធភាពគ្រប់គ្រាន់ ក្នុងការឱ្យមន្រ្តីអាជ្ញាធរជាតិអប្សរា បានចូលរួមអភិរក្សសំណង់បុរាណក្នុងវត្តទាំងមូល ដែលកាលពីឆ្នាំទៅ ក៏បានជួយជួសជុលសំណង់វិហារបុរាណរួចរាល់ផង។ គម្រោងជួសជុលទាំងអស់ ជាថវិការបស់អាជ្ញាធរជាតិអប្សរា។


 
ទាក់ទងនឹងបច្ចេកទេសជួសជុលវិញ លោក ស៊ឹម ប៊ុនធឿន ពន្យល់ថា ក្រុមការងាររបស់លោកបានព្យាយាមប្រើប្រាស់សម្ភារចាស់ដែលនៅរក្សាគុណភាពបាន តែក៏មានជំនួសសម្ភារថ្មីផងដែរ។ យ៉ាងណា លោកអះអាងថា ពុំមានផ្លាស់ប្ដូរសិល្បៈ ឬផ្នែកស្ថាបត្យកម្មពីដើមឡើយ។ លោកបន្ថែម៖« ការជួសជុលស្របតាមទម្រង់ដើម និងតម្លៃបេតិកភណ្ឌ គ្រឿងបង្គំខ្លះពុកផុយ ដូចជាធ្នឹមដំបូល យើងយកឈើថ្មីដូរ...»។
 
គួររំលឹកថា សំណង់សាលាឆាន់បុរាណដែលកំពុងទទួលបានការជួសជុលនេះ មានទទឹងជាង២១ម៉ែត្រ និងបណ្ដោយជាង ២២ម៉ែត្រ។ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលក្នុងដំណាក់កាលទី១ កាលពីពាក់កណ្ដាលខែ ឧសភា និងរំពឹងថា អាចបញ្ចប់ការជួសជុលនាពេលឆាប់ៗខាងមុខនេះ៕










 

Tag:
 សាលាឆាន់
  វត្តរាជបូណ៌
 អភិរក្ស
 ស្ថាបត្យកម្ម
 សំណង់បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com