កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្រុមអេស្ប៉ាញ Busquets ឆ្លងកូវី-១៩ ក្រោយប្រកួតមិត្តភាពជាមួយព័រទុយហ្កាល់
07, Jun 2021 , 3:04 pm        
រូបភាព
Sergio Busquets បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ក្រោយលេងឱ្យអេស្ប៉ាញក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយព័រទុយហ្កាល់រួច។ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) អះអាងដូច្នេះនៅថ្ងៃទី៦ ខែមិថុនា ដោយបញ្ជាក់ថា សមាជិកក្រុម Barcelona រូបនេះបានចាកចេញពីជំរំហ្វឹកហាត់មុនពេលព្រឹតិ្តការណ៍ Euro 2020 ដែលនឹងចូលមកដល់នៅរយៈពេល៤ថ្ងៃទៀត។


 
RFEF បានបង្ហោះលើវេបសាយផ្លូការរបស់ខ្លួនថា ប្រធានក្រុមជម្រើសជាតិអេស៉្បាញ Busquets បានធ្វើតេស្តវិជ្ជមាននៅព្រឹកថ្ងៃទី៦ ខែមិថុនា ខណៈសមាជិកក្រុមទាំងអស់ធ្វើតេស្តឃើញអវិជ្ជមាន ប៉ុន្តែត្រូវទទួលការធ្វើតេស្តបន្ត។ អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយខ្សែបម្រើ Barcelona វ័យ៣២ឆ្នាំរូបនេះ តម្រូវឱ្យដាក់ខ្លួនឱ្យនៅដាច់ដោយឡែកតាមគោលការណ៍សុខាភិបាល។
 
ដោយឡែក សមាជិក្រុមជម្រើជាតិព័រទុយហ្កាល់នៅមិនទាន់បញ្ជាក់ថាកីឡាករខ្លួនដែលបានលេងតទល់នឹង Busquets មានវិជ្ជមាន ឬក៏អត់នោះទេ។ ព័រទុយហ្កាល់ និងអេស្ប៉ាញប្រកួតមិត្តភាពកំដៅសាច់ដុំត្រៀម Euro 2020 នៅថ្ងៃទី៥ ខែមិថុនា ដោយបញ្ចប់ក្នុងលទ្ធផលសូន្យស្មើ។
 
ស្របពេលព្រឹត្តិការណ៍អឺរ៉ុបខិតជិតមកដល់ ហើយអេស្ប៉ាញត្រូវប្រកួតបើកឆាកពូល E ជាមួយស៊ុយអែតនៅរាត្រីថ្ងៃទី១៤ ខែមិថុនា គ្រូបង្វឹកលោក លោក Luis Enrique នៅទាន់ប្រកាសថាប្រធានក្រុមរូបនេះអាចនៅបន្តជាមួយក្រុម ឬក៏អត់នោះទេ។ Busquets បានចាកចេញពីជំរំហ្វឹកហាត់របស់ក្រុមអេស្ប៉ាញតាំងពីថ្ងៃដឹងលទ្ធផលវិជ្ញមានម្លេះ។
 
ជុំវិញករណីនេះ RFEF លើកឡើងថា Busquets នៅតែអាចត្រឡប់ចូលរួមក្រុមបាន ប្រសិនបើស្ថានភាពជំងឺរបស់គេសះស្បើយទាន់ពេលវេលា
Busquets ធ្លាប់បង្ហាញខ្លួនឱ្យអេស្ប៉ាញ១២០ប្រកួត និងរួមចំណែកជួយក្រុមឈ្នះ World Cup នៅឆ្នាំ ២០១០ និង Euro ឆ្នាំ ២០១២។ សម្រាប់ក្រុម Barca រូបបានជួយក្រុមឈ្នះជើងឯក La Liga ៨សម័យ និង Champions League ៣លើក៕
 

Tag:
 Sergio Busquets
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com