League Cup៖ CNCC កំពុងពិចារណាលើករណីបឹងកេត និងសាលាបាល់ទាត់បាទី អវត្តមានប្រកួត ព្រោះកូវីដ-១៩
កីឡាជាតិ
ជាតិ
League Cup៖ CNCC កំពុងពិចារណាលើករណីបឹងកេត និងសាលាបាល់ទាត់បាទី អវត្តមានប្រកួត ព្រោះកូវីដ-១៩
07, Jun 2021 , 4:46 pm        
រូបភាព
ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ សុទ្ធតែបាន៣ពិន្ទុក្នុងដៃ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ League Cup ២០២១ កាលពីចុងសប្ដាហ៍មុននេះ។ សម្រាប់ការប្រកួតនេះ ក្រុមបឹងកេត និងសាលាបាត់ទាត់បាទីអវត្តមានប្រកួត ព្រោះមានករណីសង្ស័យកូវីដ-១៩។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កំពុងពិចារណាលើករណីក្រុមទាំងពីរ ដែលអវត្តមានប្រកួតនេះ។


 
លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា CNCC កំពុងពិនិត្យមើលលទ្ធភាព ក្នុងការទុកឱកាសឱ្យក្រុមបឹងកេត និងសាលាបាត់ទាត់បាទី។ បានន័យថា CNCC នឹងជួយសម្រួលដល់ការប្រកួតក្នុងពូលនីមួយៗ នៃពានរង្វាន់League Cup នេះ ដោយឱ្យគូប្រកួតផ្សេងទៀត ជួបគ្នាធម្មតា លើកលែងតែក្រុម ដែលត្រូវប្រកួតជាមួយបឹងកេត និងសាលាបាត់ទាត់បាទីទេ ដែលត្រូវរំលងការប្រកួតសិន។ បើតាមលោក កុលបុត្រា ក្នុងករណីនេះ មិនទាន់អាចបញ្ជាក់ថា ក្រុមទាំងពីរនេះ បានដកខ្លួន ឬដកសិទ្ធិប្រកួតនោះទេ ដោយរង់ចាំការប្រជុំពិភាក្សាផ្ទៃក្នុង។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លេខាធិការប្រតិបត្តិ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជារូបនេះ បានបញ្ជាក់ថា ៖«ខ្ញុំអត់ទាន់បានចេញលិខិតអី ដើម្បីបញ្ជាក់ពីការដកសិទ្ធិ ឬដកខ្លួនអីទេ។ យើងកំពុងតែគិតពីលទ្ធភាពរបស់(ក្រុម)ពួកគាត់ ថាតើយើងអាចសារ៉េថ្ងៃប្រកួតបាន ឬក៏យ៉ាងម៉េចទៀតមិនទាន់ដឹងទេ។ បើសិនជាយើងព្យាយាមរង់ចាំគាត់ ស្រាប់តែអំឡុងពេលហ្នឹង (ក្រុម)គាត់នៅបន្តធ្វើចត្តាឡីស័កទៀត អត់ទាន់ផុត អ៊ីចឹងនៅពេលចុងក្រោយអស់លទ្ធភាព គឺយើងមិនអាចបន្តរង់ចាំគាត់បានទៀតឡើយ»។
 
កាលពីចុងសប្ដាហ៍មុន ជំនួបរវាងបឹងកេត  និងវិសាខា ត្រូវបានលុបចោលការប្រកួត ដោយមូលហេតុរកឃើញករណីសង្ស័យវិជ្ជមាន នៃជំងឺកូវីដ-១៩ លើមន្ត្រីក្លិបបឹងកេតមួយរូប។ ចំណែកការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង និងយុវជនសាលាបាល់ទាត់ជាតិបាទី ក៏ត្រូវលុបចោលដែរ ដោយសារមានករណីសង្ស័យវិជ្ជមានកូវីដ-១៩ លើមន្ត្រីក្រុមសាលាបាល់ទាត់បាទីមួយរូប។ 
 
ចំពោះករណីលុបចោលការប្រកួតនេះ CNCC មិនទាន់សម្រេចឱ្យក្រុមមានលទ្ធភាពប្រកួត ឈ្នះដោយស្វ័យប្រវត្តិឡើយ។ លោក ឈី កុលបុត្រា បានបន្ថែមដូច្នេះថា៖«កន្លែងចំណុច(ឈ្នះស្វ័យប្រវត្តិ)ហ្នឹងដែរ ខ្ញុំកំពុងតែផ្ទៀងផ្ទាត់ជាមួយច្បាប់ និងបទបញ្ជា ព្រោះដោយសារខ្ញុំត្រូវជជែកជាមួយប្រធានការិយាល័យបច្ចេកទេស នូវកន្លែងហ្នឹងឱ្យវាច្បាស់សិន»។
 
ចំពោះករណីមានការផ្ទុះឡើងជំងឺកូវីដ-១៩ ដែលបង្ករដោយបុគ្គល និងក្លិបកីឡាបាល់ទាត់ដោយការធ្វេសប្រហែសមិនបានអនុវត្តត្រឹមត្រូវ ម៉ឺងម៉ាត់ទៅតាមប្រការ៣ ទី៤ និងទី៥ នៃក្រមប្រតិបត្តិ(Code of Conduct)នោះ បុគ្គលដែលប្រព្រឹត្តខុសនឹងត្រូវទទួលពិន័យ និងការផាកពិន័យជាទឹកប្រាក់ ៥លានរៀលហើយក្លិបក៏រងពិន័យដូចគ្នា រួមទាំងទឹកប្រាក់ ១០លានរៀល។ នេះជាការពិន័យរដ្ឋបាលរបស់គណៈកម្មការប្រកួតប៉ុណ្ណោះ ក៏ប៉ុន្តែការពិន័យនេះមិនធ្វើឱ្យបុគ្គល និងក្លិបកីឡាបាល់ទាត់នោះ រួចផុតពីកាតព្វច្បាប់ជាធរមាននៃកម្ពុជានោះឡើយ។
 
ការប្រកួតចុងសប្ដាហ៍មុននេះ ភ្នំពេញក្រោន បានយកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល៥-០ ខណៈក្រុមខេត្តព្រៃវែង ចាញ់ក្រុមកងយោធពលខេមរភូមិន្ទ ០-១ នៃសប្ដាហ៍ទី១ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ League Cup ២០២១។
 
League Cup ២០២១ គឺពានរង្វាន់ថ្មីមួយ ដែលទើបតែបង្កើតឡើយ។ ការប្រកួតដណ្ដើមពានរង្វាន់នេះ គឺមាន៨ក្រុមចូលរួម ក្នុងនោះ បឹងកេត, វិសាខា,ភ្នំពេញក្រោន ,អាយអេសអាយ ដង្កោសែនជ័យ ស្ថិតនៅក្នុងពូល A ។ ដោយឡែកពូលB វិញ មានខេត្តព្រៃវែង ក្រុមកងយោធពលខេមរភូមិន្ទ ,ព្រះខ័នរាជស្វាយរៀង និងយុវជនសាលាបាល់ទាត់បាទី អាយុក្រោម១៨ឆ្នាំ៕
 

Tag:
 League Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com