កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Perez ឈ្នះលើកដំបូងជួយ Red Bull កើនគម្លាតពិន្ទុលើ Mercedes
07, Jun 2021 , 8:19 pm        
រូបភាព
Sergio Perez ដែលបើកបរឲ្យក្រុម Red Bull ឈ្នះការប្រណាំង Formula One ក្នុងកម្មវិធី Azerbaijan Grand Prix ប្រទេសអាស៊ែបៃហ្សង់។ ម្ចាស់ការពារតំណែងជើងឯក Lewis Hamilton បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី១៥ ដែលធ្វើឱ្យ Mercedes តាមពីក្រោយ Red Bull ផ្នែកគ្រឿងម៉ាស៊ីនចំនួន២៦ពិន្ទុ។


 
នាការប្រណាំងនៅទីលានទី៦ ក្នុងរដូវកាលឆ្នាំ ២០២១ នៅថ្ងៃទី៦ ខែមិថុនា Perez បានសម្រេចទីមុនគេដោយប្រើថេរវេលា ២ម៉ោង ១៣នាទី និង៣៦វិនាទី តាមពីក្រោយដោយ Sebastian Vettel របស់ក្រុម Aston Martin និង Pierre Gasly ដែលបើកឲ្យក្រុម AlphaTauri-Honda។
 
នេះជាការទទួលបានជ័យជម្នះលើកដំបូងរបស់អ្នកប្រណាំងសញ្ជាតិម៉ិកស៊ិកនៅរដូវកាលនេះក្រោយឆ្លងកាត់ការប្រណាំង៦លើក។ តាមរយៈជ័យជម្នះបានជួយ Perez ឡើងទៅកាន់ចំណាត់ថ្នាក់ទី៣ក្នុងតារាង F1 ដោយតាមពីក្រោយ Hamilton ចំនួន៣២ពិន្ទុ និង Max Verstappen របស់ក្រុម Red Bull ដែលកំពុងឈរកំពូលតារាងចំនួន៣៦ពិន្ទុ។
 
Verstappen រកបាន១០៥ពិន្ទុ តាមពីក្រោយដោយអ្នកប្រណាំងអង់គ្លេស Hamilton ដែលមាន១០១ពិន្ទុ និង Perez មាន៦៩ពិន្ទុ។
 
សម្រាប់ម្ចាស់ការពារតំណែងជើងឯក Hamilton ដែលភ្លាត់ស្នៀតមិនទទួលបានពិន្ទុនៅការប្រណាំង២លើកចុងក្រោយ បានធ្វើឱ្យក្រុម Mercedes ត្រូវមានគម្លាតពិន្ទុពីក្រុម Red Bull ចំនួន២៦ពិន្ទុ សម្រាប់ផ្នែកគ្រឿងម៉ាស៊ីន។ 
 
ឆ្លងកាត់ការប្រណាំង៦លើក Red Bull រកបានពិន្ទុសរុប១៧៤ពិន្ទុ តាមពីក្រោយដោយ Mercedes ដែលមាន១៤៨ពិន្ទុ និង Ferrari មាន៩៤ពិន្ទុ។ ការប្រណាំងនៅទីលានទី នឹងធ្វើឡើងនៅប្រទេសបារាំង ក្នុងកម្មវិធី Emirates Grand Prix De France ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១៕
 

Tag:
 Sergio Perez
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com