ជាតិ
សត្វខ្សឹបនៅក្រៅតំបន់ការពារជុំវិញបឹងទន្លេសាបធ្លាក់ចុះ និងរងការគំរាមកំហែងខ្លាំង
08, Jun 2021 , 8:59 am        
រូបភាព
 រូបភាពពីអង្គការ WCS Cambodia
រូបភាពពីអង្គការ WCS Cambodia
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖  រយៈពេលជាងមួយទសវត្សរ៍ ចំនួនសត្វខ្សឹបក្នុងតំបន់ការពារនៅខេត្តកំពង់ធំ និងសៀមរាប កើនឡើយតិចតួច ប៉ុន្ដែបែរជាធ្លាក់ចុះយ៉ាងគំហុកនៅក្រៅតំបន់ការពារ។ កត្តាគំរាមកំហែងធំៗដែលធ្វើឱ្យចំនួនសត្វខ្សឹបធ្លាក់ចុះ គឺការបាត់បង់ទីជម្រក ការបំប្លែងតំបន់វាលស្មៅ ការប្ដូរទម្រង់នៃការធ្វើកសិកម្ម កាប្រមាញ់ខុសច្បាប់ និងការហើរបុកទង្គិចជាមួយខ្សែបណ្តាញអគ្គិសនី។



អង្គការ WCS និងក្រសួងបរិស្ថាន បានសហការការពារនិងអភិរក្សសត្វខ្សឹបនៅខេត្តកំពង់ធំ និងសៀមរាប។ លោក ស៊ុំ ភារុណ ប្រធានគម្រោងអភិរក្សរបស់អង្គការ WCS នៅតំបន់ជុំវិញបឹងទន្លេសាប អះអាងថា អ្នកជំនាញសង្កេតឃើញវត្តមានសត្វជិតផុតពូជប្រភេទនេះ មានការកើនឡើងតិចតួចបំផុត។
 
បើតាម ស៊ុំ ភារុណ ទិន្នន័យនៃការធ្លាក់ចុះចំនួនសត្វខ្សឹបខ្លាំង គឺនៅក្រៅតំបន់ការពាររួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ មូលហេតុនៃការធ្លាក់ចុះនេះ ដោយសារតំបន់ទាំងនោះមិនស្ថិតក្រោមការការពារ និងអភិរក្ស។ ម្យ៉ាងវិញទៀត ជម្រកធម្មជាតិរបស់សត្វប្រភេទនេះ ត្រូវបានបំប្លែងទៅផ្ទៃដីកសិកម្ម ការប្រមាញ់ខុសច្បាប់ និងការហើរបុកទង្គិចជាមួយខ្សែបណ្តាញអគ្គិសនី ជាដើម។


   រូបភាពពីអង្គការ WCS Cambodia

«ចំនួននៃការធ្លាក់ចុះប៉ុន្មានភាគរយ របស់សត្វខ្សឹបនៅក្រៅតំបន់ការពារ យើងមិនបានសិក្សាលម្អិតឡើយ។ ចំណែកឯ ថេរភាពនិងការកើនឡើងសត្វខ្សឹបក្នុងតំបន់ការពារតិចតួចពេក ដូច្នេះមិនអាចកំណត់ជាភាគរយបានឡើយ»។ នេះជាការពន្យល់របស់លោក ស៊ុំ ភារុណ ប្រធានគម្រោងអភិរក្សរបស់អង្គការ WCS នៅតំបន់ជុំវិញបឹងទន្លេសាប។
 
ក្រុមអ្នកជំនាញរបស់អង្គការ WCS ធ្វើជំរឿនមួយឆ្នាំម្ដង ដើម្បីសិក្សា និងរាប់ចំនួនសត្វខ្សឹបដែលកំពុងមានវត្ដមាននៅក្នុង និងក្រៅតំបន់ការពារមួយចំនួន ដែលនៅសេសសល់វត្តមានសត្វច្រើន។ នៅរាល់៥ឆ្នាំម្ដង ក្រុមអ្នកជំនាញ នឹងជំរឿនទូទាំងប្រទេស ដើម្បីសរុបទិន្នន័យ នៃការកើនឡើង ឬថយចុះរបស់សត្វប្រភេទនេះ ទាំងក្នុងនិងក្រៅតំបន់ការពារនៅជុំវិញបឹងទន្លេសាប។  ជាក់ស្ដែង ជំរឿនទូទាំងប្រទេសនៅឆ្នាំ២០១៨ ជាលទ្ធផលនៃការស្រាវជ្រាវនោះបានបង្ហាញថា ចំនួនសត្វខ្សឹបឈ្មោលដែលបានខ្លួននៅរដូវបន្តពូជ មានចំនួនតែ ១០៤ក្បាលប៉ុណ្ណោះនៅកម្ពុជា។
 


 រូបភាពពីអង្គការ WCS Cambodia

សកម្មភាពការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាប់ខាងជើងទន្លេសាប» គ្រប់ដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ហិកតា ក្រោមអនុក្រិត្យលេខ ៨៨. អនក្រ.បក លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំនិងសៀមរាប។
លោក ស៊ុំ ភារុណ ចង់ឱ្យរដ្ឋាភិបាល និងអគ្គីសនីកម្ពុជា ចូលរួមសហការណ៍ និងយកចិត្តទុកដាក់សម្រាប់ ការដំឡើងនូវឧបករណ៍ចំណាំងចាំង ដើម្បីជួយកាត់បន្ថយអត្រាស្លាប់របស់សត្វខ្សឹប ក៏ដូចជាប្រភេទសត្វស្លាបសំខាន់ដែលរស់នៅជុំវិញបឹងទន្លេសាប។ ក្រៅពីនេះ លោកសំណូពរដល់មន្ត្រី រួមទាំងប្រជាពលរដ្ឋមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមស្វែងយល់បន្ថែមពីអត្ថប្រយោជន៍ នៃដំណើរការការពារ និងអភិរក្សប្រភេទសត្វកម្រទាំងនេះជាមួយជាមួយអ្នកជំនាញ។
 
សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា។ សត្វប្រភេទនេះ មាននៅប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាម។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាល នៅលើពិភពលោក៕


 រូបភាពពីអង្គការ WCS Cambodia
 

Tag:
 សត្វខ្សឹប
  អង្គការ WCS
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com