ម្ចាស់ផ្ទះវៀតណាម គ្រោងលើកពេលស៊ីហ្គេម ទៅឆ្នាំ២០២២វិញ
កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះវៀតណាម គ្រោងលើកពេលស៊ីហ្គេម ទៅឆ្នាំ២០២២វិញ
08, Jun 2021 , 10:01 am        
រូបភាព
ភ្នំពេញ៖ ស៊ីហ្គេម លើកទី៣១ ដែលគ្រោងរៀបចំនៅវៀតណាម នៅចុងឆ្នាំ២០២១ អាចនឹងលើកពេលទៅឆ្នាំ២០២២វិញ។ នេះបើតាមអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) របស់កម្ពុជា ដែលទទួលបានការជូនដំណឹងពីម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ។


លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ម្ចាស់ផ្ទះវៀតណាម បានផ្ញើលិខិតជូនដល់បណ្តាប្រទេសនានានៅក្នុងអាស៊ីអាគ្នេយ៍ ស្តីពីការពន្យារពេលនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ អស់ហើយ ប៉ុន្តែមិនទាន់ផ្លូវការនៅឡើយទេ។
 
បើតាមហ្វេសប៊ុកគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ គ.ជ.ប.អ CAMSOC ដែលបានស្រង់សម្តីលោក វ៉ាត់ ចំរើន នៅព្រឹកថ្ងៃទី៨ មិថុនា យ៉ាងដូច្ន៖«ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលលិខិតពីគណៈកម្មាធិការជាតិវៀតណាមថា អូឡាំពិកវៀតណាម មានបំណងចង់ពន្យារពេលរហូតដល់ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីស្នើសុំយោបល់ជាមុនសិន មុននឹងសម្រេចជាផ្លូវការ»។ 
 
អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ បានបញ្ជាក់ថា គណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាលើសំណើរវៀតណាម សុំពន្យាពេលស៊ីហ្គេមនេះ នៅរសៀលថ្ងៃទី៩ ខែមិថុនា ២០២១ តាមប្រព័ន្ធ Zoom។
 
ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់ម្ចាស់ផ្ទះវៀតណាមនេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងប្រទេស ក៏ដូចជាបន្តរីករាលដាលជាសកលនៅឡើយ ។ បើតាមគម្រោងវៀតណាម ត្រូវរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
 
កន្លងមក វៀតណាម ដែលជាម្ចាស់ផ្ទះស៊ីហ្គេម ២០២១នេះ បានកំណត់បង្ហាញប្រភេទកីឡា ដាក់ឲ្យបណ្តាប្រទេសក្នុងអាស៊ានចំនួន១១ ចូលរួមប្រកួតប្រជែងលើ៤០ប្រភេទកីឡា និងមានវិញ្ញាសាសរុប៥២៦៕
 

Tag:
 ស៊ីហ្គេម
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com