COVID-19
ជាតិ
COVID-19៖ វិជ្ជមាន៤១នាក់ទៀតនៅតាកែវ ភាគច្រើនជាអាជីវករ និងរបាយការណ៍ពី៣ខេត្តទៀត
08, Jun 2021 , 10:57 am        
រូបភាព
បណ្តាខេត្តចំនួន ៤ បានចេញរបាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃទី៧ មិថុនា ក្នុងនោះមានខេត្តតាកែវ សៀមរាប កំពង់ធំ និងខេត្តកោះកុង។ តាមរបាយការណ៍ ខេត្តតាកែវ បានបន្តរកឃើញអ្នកវិជ្ជមានថ្មី ៤១នាក់ទៀត ដែលច្រើនជាអាជីវករផ្សារតាកែវ ខណៈសៀមរាប មាន២៤នាក់ ភាគច្រើនអ្នកស្រុកសូទ្រនិគម។ កំពង់ធំ មាន១០បន្ថែម ខណៈកោះកុង រកឃើញ៣នាក់ ជាអ្នកស្រុកស្រែអំបិល។

 
តាកែវ៖ មាន ៤១នាក់ទៀត ភាគច្រើនជាអាជីវករផ្សារតាកែវ 
 
ពលរដ្ឋខេត្តតាកែវចំនួន៤១នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ដែលភាគច្រើនជាអាជីវករផ្សារតាកែវ។ យោងតាមរបាយការណ៍របស់ស្នងការខេត្តតាកែវ ជូនទៅកាន់អភិបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំងនេះ មាន១១នៅក្រុងដូនកែវ, ១០នៅស្រុកសំរោង, ៧នាក់នៅស្រុកត្រាំកក់, ៦នាក់នៅស្រុកបាទី, ៣នាក់នៅស្រុកព្រៃកប្បាស, ៣នាក់នៅស្រុកទ្រាំង និង១នាក់នៅស្រុកគីរីវង់។ 
 
 
សៀមរាប៖ រកឃើញ២៤នាក់ទៀត  ភាគច្រើនជាអ្នករស់នៅស្រុកសូទ្រនិគម
 
នាថ្ងៃទី៧ ខែមិថុនា ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ទៀត ខណៈមានអ្នកជំងឺ ១នាក់បានជាសះស្បើយ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មី ភាគច្រើនជាអ្នករស់នៅក្នុងស្រុកសូទ្រនិគម ហើយប្រភពឆ្លងចេញពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ១៤នាក់ ជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគម, ៤នាក់នៅក្រុងសៀមរាប, ១នាក់នៅស្រុកពួក,៣នាក់នៅស្រុកក្រឡាញ់, និង២នាក់ជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង។ បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២៩នាក់ ក្នុងនោះ៨៤នាក់ បានជាសះស្បើយ ២នាក់ស្លាប់ និង១៤៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
 
កំពង់ធំ៖ បន្តរកឃើញ១០នាក់ ក្នុងនោះ៣នាក់មកពីថៃ
 
ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ថ្មីបន្ថែមទៀត ដោយ៣នាក់ ជាពលករខ្មែរមកពីប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ១៥នាក់ទៀត បានជាសះស្បើយផងដែរ នៅថ្ងៃទី៧ មិថុនា។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ មានពលរដ្ឋ៤នាក់ ជាអ្នករស់នៅស្រុកស្ទោង, ៣នាក់នៅក្រុងស្ទឹងសែន, ១នាក់នៅស្រុកសន្ទុក,១នាក់នៅស្រុកសណ្តាន់ និង១នាក់ទៀតនៅស្រុកតាំងគោក។ បច្ចុប្បន្ន ខេត្តកំពង់ធំ មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៣២៤នាក់ ក្នុងនោះ១៤៣នាក់ជាសះស្បើយ និងអ្នកជំងឺ ១៨០នាក់ទៀតកំពុងបន្តសម្រាកព្យាបាល។
កោះកុង៖ មាន៣នាក់ ជាពលរដ្ឋស្រុកស្រែអំបិល
 
នៅថ្ងៃទី៧ មិថុនា ខេត្តកោះកុង បានរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសខ្មែរ ៣នាក់ទៀត ដែលរស់នៅក្នុងឃុំបឹងព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com