FIFA
កីឡាជាតិ
ជាតិ
ឡេង ណូរ៉ា បំបែកកំណត់ត្រា សៀង ចន្ធា ជាកីឡាករវ័យក្មេងជាងគេលេងក្នុងក្រុមជម្រើសជាតិ
08, Jun 2021 , 11:42 am        
រូបភាព
រូបថត FFC
រូបថត FFC
ឡេង ណូរ៉ា បានចូលជំនួស សៀង ចន្ធា នៅនាទី៧៦ នាអំឡុងនៃការប្រកួតវគ្គជម្រុះ World Cup ជុំទីពីរពូល C ប្រចាំតំបន់អាស៊ី ដែលកម្ពុជាចាញ់អ៊ីរ៉ាក់ ៤-១។ ក្រៅពីជំនួសក្នុងការប្រកួតនេះ ណូរ៉ា ក៏បានជំនួស ចន្ធា ក្នុងនាមជាកីឡាករវ័យក្មេងជាងគេដែលបានចូលលេងឲ្យក្រុមជម្រើសជាតិកម្ពុជាផងដែរ។



អត្ថបទទាក់ទង


ណូរ៉ា កូនកាត់ខ្មែរ-ហ្គាណា កើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៤ ហើយមានឱកាសបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិលើកដំបូង នាការប្រកួតកាលពីថ្ងៃទី៧ ខែមិថុនា ២០២១។ វត្តមានជំនួស ចន្ធា នៅប្រមាណ១៥នាទីចុងក្រោយ មានន័យថា ខ្សែបម្រើក្លិបខេត្តព្រៃវែងរូបនេះ មានវត្តមានក្នុងការប្រកួតឈុតធំលើកដំបូងក្នុងអាយុ១៦ឆ្នាំ ៨ខែ និង១៩ថ្ងៃ។



សៀង ចន្ធា បច្ចុប្បន្នឈានដល់វ័យ១៨ឆ្នាំ។ ខ្សែប្រយុទ្ធនៃក្លិបបឹងកេតរូបនេះ កើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០២ ហើយចូលឲ្យក្រុមជម្រើសជាតិលើកដំបូងនាការប្រកួតវគ្គជម្រុះបឋម World Cup នាពេលកម្ពុជាឈ្នះប៉ាគីស្ថាន ២-០ នៅជើងទីមួយ។ ការប្រកួតនៅរាជធានីភ្នំពេញនាពេលនោះ ប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ខណៈ ចន្ធា មានអាយុ១៦ឆ្នាំ ៨ខែ និង២៨ថ្ងៃ។

កាលណោះ ចន្ធាបានចូលជំនួស សេត រ៉ស៊ីបនៅនាទី៧៥ ហើយ៦នាទីក្រោយមក គេបានស៊ុតបញ្ចូលទីដំបូងបំផុតឲ្យជម្រើសជាតិផងដែរ។ គ្រាប់បាល់នេះ បានធ្វើឲ្យ ចន្ធាក្លាយជាកីឡាករវ័យក្មេងជាងគេដែលរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមជម្រើស មុនពេលដែលកីឡាករមានអាយុច្រើនជាងគេ គួច សុគម្ភៈ បន្ថែមគ្រាប់ទីពីរនាំជ័យជម្នះ ២-០ លើប៉ាគីស្ថាន។

ទោះបីជាយ៉ាងណាក៏ដោយ ចន្ធា នៅតែរក្សាកំណត់ត្រាជាកីឡាករវ័យក្មេងជាងគេដែលរកបានគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិ ដោយបានបំបែកកំណត់ត្រា កែវ សុខង៉ន។ លោក កែវ សុខង៉ន បច្ចុប្បន្នជាអ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន ក្លាយជាកីឡាករវ័យក្មេងជាងគេដែលរកគ្រាប់បាលបញ្ចូលទីឲ្យក្រុមជម្រើសជាតិក្នុងអាយុ១៦ឆ្នាំ ១១ខែ និង២៩ថ្ងៃ ពេលកម្ពុជាឈ្នះម៉ាកាវ ២-១ ក្នុងពូល A នៃវគ្គជម្រុះពានរង្វាន់ AFC Challenge Cup 2009 នៅបង់ក្លាដែស។

ក្រៅពី ណូរ៉ា ដែលមានឱកាសបង្ហាញខ្លួនជាលើកដំបូងសម្រាប់ការប្រកួតនៅលើទឹកដីបារ៉ែន លោក Keisuke Honda និងលោក Ryu Hirose ដែលជាគ្រូបង្វឹក បានផ្តល់ឱកាសដល់ វុធ តុលា, ស រតនា និងម៉ាត់ ណូរ៉ូន ផងដែរ ពេលកម្ពុជាចាញ់ម្ចាស់ផ្ទះ ៨-០។ រីឯ លឹម ពិសុទ្ធ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យនាការប្រកួត៩០នាទីពេញលើកដំបូង ខណៈកម្ពុជាចាញ់អ៊ីរ៉ាក់ ៤-១៕



© រក្សាសិទ្ធិដោយ thmeythmey.com