រុស្ស៊ី ខឹងអ៊ុយក្រែនបញ្ចូលផែនទីគ្រីមៀក្នុងឈុតជម្រើសជាតិនៅ Euro 2020
កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី ខឹងអ៊ុយក្រែនបញ្ចូលផែនទីគ្រីមៀក្នុងឈុតជម្រើសជាតិនៅ Euro 2020
08, Jun 2021 , 12:29 pm        
រូបភាព
ឈុតសម្លៀកបំពាក់ថ្មីរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ុយក្រែនសម្រាប់Euro 2020 មានបង្កប់ទឹកដីគ្រីមៀ ដែលត្រូវបានបញ្ចូលទៅក្នុងទឹកដីរុស្ស៊ី។ ក្រុងមូស្គូបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើរបស់អ៊ុយក្រែន។


 
អ៊ុយក្រែនបានបង្ហាញឈុតជម្រើសជាតិថ្មីរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2020 ដែលបញ្ចូលផែនទីព្រំដែននៃឧបទ្វីគ្រីមៀនៅផ្ទៃខាងមុខ រួមជាមួយពាក្យស្លោក «សិរីសួស្តីដល់អ៊ុយក្រែន» នៅកអាវ។ សមាជិកសភារុស្ស៊ីម្នាក់បានហៅទង្វើរបស់អ៊ុយក្រែនថាជាការបង្កឱ្យមានកំដៅនយោបាយ។
 
រុស្ស៊ីបានក្រសោបយកទឹកដីឧបទ្វីបគ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។ បើតាមការផ្សាយរបស់កាសែត BBC ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានយល់ព្រមឱ្យអ៊ុយក្រែនប្រើប្រាស់ឈុតសម្លៀកបំពាក់នេះនៅ Euro 2020 រួចហើយ។ 
 
លោក Andriy Pavelko ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ុយក្រែន (UFA) បានបង្ហាញឈុតសម្លៀកបំពាក់ថ្មី រួមជាមួយសម្ភាររបស់ក្រុមអ៊ុយក្រែនផ្សេងទៀតនៅក្នុងវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ ខែមិថុនា ដើម្បីត្រៀមប្រើក្នុងការប្រកួតអឺរ៉ុប។
 
លោក Pavelko អះអាងថា រូបភាពផែនទីស្រមោលរបស់អ៊ុយក្រែននឹងផ្តល់កម្លាំងដល់កីឡាករពីព្រោះពួកគេនឹងប្រយុទ្ធសម្រាប់អ៊ុយក្រែនទាំងអស់។ 
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានរិះគន់ចំពោះឈុតជម្រើសជាតិរបស់អ៊ុយក្រែននេះ។ លោកស្រីលើកឡើងថា ក្រុមបាល់ទាត់អ៊ុយក្រែនបាន ភ្ជាប់ទឹកដីអ៊ុយក្រែនទៅតំបន់គ្រីមៀរបស់រុស្ស៊ី ដោយមានចេតនាបំភាន់ដែលមិនអាចទៅរួច។
 
ចំណែកសមាជិកសភារុស្ស៊ីលោក Dmitry Svishchev ចាត់ទុកទង្វើរបស់អ៊ុយក្រែន ជារឿងមិនសមរម្យ និងជំរុញឱ្យ UEFA ចាត់វិធានការ និងពិនិត្យលើកឈុតសម្លៀកបំពាក់ក្រុមអ៊ុយក្រែនឡើងវិញ៕
 

Tag:
 ឧបទ្វីគ្រីមៀ
  រុស្ស៊ី
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com