កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ វៀតណាមរក្សាភាពមិនចាញ់៦ប្រកួត មានភាគរយខ្ពស់ទៅជុំបន្ត
08, Jun 2021 , 8:59 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម មានឱកាសខ្ពស់ក្នុងការឈានទៅវគ្គបន្ត ក្រោយបន្តឈ្នះឥណ្ឌូណេស៊ី ៤-០ នាជំនួបលើកទីពីរពូល G នៃវគ្គជម្រុះ World Cup ជុំទីពីរប្រចាំតំបន់អាស៊ី។ វៀតណាម ឈរលេខ១ក្នុងពូល ដោយរក្សាភាពមិនចាញ់សោះចំណោមការប្រកួតទាំង៦លើក។



ក្រោយការប្រកួត៦លើក ឈ្នះ៤ និងស្មើ២ វៀតណាមក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូងលោក Hang-Seo Park ស្ថិតនៅចំណាត់ថ្នាក់ទី១ពូល G បណ្តោះអាសន្ន ដោយរកបាន១៤ពិន្ទុ នាំមុខគូប្រជែងអេមីរ៉ាតអារ៉ាប់រួមដែលឈ្នះថៃក្នុងលទ្ធផល ៣-១ ចំនួន២ពិន្ទុ។ 
 
ក្រុមរហស្សនាមនាគមាស ដែលបង្ហាញភាពខ្លាំងរបស់ខ្លួនតាមរយៈការរក្សាភាពមិនចាញ់សោះក្រោយឈ្នះឥណ្ឌូណេស៊ី ៤-០ មានភាគរយកាន់ខ្ពស់ក្នុងការឆ្លងផុតទៅកាន់វគ្គជម្រុះជុំទី៣បន្តទៀត ដើម្បីឆ្ពោះទៅ World Cup ឆ្នាំ២០២២ នៅកាតា។
 
ពីរប្រកួតចុងក្រោយរបស់វៀតណាមនៅពូល G ត្រូវប៉ះម៉ាឡេស៊ីនៅយប់ថ្ងៃទី១១ ខែមិថុនា និងជួយគូប្រជែងដ៏រឹងមាំអេមីរ៉ាតអារ៉ាប់រួមនៅ៤ថ្ងៃបន្ទាប់។
 
ដោយឡែក ថៃដែលស្ទើរតែអស់ឱកាសដើម្បីប្រជែងយកលេខ២ក្នុងពូលក្រោយចាញ់អេមីរ៉ាតអារ៉ាប់រួម ៣-១ រកបាន៩ពិន្ទុ ពីការប្រកួត៧លើក ខណៈឥណ្ឌូណេស៊ីហាលអាវទៅហើយសម្រាប់យុទ្ធនាការជម្រុះ World Cup។ ឥណ្ឌូណេស៊ី រកបានតែ១ពិន្ទុប៉ុណ្ណោះនៅបាតតារាងពូល G ត្រូវធ្លាក់ទៅលេងវគ្គ Play-Off ពានរង្វាន់ AFC Asian Cup។ ម៉ាឡេស៊ីដែលប្រកួត៦លើក ស្ថិតនៅចំណាត់ថ្នាក់ទី៤ ដោយរកបាន៩ពិន្ទុ នៅសល់ឱកាសប្រជែងកៅអីទៅជុំបន្ត ឬលេខ២ល្អបំផុតជាមួយវៀតណាម និងអេមីរ៉ាតអារ៉ាប់រួម៕
 

Tag:
 World Cup
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com