ជាតិ
​​​ន​យោ​បាយ​ជាតិ​
វៀតណាម សុំឲ្យកម្ពុជា ជួយធានាផលប្រយោជន៍និងសុខុមាលភាព ដល់ពលរដ្ឋដើមកំណើតវៀតណាម
08, Jun 2021 , 9:29 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន (ស្តាំដៃ) និង លោក បួយ ថាញ់សឺន នៅទីក្រុងឆុងឈីង ប្រទេសចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ រូបពីក្រសួងការបរទេសកម្ពុជា
ជំនួបរវាងលោក ប្រាក់ សុខុន (ស្តាំដៃ) និង លោក បួយ ថាញ់សឺន នៅទីក្រុងឆុងឈីង ប្រទេសចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ រូបពីក្រសួងការបរទេសកម្ពុជា
ដោយ: ថ្មីៗ
ភាគីវៀតណាម បានស្នើមកដល់ភាគីកម្ពុជា ឲ្យបន្តជួយដោះស្រាយពីភាពស្របច្បាប់ជូនពលរដ្ឋដើមកំណើតវៀតណាម រួមទាំងជួយធានាពីផលប្រយោជន៍ និងសុខុមាលភាពដល់ពលរដ្ឋដើមកំណើតវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ សំណើនេះ ធ្វើឡើងក្នុងជំនួបទល់មុខលើកដំបូងរវាងលោក បួយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្រ្តីការបរទេសថ្មីរបស់វៀតណាម និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅទីក្រុងឆុងឈីង ប្រទេសចិន កាលពី៧ ខែមិថុនា ឆ្នាំ២០២១។



លោក បួយ ថាញ់សឺន និង លោក ប្រាក់ សុខុន ទៅចិន ដើម្បីចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ហើយលោកទាំងពីរ ក៏ឆ្លៀតជួបពិភាក្សាគ្នាដាច់ដោយឡែក។ សារព័ត៌មាន Vietnam Plus របស់វៀតណាម ចុះផ្សាយដូច្នេះថា៖«ក្នុងអំឡុងជំនួបទ្វេភាគីនោះ លោករដ្ឋមន្រ្តីសឺន បានស្នើឲ្យកម្ពុជា បន្តដោះស្រាយពីភាពស្របច្បាប់ជូនពលរដ្ឋដើមកំណើតវៀតណាម។ លោក ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជា ធានាពីផលប្រយោជន៍និងសុខុមាលភាពដល់ពលរដ្ឋដើមកំណើតវៀតណាមផងដែរ ក្នុងដំណាក់កាល ដែលកម្ពុជា កំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច»។ 
 
លោក ប្រាក់ សុខុន ឆ្លើយតបទៅលោក បួយ ថាញ់សឺន ថា រដ្ឋាភិបាលកម្ពុជា នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអនុគ្រោះ សម្រាប់សិស្ស-និស្សិតវៀតណាម ការធ្វើពាណិជ្ជកម្មរបស់វៀតណាម និង ពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា។ នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាមដដែល។ សារព័ត៌មាននេះ ស្រង់សម្តីរបស់លោក ប្រាក់ សុខុន ដូច្នេះថា៖«[រដ្ឋមន្រ្តីការបរទេសកម្ពុជា] គាត់ សង្ឃឹមថា ឆាប់ៗនេះ ប្រជាជននៃប្រទេសទាំងពីរ នឹងបន្តធ្វើទេសចរណ៍ទៅវិញទៅមកឡើងវិញ ពេលណា ជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង»។ 
 
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងការបរទេសកម្ពុជា ផ្សាយថា រដ្ឋមន្រ្តីការបរទេសកម្ពុជា-វៀតណាម បានប្តេជ្ញាចិត្តជាថ្មី ដើម្បីធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនង និងដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ 

ចំណែក លោក ប្រាក់ សុខុន បានសរសេរលើទំព័រហ្វេសប៊ុក ជុំវិញជំនួបរវាងលោក និងលោក បួយ ថាញ់សឺន ថា៖«យើងមានសេចក្តីសោមនស្សរីករាយជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ ដែលរួមចំណែកដល់ការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»៕ 

Tag:
 កម្ពុជា-វៀតណាម
  ប្រាក់ សុខុន
  បួយ តិញសឺន
© រក្សាសិទ្ធិដោយ thmeythmey.com