ជាតិ
សង្គមជាតិ
ដំណក់​ប្រេង​លើកដំបូង ត្រូវបាន​យកទៅ​តម្កល់ទុក​នៅ​វិមាន​ឈ្នះ​-​ឈ្នះ
09, Jun 2021 , 9:38 am        
រូបភាព
ដំណក់​ប្រេង​លើកដំបូងនៅកម្ពុជា ដែលក្រុមហ៊ុនKris Energy ​បាន​ផលិត​ចេញ​នោះ ត្រូវបាន​យកទៅ​តម្កល់ទុក​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ហើយ នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា​ ២០២១
ដំណក់​ប្រេង​លើកដំបូងនៅកម្ពុជា ដែលក្រុមហ៊ុនKris Energy ​បាន​ផលិត​ចេញ​នោះ ត្រូវបាន​យកទៅ​តម្កល់ទុក​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ហើយ នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា​ ២០២១
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក​! ដំណក់​ប្រេង​លើកដំបូងនៅកម្ពុជា ដែល​ក្រុមហ៊ុន Kris Energy ​បាន​ផលិត​ចេញ​នោះ ត្រូវបាន​យកទៅ​តម្កល់ទុក​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ហើយ នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា​នេះ​។ ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​​ បាន​ផលិត​ចេញ នៅ​ថ្ងៃទី​២៩ ធ្នូ ២០២០ ក្រោយ​ចំណាយ​ពេលវេលា​រុករក និង​បច្ចេកទេស​ផលិត​អស់​១៨​ឆ្នាំ​មកនេះ​។​



ដំណក់​ប្រេង​លើកដំបូង​នេះ គឺ​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ​ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា ដែលមាន​ចម្ងាយ​ប្រមាណ ១៦០​គីឡូម៉ែត្រ ពី​ក្រុងព្រះសីហនុ ។ ចំណែក​តំបន់​២​ទៀត ដែល​ស្ថិតនៅ​គម្រោង​បូម​ប្រេង​បន្ទាប់ រួមមាន តំបន់​ប៉ូ​លូ​វៃ​និង​បាសិត ស្ថិតនៅក្នុង​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ គឺ​តំបន់​អង្គារ​សិល្ប៍ ។ ទីតាំង​ទាំងអស់នេះ គឺ​ស្ថិតនៅក្នុង​គម្រោង​ប្លុក​A ដូចគ្នា ។​
 
​ចំពោះ​ប្លុក​A នេះ គឺ​កម្ពុជា​អាច​ទទួលបាន​ប្រេង​៣០​លាន​បារ៉ែល​(១​បារ៉ែល ស្មើ​១៥៦​លីត្រ​) ។ នេះ​បើតាម​លោក ជៀប សួរ អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល ដែលធ្លាប់​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បរិមាណ​ប្រេង​ឆៅ​របស់​កម្ពុជា ជា​លើកដំបូង ចន្លោះ​ពី​២៧​ម៉ឺន ទៅ​៣០​ម៉ឺន​បា​រែ​ល នឹង​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ ដោយ​ក្រុមហ៊ុន KrisEnergy នា​ចុងខែ​ឧសភា ឆ្នាំ​២០២១​។​


 
​ក្រៅពី​នៅ​ដែនសមុទ្រ​កម្ពុជា​នេះ ក៏មាន​ទីតាំង​ប្រេងកាត នៅ​៤​តំបន់​ទៀត ក្នុង​ដែនសមុទ្រ​ដែរ ប៉ុន្តែ​ទីតាំង​ទាំងនោះ វា​ស្ថិតនៅ​តំបន់​ត្រួតស៊ីគ្នា​ជាមួយ​ភាគី​ថៃ​។ ភាគី​កម្ពុជា កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ លើ​បញ្ហា​នេះ ដើម្បី​អាចមាន​លទ្ធភាព​អភិវឌ្ឍ និង​ផលិត​ប្រេងកាត​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​នាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល​។​
 
​មិនមែន​តែ​ដែនទឹក​ទេ ក្នុង​ដែន​គោក​វិញ ក៏មាន​តំបន់​ប្រេង​ដែរ​។ លោក ជៀប សួរ បាន​បញ្ជាក់ថា ប្រេង​នៅ​ដែន​គោក មាន​ចំនួន​១៩​ប្លុក​ទៀត ដែល​ត្រូវការ​ក្រុមហ៊ុន​សហការ​វិនិយោគ​។ «​នៅលើ​ដែន​គោក​យើង​បាន​បែង​ចែកជា​១៩​ប្លុក ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រក​ធនធាន​ប្រេងកាត​នេះ ហើយ​ក្នុងនោះ​មាន​ប្លុក​(​ទី​)៨ មួយ​ដែលមាន​ការចាប់អារម្មណ៍​ពី​ក្រុមហ៊ុន​ប្រទេស​កាណាដា ហើយ​គាត់​កំពុងតែ​ចរចា​កិច្ចព្រមព្រៀង​ប្រេងកាត​ជាមួយ​គណៈកម្មការ​អន្តរក្រសួង​យើង​។ ប៉ុន្តែ​ការចរចា​នេះ មានការ​រអាករអួល​ខ្លះ​ដែរ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ នេះ​។ ហើយ​១៨​ប្លុក​ទៀត​នៅលើ​ដែន​គោក​នេះ ក៏​នៅ​ទំនេរ​ដែរ ហើយ​យើង​ក៏​រង់ចាំ​ការចាប់អារម្មណ៍​ពី​អ្នកវិនិយោគ​ប្រេងកាត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជៀប សួរ ដែល​មិនអាច​បញ្ជាក់​លម្អិត​ពី​ទីតាំង​ភូមិសាស្ត្រ និង​បរិមាណ​ប្រេងកាត​សរុប​នៅតាម​ប្លុក​នានា​ឡើយ ។​
  

​គួរ​បញ្ជាក់ថា ដំបូង​ឡើយ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ប្រេងកាត​ដំបូង​នៅ​ឆ្នាំ ២០០២ ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន មាន​ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ ដឹកនាំ​ដោយ​ក្រុមហ៊ុន Chevron របស់​អាមេរិក​។ 
 
​ក្រោយ​ដំណើរការ​រុករក​ជម្រក​ប្រេង អស់​៨​ឆ្នាំ ក្រុមហ៊ុន​Chevron បានប្រកាស​រកឃើញ​ជ​ម្រ​ក​រ៉ែ​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម ជា​លើកដំបូង​របស់​កម្ពុជា និង​បាន​កសាង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច នៅ​ឆ្នាំ ២០១០ ដើម្បី​ឈានទៅ​អនុវត្ត​ផែនការ​ការងារ​នៅ​ខែធ្នូ ឆ្នាំ​២០១២​។ ប៉ុន្តែ​ដោយ​ការពិនិត្យ​លក្ខណៈ​បែងចែក​ផល​សេដ្ឋកិច្ច និង​ស​ង្គ​ត​ភាព​ច្បាប់​ពាក់ព័ន្ធ​និង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​នៅពេលនោះ បាន​តម្រូវ​ឲ្យ​កម្ពុជា និង​ក្រុមហ៊ុន Chevron ត្រូវ​ចរចារ​កែសម្រួល​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​ខ្លះ​ឡើងវិញ ដើម្បី​ស្រប​បទ​ប្បញ្ញត្តិ​ច្បាប់​កម្ពុជា​ផង និង​មាន​សមធម៌​កាន់តែ​ប្រសើរ​។ ដោយសារ​ការកែសម្រួល​លក្ខខណ្ឌ និង​រៀបចំ​ច្បាប់​ផែនការ​អភិវឌ្ឍ​នេះហើយ ទើប​ធ្វើ​ឲ្យ​ដំណើរ​ការផលិត​ប្រេង​នៅ​ឆ្នាំ​២០១២ រាំងស្ទះ ហើយ​មិនអាច​អនុវត្តបាន​។​
 
​តាមរយៈ​ការចរចារ​ដ៏​តឹងតែង​នេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និង​ក្រុមហ៊ុន Mocco Cambodia Co., Ltd. បាន​ស្នើសុំ​ដកខ្លួន​ចេញ​បន្តបន្ទាប់​គ្នា​នៅ​ឆ្នាំ ២០១៤ និង​២០១៦​។ ការចរចារ​ត្រូវបាន​បន្ត​អូសបន្លាយ​ពេល​តាំងពី​ឆ្នាំ ២០១០ រហូតដល់​ថ្ងៃទី​២៣ ខែសីហា​ឆ្នាំ ២០១៧ ទើប​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ថ្មី និង​គម្រោង​ផែនការ​អភិវឌ្ឍ និង​អាជីវកម្ម​អណ្តូងប្រេង​ថ្មី ដែល​បើកផ្លូវ​ឲ្យ​ដំណើរការ​សាងសង់​ផ្លាត​ហ្វ​ម​អណ្តូងប្រេង​បច្ចុប្បន្ននេះ​៕
 






Tag:
 ​ប្រេង​
  KrisEnergy
© រក្សាសិទ្ធិដោយ thmeythmey.com