អាជ្ញាធរខណ្ឌច្បារអំពៅ នឹងចុះរុះរើបែត្រី និងសំណង់មិនរៀបរយពីទន្លេ នៅថ្ងៃទី១០មិថុនា
ជាតិ
សង្គមជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ នឹងចុះរុះរើបែត្រី និងសំណង់មិនរៀបរយពីទន្លេ នៅថ្ងៃទី១០មិថុនា
09, Jun 2021 , 11:59 am        
រូបភាព
អាជ្ញាធរខណ្ឌច្បារអំពៅ នឹងចុះរុះរើឬចល័តផ្ទះទឹក និងបែចិញ្ចឹមត្រីនៅតាមដងទន្លេ នៅថ្ងៃទី១០មិថុនា។ នេះជាការអះអាងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដោយបានបញ្ជាក់ថា ការចុះរុះរើនេះ ធ្វើឡើងបន្ទាប់ពីឱសានវាទនៃការរុះរើឬចល័តផ្ទះទឹក និងបែចិញ្ចឹមត្រីនៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានបញ្ចប់នៅត្រឹមថ្ងៃទី៩មិថុនា  ឆ្នាំ២០២១។

 
 
៩មិថុនានេះ ជាថ្ងៃចុងក្រោយនៃការផុតកំណត់ទុកពេលឱ្យពលរដ្ឋរស់នៅលើផ្ទៃទឹកទាំងនោះ រុះរើបែត្រី និងសំណង់មិនរៀបចេញ ដោយខ្លួនឯង។ ចាប់ពីថ្ងៃទី១០មិថុនា ឆ្នាំ២០២១ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ នឹងចុះរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយ ដែលពលរដ្ឋមិនព្រមរុះរើសចេញ។ លោក ចេង មុនីរ៉ា មានប្រសាសន៍ដូច្នេះ។
 
អភិបាលខណ្ឌច្បារអំពៅរូបនេះ បន្តប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា៖«មានបែត្រី និងសំណង់មិនរៀបរយ នៅលើផ្ទៃទឹកក្នុងខណ្ឌច្បារអំពៅយើង ជាង២០០កន្លែង។ ប៉ុន្តែ ក្រោយយើងចុះណែនាំដល់ពួកគាត់ទាំងនោះ ឱ្យរុះរើសំណង់ទាំងនោះចេញ ក៏មានពលរដ្ឋមួយចំនួនស្ម័គ្រចិត្តរុះរើ និងមួយចំនួនទៀតមិនព្រមរើចេញ។  បែត្រី និងសំណង់មិនរៀបរយណា ដែលមិនទាន់ត្រូវបានគេរើចេញទេនោះ ក្រុមការងារយើងនឹងចុះរុះរើនៅថ្ងៃស្អែក»។ 
 
កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិ ខិតជូនដំណឹង ដល់អ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ ឱ្យរុះរើចេញជាបន្ទាន់ ត្រឹមថ្ងៃទី៩មិថុនា។ លោក បានបញ្ជាក់ថា ក្នុងករណីបើនរណារឹងរូស មិនព្រមរុះរើផ្ទះបណ្ដែតទឹក, ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក និងបែចិញ្ចឹមត្រី អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមច្បាប់។ ប្រជាពលរដ្ឋដែលមានបែរចិញ្ចឹមត្រី និងសំណង់មិនរៀបរយ នៅតាមទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ភាគច្រើនជាជនជាតិខ្មែរឥស្លាម និងពលរដ្ឋមានដើមកំណើតរៀតណាម។  
 
ការដាក់កំហិតក្នុងរយៈពេលខ្លីរបស់អាជ្ញាធររាជធានីភ្នំពេញនេះ បានធ្វើឱ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក វូ ក្វាងមិញ (Vu Quang Minh) មានការមិនពេញចិត្តជាខ្លាំង។ ឯកអគ្គរដ្ឋទូតវៀតណាមរូបនេះ បានលើកឡើងថា ការសម្រេចចិត្តភ្លាមៗ របស់អាជ្ញាធររាជធានីភ្នំពេញនេះ គឺធ្វើឱ្យស្ថានភាពរស់នៅ របស់ប្រជាជនដែលមានផ្ទះបណ្តែតទឹក មានការលំបាកយ៉ាងខ្លាំង ជាពិសេសនៅក្នុងបរិបទកូវីដ-១៩។
 
តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក វូ ក្វាងមិញ បានរៀបរាប់ថា ពលរដ្ឋដែលរស់នៅលើផ្ទៃទឹក តាមដងទន្លេនៅទីក្រុងភ្នំពេញ គឺជាគ្រួសារក្រីក្រ ដែលមានទាំងជនជាតិខ្មែរឥស្លាម ហើយមានប្រហែល១ពាន់គ្រួសារ ជាអ្នកមានដើមកំណើតវៀតណាម។ លោក បានអះអាងបន្ថែម នៅលើគណនីហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី៤មិថុនា ដូច្នេះ៖« ប្រជាជនទាំងនោះបានរស់នៅទីនេះ អស់ជាច្រើនជំនាន់ជាង៤០ឆ្នាំមកហើយ និងមានបណ្ណស្នាក់នៅស្របច្បាប់ផងដែរ»។ 
 
ពាក់ព័ន្ធនឹងការលើកឡើងរបស់ទូតវៀតណាមនេះ សារព័ត៌មាន ThmeyThmey មិនអាចសុំការបញ្ជាក់បន្ថែម ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឡើយ ដោយទូរសព្ទហៅចូល តែមិនទទួល៕ 
 
 
 

Tag:
 សំណង់មិនរៀបរយ
  ខណ្ឌច្បារអំពៅ
© រក្សាសិទ្ធិដោយ thmeythmey.com