អ្នកគាំទ្រដែលចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន Wembley នាព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ក្រៅតែពីសំបុត្រ ពួកគេតម្រូវឱ្យបង្ហាញប័នបញ្ជាក់ពីការចាក់វ៉ាក់សាំង ឬធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ជាមុនសិន។
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) អះអាងថាអ្នកគាំទ្រនៅអង់គ្លេសដែលមានអាយុចាប់ពី១១ឆ្នាំឡើងទៅត្រូវបង្ហាញភស្តុតាងចាក់វ៉ាក់សាំងទាំងពីរដូស នៅមុនបើកការប្រកួតឱ្យបានមុន១៤ថ្ងៃ។
អ្នកដែលមិនបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ត្រូវតែបង្ហាញលិខិតបញ្ជាក់ពីការធ្វើតេស្តដោយលទ្ធផលអវិជ្ជមាន ដែលធ្វើឡើងក្នុងរយៈពេល ៤៨ ម៉ោងមុនអនុញ្ញតឱ្យចូលកីឡដ្ឋាន។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ត្រូវប្រកួតបើកឆាកពូល D ជាមួយក្រូអាស៊ីនៅកីឡដ្ឋាន Wembley នាថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ៨:០០នាទីយប់ [ម៉ោងនៅកម្ពុជា]។
Wembley នឹងទទួលអ្នកគាំទ្រច្រើនបំផុត ២២៥០០ នាក់ ដែលស្មើនឹង ២៥% នៃសមត្ថភាពផ្ទុកសរុប ហើយកីឡដ្ឋានដ៏ធំរបស់អង់គ្លេសមួយនេះ ត្រូវដឹកនាំការប្រកួតសំខាន់ៗសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ Euro 2020។
យ៉ាងណាក៏ដោយ អ្នកកាន់សំបុត្រសម្រាប់ការប្រកួតដែលធ្វើឡើងទីលាន Hampden Park នឹងមិនតម្រូវឱ្យបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង ឬការធ្វើតេស្ត COVID-19 អវិជ្ជមាននោះទេ។
UEFA លើកឡើងថា ការអនុវត្តិវិធីសាស្ត្រខាងលើ ជាការធ្វើឱ្យមានភាពប្រាកដប្រជាសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីផ្តល់ការប្រកួតប្រកបដោយសុវត្ថិភាព។ «យើងបានធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ និងអាជ្ញាធរសុខាភិបាលដើម្បីធានាឱ្យបាននូវវិធានការណ៍នានា និងផ្តល់សុខភាពសាធារណៈដល់ប្រទេសម្ចាស់ផ្ទះ»។
កីឡដ្ឋាន Wembley និង Hampden Park ស្ថិតក្នុងចំណោមទីលានសរុបទាំង ១១ នៅទូទាំងទ្វីបអ៊ឺរ៉ុបដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro ២០២០។
ក្រុមទាំង២៤ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2020៖
ពូល A៖ តួកគី អ៊ីតាលី វែល និងស្វ៊ីស
ពូល B៖ ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី
ពូល C៖ ហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង
ពូល D៖ អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងឆែក
ពួល E៖ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវេនី
ពូល F៖ ហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់៕