កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករអេស៉្បាញឆ្លងកូវីដ-១៩ បន្តបន្ទាប់ ដែលប៉ះពាល់ការប្រកួតនៅ Euro 2020
09, Jun 2021 , 1:39 pm        
រូបភាព
Diego Llorente ជាកីឡាករអេស្ប៉ាញទីពីរបន្ទាប់ពីប្រធានក្រុម Sergio Busquets ដែលតេស្តចេញលទ្ធផលវិជ្ញមានកូវីដ-១៩។ លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ប្រកាសនៅថ្ងៃទី៨ ខែមិថុនា ថាសមាជិកក្រុមអេស្ប៉ាញទំនងជាមានករណីឆ្លងច្រើនទៀត ដែលប៉ះពាល់ដល់ការប្រកួត Euro 2020។


សមាជិកក្រុម និងបុគ្គលិក គ្រូបង្វឹក របស់ក្រុមជម្រើសជាតិអេស្ប៉ាញ សុទ្ធតែត្រូវដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពី Busquets ខែបម្រើ Barcelona តេស្តវិជ្ជមានកូវីដ-១៩ ក្រោយការប្រកួតមិត្តភាពទល់នឹងព័រទុយហ្កាល់កាលពីថ្ងៃទី៦ ខែមិថុនា។ ២ថ្ងៃបន្ទាប់ Llorente ខ្សែការពារ Leeds United ក៏ត្រូវបានប្រកាសថាឆ្លងជំងឺរាតត្បាតនេះដែរ។
 
ក្រោយមានកីឡាករឆ្លងកូវីដ-១៩ គ្រូបង្វឹកអេស្ប៉ាញលោក Luis Enrique បានកោះហៅកីឡាករចំនួន៦រូបបន្ថែមទៅហ្វឹកហាត់ដែលរួមមានអ្នកចាំទី Kepa Arrizabalaga, Raul Albiol, Carlos Soler, Brais Mendez, Pablo Fornals និង Rodrigo Moreno។ ចំណោមពួកគេនឹងត្រូវសម្រេចយកខ្លះដើម្បីទៅប្រជែងពានអឺរ៉ុប។
 
លើសពីនេះ RFEF ក៏បានអះអាងដែរថា កីឡាករអាយុក្រោម២១ឆ្នាំរបស់អេស្ប៉ាញដែលទើបយកឈ្នះលីទុយអានី ៤-០ ក្នុងការប្រកួតមិត្តភាពកន្លងទៅ អាចនឹងបញ្ចូលក្នុងក្រុមឈុតធំ ប្រសិនបើមានអ្នកឆ្លងជាបន្តបន្ទាប់ទៀត។
 
Rubiales បារម្ភយ៉ាងខ្លាំងសម្រាប់សមាសភាពក្រុមអេស្ប៉ាញ ខណៈលោកជឿជាក់ថានឹងមានកីឡាករ ឬបុគ្គលិកនឹងតេស្តវិជ្ញមានជំងឺរាតត្បាតនេះមិនខាន ខណៈក្រុមនឹងត្រូវប៉ះស៊ុយអែតក្នុងការប្រកួតបើកឆាកពូល E នៅរាត្រីថ្ងៃទី១៥ ខែមិថុនា៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com