ជាតិ
រោងចក្រថ្នាំពេទ្យចិននៅបាត់ដំបង នឹងត្រូវបិទទ្វារ បើរកឃើញកំហុសធ្ងន់ លើករណីធ្លាយសំណល់រាវចូលស្ទឹង
09, Jun 2021 , 3:19 pm        
រូបភាព
ពលរដ្ឋនៅស្រុករតនមណ្ឌល បានរាយការណ៍អាជ្ញាធរ ក្រោយឃើញត្រីងាប់ក្នុងស្ទឹងថ្វាកបន្ទាប់ពីមានការលេចធ្លាយសំណល់រាវពីរោងចក្រចិន។ (រូបថតពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលស្រុករតនមណ្ឌល)
ពលរដ្ឋនៅស្រុករតនមណ្ឌល បានរាយការណ៍អាជ្ញាធរ ក្រោយឃើញត្រីងាប់ក្នុងស្ទឹងថ្វាកបន្ទាប់ពីមានការលេចធ្លាយសំណល់រាវពីរោងចក្រចិន។ (រូបថតពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលស្រុករតនមណ្ឌល)
ភ្នំពេញ៖ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងអះអាងថា រោងចក្រផលិតថ្នាំពេទ្យចិននៅស្រុករតនមណ្ឌល ប្រឈមនឹងបិទដំណើរការ ប្រសិនក្រុមជំនាញពិនិត្យឃើញមានកំហុសកាន់តែធ្ងន់ ជុំវិញករណីលេចធ្លាយកាកសំណល់ចូលស្ទឹង។ ជាមួយគ្នាដែរ ពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងក្នុងខេត្តបាត់ដំបង បានបង្ហាញការព្រួយបារម្ភជាថ្មី ខណៈពេលឃើញទឹកស្ទឹងសង្កែប្រែពណ៌ក្រហម។


 
ពលរដ្ឋក្នុងខេត្តបាត់ដំបងបានបង្ហាញការព្រួយបារម្ភលើបណ្ដាញសង្គមថា ទឹកស្ទឹងសង្កែបានប្រែពណ៌ក្រហមខ្លាំងខណៈទឹកស្អាតចេញពីរដ្ឋាករទឹក ក៏មានប្រែពណ៌បន្តិចបន្តួតដែរ។ ពួកគេ បារម្ភការប្រើប្រាស់ទឹកប៉ះពាល់ដល់សុខភាព ពិសេសកុមារតូចៗ។ «ទឹកស្ទឹងសង្កែកំពុងប្រែពណ៌ខ្លាំង សូមប្រើប្រាស់ទឹកចម្រោះឬទឹកសុទ្ធមួយរយៈដើម្បីសុខភាព ជាពិសេសគឺកុមារនិងក្មេងតូចៗ។ ចំពោះទឹកស្អាតរដ្ឋនៅប្រើបានធម្មតា គ្រាន់តែឡើងពណ៌បន្តិច»។ នេះបើតាមទំព័រហ្វេសប៊ុកឈ្មោះ បាត់ដំបង-Battambang នៅថ្ងៃទី៨ មិថុនា។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក កត បូរ៉ាន បានបញ្ជាក់ថា ក្រុមការងារបានបង្វែរទឹកស្ទឹងសង្កែ ដែលមានសារធាតុសំណល់រាវចេញរោងចក្រចិននោះ ឲ្យហូរទៅទន្លេហើយ។ យ៉ាងណាក៏ដោយ លោកអះអាងថា ទឹកមិនមានបញ្ហាទេ ដោយសារក្រុមការងារបន្សាបបាន៩០ភាគរយហើយ។ លោកថ្លែងដូច្នេះ៖ «យើងជំរុញទឹកនៅសេសសល់ដែលមានសារធាតុលេចធ្លាយកាលថ្ងៃមុនចូលទន្លេ ទើបមើលទៅឃើញច្រាលមានពណ៌អ៊ីចឹង។ យើងបានបន្សាបវា(ទឹក)អស់៩០ភាគរយហើយ នៅសល់តែពណ៌បន្តិចៗប៉ុណ្ណោះ។ យើងក៏បានពិនិត្យមើលដែរ អត់មានប៉ះពាល់សុខភាពអីទេ»។ 
 
សារធាតុក្នុងទឹកស្ទឹង ដែលក្រុមជំនាញយកទៅពិនិត្យមានសារធាតុគីមីច្រើនមុខ ដែលលើសពីសមត្ថភាពមន្ត្រីជំនាញ។ ដូច្នេះដើម្បីដឹងពីទំហំប៉ះពាល់នៃសារធាតុគីមីក្នុងទឹកឲ្យច្បាស់នោះ គឺត្រូវការអ្នកជំនាញពីក្រៅប្រទេសជួយពិនិត្យលម្អិតថា តើសារធាតុគីមីនោះ មានផលប៉ះពាល់កម្រិតណា ប្រសិនបើទឹកហូរចូលក្នុងស្រែ ចម្ការ រួមទាំងជីវៈចម្រុះក្នុងទឹកផ្សេងៗទៀត។ នេះបើតាមប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង។
 
«កម្រិតនៃការយល់ដឹងយើងនៅមានកម្រិត សារធាតុគីមីហ្នឹង(សារធាតុគីមីដែលមានក្នុងទឹក) យើងទើបបានប្រជុំម្សិលមិញ រវាងការប្រើសារធាតុគីមី ដើម្បីបង្កើតសារធាតុគីមីថ្មីមួយទៀត ដូចជាគាត់(រោងចក្រចិន)ផលិតថ្នាំរក្សាគក៌ ហើយអ្វីក៏ដោយយើងមិនទាន់អាចយល់ទេ[…]យើងកំពុងពិនិត្យមើល ព្រោះមានសារធាតុមួយចំនួនទៀត យើងត្រូវបញ្ចេញទៅលើដើម្បីឲ្យប្រទេសគេផ្សេងៗទៀតជួយ»។  នេះជាការលើកឡើងរបស់ប្រធានមន្ទីរបរិស្ថាន ដោយបន្ថែមថា អាជ្ញាធរនឹងពិន័យលើក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្ទ្រៀល (Phoenix Industrial) តាមទំហំនៃផលប៉ះពាល់និងធ្វើកិច្ចសន្យាព្រមានផ្សេងទៀត។
 
ប៉ុន្តែបើរកឃើញមានកំហុសធ្ងន់ធ្ងរនោះ អាជ្ញាធរនឹងបិទដំណើរការរោងចក្រនេះតែម្ដង។ បើតាមលោក កត បូរ៉ាន ក្រសួងនឹងប្រជុំចាត់វិធានការលើក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្ទ្រៀល នៅថ្ងៃទី១០មិថុនា។ 
 
លោក កត បូរ៉ាន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ប្រហែលមិនអាចមានករណីលើកក្រោយទៀតទេ(ការលេចធ្លាយសំណល់រាវចូលស្ទឹង) នឹងប្រឈមការបិទក្រុមហ៊ុន ហើយឥឡូវក៏កំពុងប្រឈមនឹងការបិទដែរ បើយើងរកទៅឃើញមានកំហុសកាន់តែធ្ងន់ធ្ងរ ដែលយើងមិនអាចឲ្យគាត់បន្តអាជីវកម្មទៀត យើងនឹងបិទតែម្ដង»។ 
ពាក់ព័ន្ធករណីនេះលោក នេត្រា ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន សុំមិនអធិប្បាយទេ ដោយគ្រាន់តែបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកមិនទាន់ទទួលបានព័ត៌មាន ឬរបាយការណ៍ជុំវិញករណីនេះនៅឡើយ។  
 
យ៉ាងណាក៏ដោយ លោក កត បូរ៉ាន អះអាងថា រដ្ឋាករទឹកក្រុងបាត់ដំបងពិនិត្យរាល់ថ្ងៃ គឺស្ថានភាពទឹកមិនបង្កប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ។ បើតាមប្រធានមន្ទីរបរិស្ថានបាត់ដំបងរូបនេះ រោងចក្រផលិតថ្នាំពេទ្យចិន ដែលបានបង្កកំហុសនេះ បានផ្អាកដំណើរបណ្ដោះអាសន្នសិនហើយ ព្រោះត្រូវជួសជុលកន្លែងស្តុកកាកសំណល់រាវឡើងវិញ។ 
 
ក្រុមហ៊ុនដែលលេចធ្លាយកាកសំណល់រាវឧស្សាហកម្មនេះ មានឈ្មោះថា អឺកាង (Er Kang) បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៦។ ប៉ុន្តែក្នុងឆ្នាំ២០២០ ក៏បានសម្រេចប្តូរឈ្មោះរបស់ខ្លួនមកជា ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្ទ្រៀល(Phoenix Industrial) វិញ ដែលស្ថិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕
 
 

Tag:
 បរិស្ថាន
  ទឹក
  ស្ទឹងសង្កែ
© រក្សាសិទ្ធិដោយ thmeythmey.com