អន្តរជាតិ
ចិន ប្រតិកម្មទស្សនកិច្ចសមាជិកព្រឹទ្ធសភាអាមេរិកទៅតៃវ៉ាន់
09, Jun 2021 , 3:59 pm        
រូបភាព
ដោយ៖ ចាន់ ស៊ីណា 

ក្រសួងការពារជាតិចិន នៅថ្ងៃទី៨ មិថុនា បានបង្ហាញការមិនពេញចិត្តនឹងដំណើរទស្សនកិច្ចរយៈពេលខ្លីមួយនៅកោះតៃវ៉ាន់ដោយសមាជិកព្រឹទ្ធសភាអាមេរិក៣នាក់។ ចិនបានអះអាងថា ទស្សនកិច្ចរបស់អ្នកនយោបាយអាមេរិកទាំង៣នាក់ដែលបានជិះយន្តហោះយោធាអាមេរិកមួយគ្រឿង ជាការបង្កហេតុនយោបាយដ៏អាក្រក់របសខ្លួន គ្មានការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់ទៀតផង។

 
សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Tammy Duckworth, លោក Dan Sullivan និងលោក Christopher Coons បានធ្វើទស្សនកិច្ចទៅក្រុងតៃប៉ិអស់រយៈពេលប្រហែល ៣ ម៉ោងកាលពីថ្ងៃទី៦ មិថុនា។ សមាជិកព្រឺទ្ធសភាទាំង ៣ រូបបានជួបសំណេះសំណាលជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងបានប្រកាសផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៧៥០,០០០ ដូសសម្រាប់ដែនកោះមួយនេះ។
 
សមាជិកព្រឹទ្ធសភា បានធ្វើដំណើរតាមយន្តហោះយោធា C-17 Globemaster III។ នេះជារឿងមិនធម្មតាដែលមន្ត្រីអាមេរិកជិះយន្តហោះយោធាជាជាងយន្តហោះឯកជនសម្រាប់មន្រ្តីអាមេរិកជាន់ខ្ពស់។ 
 
ចិន មិនពេញចិត្តនឹងដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិក និងរឹតតែក្ដៅស្លឹកត្រចៀកនឹងការណ៍ដែលមន្ត្រីទាំងបីជិះយន្តហោះយោធាទៅទៀត។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៨ ខែមិថុនា ក្រសួងកាពារជាតិចិនបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអាមេរិកធ្វើទស្សនកិច្ចទៅតៃវ៉ាន់ ដោយប្រើបញ្ហាតៃវ៉ាន់ជាឆាកនយោបាយបាន បំពាននយោបាយចិនតែមួយ និងយកបញ្ហាតៃវ៉ាន់ដើម្បីគ្រប់គ្រងចិន។
 
ក្រសួងការពារជាតិចិន បន្ថែមថា ដំណើរទស្សនកិច្ចនេះ នឹងបំផ្លាញចំណងមិត្តភាព សន្តិភាព និងស្ថិរភាពរវាងចិន និងអាមេរិកនៅច្រកសមុទ្រកោះតៃវ៉ាន់។  ដូចនេះ អាមេរិក ត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្លាស់ប្តូរជាផ្លូវការណាមួយ ឬការបង្កើតទំនាក់ទំនងយោធាជាមួយតៃវ៉ាន់។ 
 
«ប្រសិនបើនរណាម្នាក់ហ៊ានបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន កងទ័ពរំដោះប្រជាជនចិននឹងប្រយុទ្ធដោយម៉ឺងម៉ាត់ និងការពារយ៉ាងពេញលេញសាមគ្គីភាពនិងបូរណភាពទឹកដីរបស់ប្រទេស»។ ក្រសួងការពារជាតិចិនបានសង្កត់ធ្ងន់បែបនេះ។
 
កន្លងមក ទីក្រុងប៉េកាំង តែងតែព្រមានជារឿយៗថា ដែនកោះតៃវ៉ាន់ជាផ្នែកមួយនៃរដ្ឋអធិបតេយ្យតែមួយរបស់ចិន។ ម៉្យាងទៀត ចិន បានបដិសេធរាល់ដំណើរទស្សនកិច្ចរបស់មន្រ្តីបរទេសនៅដែនកោះដោយលើកឡើងថា ដំណើរទស្សនកិច្ចទាំងនោះ ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ 
អាមេរិក និងបណ្តាប្រទេសដទៃទៀតមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នោះទេ៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com