កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី ប្តឹងទៅ UEFA ឱ្យចាត់វិធានការលើអ៊ុយក្រែន ដែលប្រើឈុត Euro ពាក់ព័ន្ធនយោបាយ
09, Jun 2021 , 4:59 pm        
រូបភាព
រុស្ស៊ីបានផ្ញើលិខិតមួយច្បាប់ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អ៊ឺរ៉ុប (UEFA) ជុំវិញការប្រើឈុតសម្លៀកបំពាក់ថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយក្រែន ដែលបង្កប់ទឹកដីគ្រីមៀ។ ក្រុងមូស្គូ ចោទអ៊ុយក្រែនបង្ហាញឥរិយាបទនយោបាយនៅក្នុងព្រឹត្តិការណ៍ Euro 2020។


អ៊ុយក្រែនបានបង្ហាញឈុតជម្រើសជាតិថ្មីរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2020 ដែលបញ្ចូលផែនទីព្រំដែននៃឧបទ្វីគ្រីមៀនៅផ្ទៃខាងមុខ និងពាក្យស្លោក «សិរីសួស្តីដល់អ៊ុយក្រែន» នៅកអាវ។ រុស្ស៊ីមិនពេញចិត្តនឹងឯកសណ្ឋានថ្មីនេះឡើយ ដ្បិតខ្លួនបានប្រកាសពីការបញ្ចូលទឹកដីគ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ រួចហើយ។
 
សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFS) យល់ឃើញថា ទង្វើរបស់អ៊ុយក្រែនបែបនេះ ផ្ទុយពីគោលការណ៍ FIFA និង UEFA ដែលបានចែងជាផ្លូវការហើយថា រាល់សកម្មភាពនយោបាយមិនត្រូវបានអនុញ្ញាតឱ្យមានក្នុងកីឡាមួយនេះឡើយ។ 
 
បើតាមការផ្សាយរបស់កាសែត BBC ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប បានយល់ព្រមឱ្យអ៊ុយក្រែនប្រើប្រាស់ឈុតសម្លៀកបំពាក់នេះនៅ Euro 2020 រួចហើយ។ បើទោះយ៉ាងនេះក្តី សមាជិកសភារុស្ស៊ីលោក Dmitry Svishchev តាមរយៈ RFS បានដាក់ពាក្យប្តឹងទៅ UEFA ឱ្យចាត់វិធានការ និងពិនិត្យលើកឈុតសម្លៀកបំពាក់ក្រុមអ៊ុយក្រែនឡើងវិញ និងចាត់វិធានការលើប្រទេសនេះទៀតផង។
 
រុស្ស៊ី ជាសហម្ចាស់ផ្ញះទាំង១១ សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបឆ្នាំ២០២០ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ដោយប្រើកីឡដ្ឋាន Saint Petersburg ដែលស្ថិតក្នុងក្រុង Saint Petersburg។
 
ក្រុមទាំង២៤ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2020៖
 
ពូល A៖ តួកគី អ៊ីតាលី វែល និងស្វ៊ីស
ពូល B៖ ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី
ពូល C៖ ហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង
ពូល D៖ អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងឆែក
ពួល E៖ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវេនី
ពូល F៖ ហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់៕
 

Tag:
 UEFA
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com