អន្តរជាតិ
ប្រមុខកងទ័ពហ្វីលីពីន ធ្វើទស្សនកិច្ចទៅកោះផ្កាថ្មក្នុងដែនទឹកដែលមានជម្លោះជាមួយចិន
10, Jun 2021 , 8:29 am        
រូបភាព
រូបថត Reuters_
រូបថត Reuters_
ដោយ ចាន់ ស៊ីណា

ប្រមុខយោធាហ្វីលីពីន ឧត្តមសេនីយ៍ Cirilito Sobejana បានធ្វើទស្សកិច្ចទៅកាន់កោះផ្កាមួយក្នុងដែនទឹកមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងដែលហ្វីលីពីនកំពុងកាន់កាប់។ ដំណើរទស្សនកិច្ចទៅកោះសម្បូរផ្កាថ្មនេះ អាចបង្កភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងម៉ានីល និងប៉េកាំងនៅក្នុងដែនទឹកដែលកំពុងប្រទាញប្រទង់រវាងប្រទេសទាំងពីរ។


 
ក្នុងដំណើរទស្សនកិច្ចលើកោះ Thitu ដែលធ្វើនៅថ្ងៃទី៧ ខែមិថុនាតែទើបបញ្ចេញនៅថ្ងៃទី៩ ខែមិថុនា មេបញ្ជាការកងទ័ពហ្វីលីពីន លោក Cirilito Sobejana បានកោតសរសើរកងទ័ពដែលឈរជើងលើកោះដែលខិតខំប្រឹងប្រែងការពារទឹកដី និងប្រជាជនដែលរស់នៅលើកោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាតាមផ្លូវការទូតពីសំណាក់ហ្វីលីពីនជុំវិញវត្តមាននាវាកងជីវពលចិនរាប់រយគ្រឿងនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន និងក្បែរកោះដែលហ្វីលីពីនកាន់កាប់។ 
 
កោះ Thitu ជាកោះមួយក្នុងចំណោមកោះមានផ្កាថ្មីទាំង៩ ដែលហ្វីលីពីនកាន់កាប់ក្នុងប្រជុំកោះ Spratly ។ ផ្នែកជាច្រើនទៀតរបស់ប្រជុំកោះនេះ ត្រូវគ្រប់គ្រងដោយចិន។  
 
«កងទ័ពហ្វីលីពីនមានស្មារតីខ្ពស់ ក្នុងការកាពារទឹកដី និងប្រជាជន។» លោក Sobejana បានប្រាប់អ្នកសារព័ត៌មានបែបនេះនៅល្ងាចថ្ងៃទី៨ មិថុនា។ ទន្ទឹមគ្នានោះ លោកចុះត្រួតពិនិត្យផែនការផ្លាស់ប្តូរកោះមួយនេះឱ្យទៅជាមជ្ឈមណ្ឌលផ្ទុកទំនិញ ដើម្បីបង្កភាពងាយស្រួលសម្រាប់នាវាកងទ័ពជើងទឹករបស់ខ្លួនចូលចតក្នុងការចាក់ប្រេង និងបន្តចុះល្បាត។ 
 
ផ្ទុយទៅវិញ ស្ថានទូតចិនប្រចាំក្រុងម៉ានីលមិនបានឆ្លើយតបអ្វីទាំងអស់ទៅនឹងការលើកឡើងរបស់លោក Sobejana នោះទេ។ ប៉ុន្តែរៀងរាល់លើក ចិនតែងប្រតិកម្មចំពោះទស្សនកិច្ចនៅក្នុងតំបន់សមុទ្រនេះ ព្រោះជាទឹកដីរបស់ខ្លួន។
 
បន្ថែមពីលើហ្វីលីពីន និងចិន ប្រទេសមួយចំនួនទៀតមានព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមបក៏ប្រជែងទាមទារអធិបតេយ្យភាពសមុទ្រចិនខាងត្បូងនេះដែរ។ ដែនសមុទ្រនេះ ជាច្រកសម្រាប់ដឹកទំនិញចេញចូលដែលមានទំហំលើសពី៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com