កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិកក្រុមប្រេស៊ីលប្រឆាំងនឹងការធ្វើម្ចាស់ផ្ទះ Copa America ប៉ុន្តែមិនពហិការ
10, Jun 2021 , 9:29 am        
រូបភាព
សមាជិកក្រុមជម្រើសជាតិប្រេស៊ីល ប្រឆាំងនឹងការធ្វើព្រឹត្តិការណ៍ Copa America នៅទឹកដីខ្លួន ប៉ុន្តែមិនធ្វើពហិការចូលរួមការប្រកួតពានរង្វាន់ប្រចាំតំបន់អាមេរិកខាងត្បូងឆ្នាំ២០២១នេះឡើយ។


Copa America គ្រោងនឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី១៣ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី១០ ខែកក្កដា ក្រោយពន្យារពេលកាលពីឆ្នាំមុខដោយសារកូវីដ-១៩។ យ៉ាងណាព្រឹត្តិការណ៍នេះ កំពុងចម្រូងចម្រាស បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (CONMEBOL) ផ្លាស់ប្តូរទីតាំងម្ចាស់ផ្ទះពីអាហ្សង់ទីន ទៅប្រេស៊ីល។
 
ដោយសារតែជំងឺដូវីដ-១៩ កើនឡើងខ្លាំង CONMEBOL បង្ខំចិត្តមិនឱ្យសហម្ចាស់ផ្ទះកូឡុំប៊ី និងអាហ្សង់ទីនដំណើរការ Copa America។ ប៉ុន្តែការបញ្ឈប់នេះត្រូវបានគេជឿជាក់ថាមិនត្រឹមតែមកពីបញ្ហាកូវីដ-១៩ ទេ តែដោយសារនយោបាយផង។ 
 
ប្រេស៊ីល ទទួលរ៉ាប់រងធ្វើជាម្ចាស់ផ្ទះបន្ត ទោះបីប្រទេសនេះស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយជំងឺឆ្លងក៏ដោយ។ ប្រជាពលរដ្ឋប្រេស៊ីល និងសមាជិកកីឡាករខ្លួនមិនពេញចិត្តនឹងការទទួលយកការរៀបចំនេះឡើយ និងថែមទាំងរិះគន់ CONMEBOL ទៀតផង។
 
ប្រធានក្រុមប្រេស៊ីល Casemiro បានស្នើឱ្យក្រុមទាំងមូលប្រឆាំងនឹងការធ្វើជាម្ចាស់ផ្ទះ Copa America នៅលើទឹកដីខ្លួន។ ខ្សែបម្រើក្រុម Real Madrid អះអាងដូច្នេះ ក្រោយការប្រកួតជម្រុះ World Cup ដែលប្រេស៊ីលឈ្នះប៉ារ៉ាហ្គាយ ២-០។
 
នៅលើបណ្តាញសង្គម Casemiro រិះគន់ CONMEBOL ថាមិនសមជាស្ថាប័នគ្រប់គ្រងព្រឹត្តិការន៍ Copa America ឡើយ។ បើទោះមិនពេញចិត្ត ប៉ុន្តែប្រេស៊ីលនៅតែចូលរួមប្រកួត ដើម្បីការពារជើងឯករបស់ខ្លួនដដែល។
 
ក្រុមការពារតំណែងជើងឯកប្រេស៊ីលគ្រោងនឹងបើកឆាកជំនួបដំបូង ដោយត្រូវតទល់ជាមួយវេណេស៊ុយអេឡានៅថ្ងៃទី១៤ ខែមិថុនា។ ក្រុមដែលមានលោក Tite ជាគ្រូបង្វឹក ស្ថិតនៅពូល B ជាមួយកូឡុំប៊ី ប៉េរូ អេក្វាទ័រ និងវេណេហ្ស៊ុយអេឡា។ ពូល A មានអាហ្សង់ទីន បូលីវី ស៊ីលី ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ូហ្គាយ៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com