ជាតិ
គ.ជ.ប លុបចោលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង តាមការស្នើរបស់សម្ដេច ហ៊ុន សែន
09, Jun 2021 , 9:54 pm        
រូបភាព
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលុបចោលការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី ២០ ខែមិថុនា។ ការលុបចោលនេះ ធ្វើឡើងក្រោយពីមានការស្នើ របស់សម្ដេច ហ៊ុន សែន តាមរយៈសារសំឡេង នៅយប់ថ្ងៃទី៩ ខែមិថុនានេះ។



ក្នុងសារសំឡេងរយៈពេលជាង៧នាទី របស់ សម្ដេច ហ៊ុន សែន នាយកមន្រ្តីនៃកម្ពុជា  បានសង្កត់ធ្ងន់ថា សកម្មភាពនៃការបោះឆ្នោតសាកល្បងនេះ មិនមែនជារឿងចាំបាច់ឡើយ ខណៈពេលនេះជំងឺកូវីដ-១៩ កំពុងរាតដាលខ្លាំង ដែលក្នុងមួយថ្ងៃៗ មានអ្នកឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។ 
 
តាមរយៈសារសំឡេងដដែល សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យអភិបាលរាជធានីខេត្តទាំងអស់ លុបចោលការប្រមូលមនុស្សមករៀនសូត្រហ្វឹកហាត់ការបោះឆ្នោះសាកល្បងនៅថ្ងៃស្អែកទី៩ មិថុនា នេះជាបន្ទាន់។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖ « ពេលវេលានេះ យើងត្រូវផ្ដល់អទិភាពប្រមូលគ្រប់កម្លាំងទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ វាមិនមែនជាពេលវេលាដើម្បីឱ្យប្រជាជនមករៀនសូត្របោះឆ្នោតនោះឡើយ»។ 
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានសុំការយោគយល់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  ព្រោះសម្ដេចគ្មានជម្រើសអ្វីក្រៅពីនេះ ក្នុងការគ្រប់គ្រងនឹងដោះស្រាយបញ្ហាកូវីដ-១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com