COVID-19
ជាតិ
អាជ្ញាធរខេត្តសៀមរាប ដាក់ឃុំកំពង់ឃ្លាំងជាតំបន់ក្រហម ឯឃុំដំដែក និងគោកធ្លកក្រោម ជាតំបន់លឿងទុំ
10, Jun 2021 , 10:15 am        
រូបភាព
ក្រុមការងារខេត្តចុះបិទខ្ទប់តំបន់ឃុំកំពង់ឃ្លាំង។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ក្រុមការងារខេត្តចុះបិទខ្ទប់តំបន់ឃុំកំពង់ឃ្លាំង។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានកំណត់ភូមិសាស្រ្ដមួយចំនួនក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ជាតំបន់ក្រហម លឿងទុំ និងលឿង ខណៈដែលតំបន់ទាំងនោះ កំពុងផ្ទុះការរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ដែលគួរឱ្យបារម្ភ។

 
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដែលចេញផ្សាយនៅយប់ថ្ងៃទី៩ មិថុនា ភូមិសាស្រ្ដដែលកំណត់ជាតំបន់ក្រហម គឺនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម តំបន់លឿងទុំ ក្នុងភូមិសាស្រ្ដឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម។ រីឯតំបន់លឿង ស្ថិតនៅភូមិសាស្រ្ដឃុំកំពង់ក្ដី ស្រុកជីក្រែង។
 
ការកំណត់បែងចែកតំបន់ពណ៌ទាំង៣នេះ នឹងអនុវត្តន៍រយៈពេល២សប្ដាហ៍ រាប់ចាប់ពីថ្ងៃទី៩ មិថុនា តទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តស្រុកទាំង២ខាងលើ ដែលកំពុងផ្ទុះករណីឆ្លងជាសហគមន៍គួរឱ្យបារម្ភ និងមិនទាន់អាចគ្រប់គ្រងនៅឡើយ។ នេះបើតាមខ្លឹមសារក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប។
 
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារដឹកនាំបញ្ជា និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដស្រុកសូទ្រនិគម និងស្រុកជីក្រែង បានឱ្យដឹងថា ការសម្រេចបិទខ្ទប់ភូមិសាស្រ្ដខាងលើនេះ គឺដើម្បីងាយស្រួលតាមដាន និងគ្រប់គ្រងអ្នកដំណើរចេញចូល។ យ៉ាងណាលោកបញ្ជាក់ថា ស្ថានការណ៍បច្ចុប្បន្ន មានភាពលំបាកបន្ដិច។
 


អភិបាលស្រុកសូទ្រនិគម លោក ម៉ក់ ប្រុស បានប្រាប់សារព័ត៌មានតាមទូរសព្ទនៅព្រឹកថ្ងៃទី១០ មិថុនា នេះថា អាជ្ញាធរបានរៀបចំទីតាំងចំនួន២សម្រាប់ពិនិត្យ និងធ្វើចត្តាឡីស័កដល់ពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនោះមាន មន្ទីរពេទ្យបង្អែកស្រុក និងវិទ្យាល័យដំដែក។ ជាមួយគ្នានេះ លោក ម៉ក់ ប្រុស បន្ថែមថា អាជ្ញាធរក៏បានចុះបិទទីតាំង មួយចំនួនក្នុងស្រុកផងដែរ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងហេតុការណ៍ខាងលើនេះ។
 
ការផ្ទុះការរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍នៃស្រុកសូទ្រនិគម និងស្រុកជីក្រែង បានកើតឡើង បន្ទាប់ពីមានការជួបជុំមិនចាំមួយរបស់អាជ្ញាធរមូលដ្ឋាននេះ នៅក្នុងភោជនីយដ្ឋានយីហោ ពិភពធម្មជាតិ ដែលពីមុនត្រូវគេស្គាល់ថាជាកន្លែងកម្សាន្ត។ ក្នុងហេតុការណ៍ដែលផ្ទុះចាប់ពីថ្ងៃទី៤ មិថុនា មក ក៏មានអធិការស្រុកសូទ្រនិគម នគរបាលខេត្ត-ស្រុក សមាជិកក្រុមប្រឹក្សាស្រុក រួមនិងមេឃុំកំពង់ឃ្លាំងផងដែរ។ ករណីនេះ បានរាលដាលដល់ពលរដ្ឋក្នុងមូលដ្ឋាន ដូចជាសមាជិកក្រុមគ្រួសារ។ល។
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ មិថុនា ខេត្តសៀមរាបមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សរុប២៩៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១០៣នាក់ ស្លាប់២នាក់ និង១៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
 
 

Tag:
 តំបន់ក្រហម
 តំបន់លឿងទុំ
 សៀមរាប
 ឃុំកំពង់ឃ្លាំង
  ឃុំគោកធ្លកក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com