ម្ចាស់បំណុលក្រុមហ៊ុនKrisEnergyនឹងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអនុវត្តគម្រោងប្រេងកាតនៅប្លុក A
ជាតិ
សេដ្ឋកិច្ច
ម្ចាស់បំណុលក្រុមហ៊ុនKrisEnergyនឹងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអនុវត្តគម្រោងប្រេងកាតនៅប្លុក A
10, Jun 2021 , 10:39 am        
រូបភាព
រូបពីក្រសួងរ៉ែ និងថាមពល
រូបពីក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ ម្ចាស់បំណុលដែលទទួលបានសិទ្ធចាត់ចែងទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនKrisEnergy នឹងត្រូវមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអនុវត្តគម្រោងកិច្ចព្រមព្រៀងប្រេងកាតនៅប្លុកA។ នេះជាការលើកឡើងរបស់លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។ ក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន កាលពីថ្ងៃទី៤មិថុនា ឆ្នាំ២០២១ ដោយសារគ្មានលទ្ធភាពសងបំណុលគេ ជុំវិញប្រតិបត្តិការនានារបស់ក្រុមហ៊ុន។


 
ក្រុមហ៊ុនKrisEnergy ក្រោយដាក់ពាក្យស្នើសុំតុលាការរំលាយក្រុមហ៊ុន និងចាត់ចែងលក់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីសងបំណុលនោះ តុលាការនឹងសម្រេចតែងតាំងភ្នាក់ងារវាយតម្លៃ ព្រមទាំងចាត់ចែងការលក់ទ្រព្យសម្បត្តិក្រុមហ៊ុននេះ សងម្ចាស់បំណុលនានា ដែលក្រុមហ៊ុនជំពាក់កន្លងមក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោក ម៉េង សក្តិធារ៉ា បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៩មិថុនា ថា ក្រោយការអនុវត្តនីតិវិធីតុលាការនេះរួចហើយ ក្រុមហ៊ុន KrisEnergy នឹងត្រូវរំលាយ ហើយម្ចាស់បំណុលនឹងទទួលបានសិទ្ធិចាត់ចែងលើទ្រព្យរបស់ក្រុមហ៊ុន KrisEnergy ដែលមានទាំងអស់ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia និងសិទ្ធិសម្បទានប្រេងកាតនៅប្លុក A នៅកម្ពុជា។ 
 
«ជាបន្ត ម្ចាស់បំណុលដែលទទួលបានសិទ្ធចាត់ចែងលើក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia នឹងត្រូវមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរកការឯកភាពគ្នាមួយក្នុងការបន្តអនុវត្តគម្រោងកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក A នេះ យ៉ាងណាទៅមុខទៀត»។ លោកម៉េង សក្តិធារ៉ា ដែលជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលរូបនេះ បានបញ្ជាក់ដូច្នេះ។ 
លោក បានបញ្ជាក់ថា   ប្រតិបត្តិការប្រេងកាតធំៗ និងគម្រោងអភិវឌ្ឍជាជំហានបន្តនៃការបូមប្រេងកាតប្លុកA ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្ដោះអាសន្នដែរ ក្នុងអំឡុងពេលរង់ចាំចំណាត់ការពីតុលាការ និងការចចាររវាងអ្នកទទួលសិទ្ធបន្តជាមួយរាជរដ្ឋាភិបាលនោះ ។
 
ផលិតកម្មបូមប្រេងដែលមានសព្វថ្ងៃនៅកម្ពុជា គឺជាផលិតកម្មដែលផលិតចេញពីអណ្តូងសាកល្បង ចំនួន៥អណ្តូងនៃតំបន់ផលិតកម្មតូចមួយនៃប្លុក A ប៉ុណ្ណោះ មិនមែនប្លុក A ទាំងមូលទេ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉េង សក្តិធារ៉ា ដោយបន្តថា តំបន់ផលិតកម្មតូចនេះមានផ្ទៃក្រឡាប្រហែល ១១០គីឡូម៉ែត្រការ៉េ ចំណែកប្លុក A ទាំងមូល មានផ្ទៃក្រឡាប្រមាណ ៣,០០០គីឡូម៉ែត្រការ៉េ។
 
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានផលិតចេញ នៅថ្ងៃទី២៩ ធ្នូ ២០២០ ដោយក្រុមហ៊ុន KrisEnergy ក្រោយចំណាយពេលវេលារុករក និងបច្ចេកទេសផលិតអស់១៨ឆ្នាំមកនេះ៕
 

Tag:
 KrisEnergy
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com