COVID-19
ជាតិ
របាយការណ៍កូវីដ-១៩ នៅ៥ខេត្ត៖ សៀមរាប និងព្រៃវែង បន្តរកឃើញកាន់តែច្រើន
10, Jun 2021 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តចំនួន ៥ហើយ បានចេញ របាយការណ៍អ្នកវិជ្ជមានកូវីដ-១៩ ប្រចាំថ្ងៃទី៩ខែមិថុនា ក្នុងនោះខេត្តសៀមរាប បន្តរកឃើញ ៤៩នាក់ ខណៈអាជ្ញាធរ បានសម្រេចបែងចែងតំបន់ក្រហម លឿងទុំ និងលឿង នៅតំបន់ដែលមានការឆ្លងរាលដាលខ្លាំង។ ខេត្តព្រៃវែង ក៏នៅតែរកឃើញករណីវិជ្ជមានច្រើន គឺ៤០នាក់ ខណៈខេត្តបាត់ដំបង បានរកឃើញករណីថ្មីចំនួន២៦នាក់ ក្នុងនោះ ១១នាក់ជាអ្នកត្រឡប់មកពីប្រទេសថៃ។ ចំណែកខេត្តកោះកុងមាន ៦នាក់បន្ថែមដែលសុទ្ធតែជាអ្នកស្រុកស្រែអំបិល ខណៈឧត្តរមានជ័យ មាន៥នាក់ ក្នុងនោះ៤នាក់មកពីថៃ និង១នាក់ទៀតជាករណីលាប់ជំងឺ

 
សៀមរាប៖ មាន៤៩នាក់បន្ថែម និង១២នាក់ជាសះស្បើយ 
 
រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់បន្ថែមទៀត នៅថ្ងៃទី៩ ខែមិថុនា ដែលភាគច្រើនជាពលរដ្ឋរស់នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ព្រមទាំងពលករខ្មែរមកពីថៃចំនួន៨នាក់ផងដែរ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក៏ប្រកាសថា មានអ្នកជំងឺចំនួន ១២នាក់ បានជាសះស្បើយផងដែរ។ តាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង ៤៩នាក់នោះមាន ១១នាក់ជាពលរដ្ឋរស់នៅឃុំកំពង់ឃ្លាំង និងឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ ២៤នាក់ជាពលរដ្ឋរស់នៅឃុំគោកធ្លកក្រោម, ឃុំគោកធ្លកលើ, ឃុំកំពង់ក្តី ,ឃុំសង្វើយ, ឃុំឫស្សីលកនិងឃុំពង្រលើ នៃស្រុកជីក្រែង។ ៦នាក់ជាពលរដ្ឋរស់នៅក្រុងសៀមរាប ខណៈ៨នាក់ទៀត ជាពលករខ្មែរមកពីប្រទេសថៃដែលពួកគេមានទីលំនៅក្នុងស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប។ គិតត្រឹមថ្ងៃទី ៩ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៩៩នាក់ ក្នុងនោះ ១០៣នាក់បានជាសះស្បើយ ២នាក់ស្លាប់ និង ១៩៤នាក់ទៀត នៅបន្តព្យាបាល។
 
ក្រោយករណីវិជ្ជមាននៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ត្រូវបានរកឃើញជាហូរហែ រដ្ឋបាលខេត្តសៀមរាប បានកំណត់ភូមិសាស្រ្ដមួយចំនួនក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ជាតំបន់ក្រហម លឿងទុំ និងលឿង។ តាមរដ្ឋបាលខេត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ត្រូវបានកំណត់ជាតំបន់ក្រហម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម។ គឺនៅតំបន់លឿងទុំ ក្នុងភូមិសាស្រ្ដ រីឯតំបន់លឿង ស្ថិតនៅភូមិសាស្រ្ដឃុំកំពង់ក្ដី ស្រុកជីក្រែង។  
 
 
ព្រៃវែង៖ Rapid Test រកឃើញ៤០នាក់បន្ថែម 
 
រដ្ឋបាលខេត្តព្រៃវែង បានរកឃើញមនសុ្ស ៤០នាក់បន្ថែមទៀត វិជ្ជមានកូវីដ-១៩ ដែលមានកម្មករោងចក្រ និងអ្នកដែលប៉ះពាល់នឹងអ្នកឆ្លងកន្លងមក។ តាមរដ្ឋបាលខេត្ត នៅស្រុកព្រះស្តេច មានអ្នកឆ្លងច្រើនជាងគេ គឺដល់ទៅ១៨នាក់ ខណៈស្រុកពាមរក៍ មាន៦នាក់។ ស្រុកកំពង់ត្របែក និងស្រុកពារាំង មាន៤នាក់រៀងខ្លះ ខណៈស្រុកកំចាយមារ រកឃើញអ្នកវិជ្ជមាន៣នាក់ដែរ។ ស្រុកពាមជរ និងស្រុកពោធិ៍រៀង ក៏រកឃើញ ២នាក់រៀងខ្លួនដែរ ខណៈស្រុកមេសាងមានករណីឆ្លងថ្មី ១នាក់។ បច្ចុប្បន្ន ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៧៨២នាក់ ក្នុងនោះ៣១៣នាក់ជាសះស្បើយ ៨នាក់បានស្លាប់ និង៤៦១នាក់ ទៀតនៅបន្តព្យាបាល។
 
 បាត់ដំបង៖ ២៦នាក់ ក្នុងនោះ១១នាក់ជាអ្នកត្រឡប់មកពីប្រទេសថៃ
 
មនុស្ស ២៦នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ១១នាក់១១ជាករណីនាំចូលពីប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ១២នាក់បានជាសះស្បើយផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង ២៦នាក់នោះមានពលរដ្ឋរស់នៅស្រុកកំរៀង, សំពៅលូន, ភ្នំព្រឹក, ថ្មគោល,មោងឫស្សី,បវេស, គាស់ក្រឡ និងក្រុងបាត់ដំបង។ ពលរដ្ឋម្នាក់ទៀត ជាអ្នកក្រុងក្រចេះ ខេត្តក្រចេះ។ គិតត្រឹមថ្ងៃទី៩ មិថុនា ខេត្ត
ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប៤៦៩នាក់ ក្នុងនោះ ១៧៤នាក់បានជាសះស្បើយ , ២នាក់ស្លាប់ និង ២៩៣នាក់ទៀត កំពុងសម្រាកព្យាបាល។
 
កោះកុង៖ មាន៦នាក់ នៅស្រុកស្រែអំបិល
 
រដ្ឋបាលខេត្តកោះកុង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់ទៀត លើពលដែលរស់នៅក្នុងឃុំបឹងព្រាវ, ឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល។ តាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង៦នាក់នោះ គឺសុទ្ធតែជាស្ត្រី ក្នុងនោះក៏មានទារិកាវ័យ១៨ខែម្នាក់ និងក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ដែរ។
 
ឧត្តរមានជ័យ៖ មាន៥នាក់ ដោយ៤នាក់មកពីថៃ និង១នាក់ទៀតជាករណីលាប់ជំងឺ
 
ខេត្តឧត្តរមានជ័យ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ទៀត ក្នុងនោះ៤នាក់ជាពលរដ្ឋរស់នៅក្នុងស្រុកស្រីសន្ធរ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលទើបត្រឡប់មកពីប្រទេសថៃ និងម្នាក់ទៀតជាករណីលាប់ជំងឺ លើយុវជនវ័យ ២១ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន ខេត្តឧត្ដរមានជ័យ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន១០១នាក់ ក្នុងនោះ ៩៦នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមានចំណយន ៣០នាក់ និងអ្នកកំពុងព្យាបាលមានចំនួន៧១នាក់។
 
 
 

Tag:
 បាត់ដំបង
 កោះកុង
 ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com