ជាតិ
សង្គមជាតិ
ពលរដ្ឋខេត្តកណ្តាល អាចចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែមិថុនានេះទៅ
10, Jun 2021 , 12:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ពលរដ្ឋដែលរស់នៅខេត្តកណ្តាល អាចទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅតាមក្រុង ឬស្រុក ឃុំ ឬសង្កាត់របស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

 
អាជ្ញាធរខេត្តកណ្តាល បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋ នៅក្រុងតាខ្មៅ និងស្រុកទាំង១០ នៅក្នុងខេត្ត។ តាមសេចក្តីជូនដំណឹងដដែល ពលរដ្ឋដែលរស់នៅតាមសង្កាត់ទាំង១០ ក្នុងក្រុងតាខ្មៅ អាចចាក់វ៉ាក់សាំងកូវីដ-១៩នៅ វត្តតាខ្មៅ,អនុវិទ្យាល័យស្ទឹងជ្រៅ,អនុវិទ្យាល័យខ្ពបវែង,មន្ទីរពេទ្យបង្អែកជ័យជំនះ,វត្តព្រះពុទ្ធអណ្តែត ហៅវត្តព្រែកហូរ, អនុវិទ្យាល័យស្វាយរលំ,វត្តកណ្តាលកោះ,វត្តសិត្បូរ និងវត្តឈូកលាភ។ 
 
ពលរដ្ឋនៅស្រុកកណ្តាលស្ទឹង អាចចាក់វ៉ាក់សាំងកូវីដ-១៩ នៅវត្តព្រៃរោង និងអនុវិទ្យាល័យសៀមរាប និងរោងចក្រសាន់បូ។ ពលរដ្ឋនៅស្រុកកៀនស្វាយ អាចចាក់នៅអនុវិទ្យាល័យគគីរ និងមណ្ឌលសុខភាពសំរោងធំ។ អ្នកស្រុកខ្សាច់កណ្តាល អាចចាក់នៅវត្តព្រះប្រសប់ចាស់,មន្ទីរពេទ្យបង្អែកស្រុក និងអនុវិទ្យាល័យវិហារសួគិ៍។ 
 
ពលរដ្ឋនៅស្រុកកោះធំ អាចចាក់នៅមន្ទីរពេទ្យបង្អែកស្រុក និងវត្តកោះទៀវ។ ពលរដ្ឋនៅស្រុកលើកដែក អាចចាក់នៅវិទ្យាល័យហ៊ុនសែន កំពង់ភ្នំ និងវត្តព្រែកទន្លាប់។ អ្នកស្រុកល្វាឯម អាចចាក់នៅវត្តសុវណ្ណសាគរ និងវត្តពោធិ៍មាស។ អ្នកស្រុកមុខកំពូល អាចចាក់នៅ មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែនរកាកោង និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិវិទ្យាល័យ ជាស៊ីម ព្រែកអញ្ចាញ។ ស្រុកអង្គស្នួល ចាក់នៅវត្តភូមិថ្មី និងសាលារៀនចិន ឆេង ម៉េង។ ស្រុកពញាឮ ចាក់នៅមន្ទីរពេទ្យបង្អែកពញាឮ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ចំណែកស្រុកស្អាង អាចចាក់នៅមន្ទីរពេទ្យបង្អែកស្រុក និងវត្តស្លាកេតុ។ 
 
អភិបាលខេត្តកណ្តាល បានស្នើឲ្យពលរដ្ឋទាំងអស់ មុននឹងមកចាក់វ៉ាក់សាំងកូវីដ-១៩ ដែលសង្ស័យមានរោគសញ្ញា និងបញ្ហាសុខភាព ដូចជាកណ្តាស ក្តៅខ្លួន ក្អក ផ្តាសាយ ពិបាកដកដង្ហើម គឺត្រូវទៅធ្វើតេស្តជាមួយសិន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងរំខានដល់ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩។ 
 
សូមជម្រាបថា កម្ពុជាមានពលរដ្ឋជាង២,៨លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គិតជាភាគរយគឺជាង ២៨ភាគរយ។ ក្នុងចំណោមពលរដ្ឋជាង២,៨លាននាក់នោះ គឺមានជាង២,២លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២៕ 
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com