អន្តរជាតិ
ប្រធានាធិបតីអាមេរិក ផ្តើមទស្សនកិច្ចទៅទឹកដីអឺរ៉ុបជាលើកដំបូង ចាប់តាំងពីកាន់តំណែង
10, Jun 2021 , 1:59 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជាមួយភរិយា លោកស្រី Jill Biden។ រូបភាព៖ AP
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជាមួយភរិយា លោកស្រី Jill Biden។ រូបភាព៖ AP
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី៩ ខែមិថុនា បានទៅដល់ទឹកដីអង់គ្លេសហើយ ដើម្បីចូលរួមក្នុងជំនួបក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7)។ នេះគឺជាទស្សនកិច្ចលើកដំបូងនៅក្រៅបរទេសរបស់លោក បៃឌិន ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅខែមករាកន្លងមក។

 
មុននឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង ៧ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ត្រូវជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នៅថ្ងៃទី១០ ខែមិថុនា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប។ 
 
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ អាចនឹងជជែក ពីបញ្ហាបម្រែបម្រួលអាកាសធាតុ, ការជជែកពីការកើនឡើងឥទ្ធិពលរបស់ចិន និងការដកទ័ពអាមេរិក រួមទាំងសម្ពន្ធមិត្តចេញពីអាហ្វហ្កានីស្ថានផង។ ប្រធានបទរុស្ស៊ី ក៏អាចជារបៀបវារៈ របស់មេដឹកនាំទាំងពីរផងដែរ។ លោក បៃឌិន នឹងជួបមហាក្សត្រីអង់គ្លេស  Elizabeth II នៅរាជវាំង Windsor មុននឹងចាកចេញទៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
 
នៅក្រុងព្រុចសែលថ្ងៃទី១៤ ខែមិថុនា ប្រធានាធិបតីអាមេរិក នឹងមានកិច្ចប្រជុំជាមួយបក្សសម្ពន្ធណាតូ ដែលជជែកពីបញ្ហារុស្ស៊ី និងចិន ខណៈថ្ងៃបន្ទាប់លោកបៃឌិននឹងចូលប្រជុំ ក្នុងជំនួបអាមេរិក-សហភាពអឺរ៉ុប ដែលនឹងជជែកពីបញ្ហាពន្ធ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងបញ្ហាផ្សេងទៀត។ នៅថ្ងៃទី១៦ និងមិថុនា លោកប្រធានាធិបតី នឹងត្រូវជួបជាមួយសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដោយផ្ទាល់ នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ 
 
ក្នុងទស្សនកិច្ចនៅអឺរ៉ុប ប្រធានាធិបតីអាមេរិក បានចាត់ទុកវាជាការរៀបចំ និងស្តារទំនាក់ទំនងជាមួយប្រទេសសម្ពន្ធមិត្តឡើងវិញ បន្ទាប់ពីត្រូវបែកបាក់ ក្នុងរដ្ឋបាលរបស់លោកដូណាល់ ត្រាំ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលចាកចេញមកអឺរ៉ុប លោក បៃឌិន បានលើកឡើងថា ទស្សនកិច្ចទៅអឺរ៉ុបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយសម្ពន្ធមិត្ត និងធ្វើឱ្យលោក ពូទីន រួមទាំងចិនផង ដឹងថាអឺរ៉ុប និងអាមេរិក គឺមានទំនងទំនងរឹងមាំ៕
 

Tag:
 អាមេរិក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com