ជាតិ
វត្ថុបុរាណខ្មែរ២៧រូប ត្រូវបានអាមេរិកប្រគល់ឱ្យកម្ពុជា
10, Jun 2021 , 2:32 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងវប្បធម៌
រូបពីហ្វេសប៊ុកក្រសួងវប្បធម៌
ភ្នំពេញ៖ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប ដែលរឹបអូសបានពីបទកាន់កាប់បុរាណវត្ថុដោយខុសច្បាប់ នៅទីក្រុងញូវយ៉ក ប្រគល់ជូនកម្ពុជាវិញ។ វត្ថុបុរាណទាំង២៧រូបនេះ អាចនឹងមកដល់កម្ពុជាវិញ ក្នុងវង្វង់១ខែឬ២ខែខាងមុខ ប្រសិនបើពុំមានអ្វីប្រែប្រួល។


 
លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា បុរាណវត្ថុទាំង២៧រូប អាចនឹងបញ្ជូនមកដល់ប្រទេសកម្ពុជា ក្នុងរង្វង់១ខែឬ២ខែខាងមុខ។ ទោះជាយ៉ាងណា លោកថា ដោយសារតែការដឹងជញ្ជូនក្នុងដំណាក់កាលមានជំងឺកូវីដ-១៩រាតត្បាត ដូច្នេះដំណើរការអាចមានការយឺតយ៉ាវខ្លះ។
 
រដ្ឋលេខាធិការក្រសួងវប្បធម៌រូបនេះ បន្ថែមថាក្រុមហ៊ុន MuseumsPartner បានផ្ដល់ការគាំទ្រ ក្នុងការជួយវេចខ្ចប់ និងដឹកជញ្ជូនវត្ថុបុរាណខ្មែរទាំង២៧រូបមកកម្ពុជាវិញ ដោយការចំណាយទាំងអស់ ក្រុមហ៊ុនជាអ្នករ៉ាប់រង។ 
 
លោក ហាប់ ទូច បញ្ជាក់បន្ថែម៖«យើងស្វែងរកសប្បុរសជនជួយដឹកជញ្ជូន និងវេចខ្ចប់ ដើម្បីយើងកាត់បន្ថយការចំណាយថវិកាជាតិ។ ក្រុមហ៊ុន MuseumsPartner គាត់នឹងជួយលើកិច្ចការនេះ ហើយក្រុមហ៊ុនចំណាយថវិកាផ្ទាល់ខ្លួន។ ពេលនេះវត្ថុបុរាណកំពុងវេចខ្ចប់ ហើយរក្សាទុកក្នុងឃ្លាំងរបស់ក្រុមហ៊ុនសិន រង់ចាំវេលាសមស្របណាមួយ នឹងដឹកមកកម្ពុជាវិញ។ ក្រសួងទុកចិត្ត ព្រោះក្រុមហ៊ុននេះមានជំនាញច្បាស់លាស់ ពាក់ព័ន្ធនឹងវត្ថុបុរាណ»។ 
 
ការប្រគល់សម្បត្តិវប្បធម៌បុរាណវត្ថុទាំង២៧រូប ត្រឡប់មកកម្ពុជាវិញនេះ ធ្វើឡើយដោយអនុលោមតាមអនុស្សារណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ដីពីការដាក់កម្រិតហាមប្រាម នូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់កម្ពុជា និងយោងកិច្ចព្រមព្រៀងជាមួយការិយាល័យ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ញូវយ៉ក។ 
 
បើតាមសេចក្ដីប្រកាសព័ត៌មាន លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោកមេធាវី ស៊ីរូស វ៉ានស៍ (Cyrus Vance) តំណាងឱ្យការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រឿង ស្ដីពីការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប ត្រឡប់មកកម្ពុជាវិញ។ កិច្ចព្រមព្រឿងនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។
  


សម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូបនោះ មានរូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរ សំខាន់ៗដូចជា ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ជាដើម។
 
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានថា ទោះស្ថិតក្នុងស្ថានភាពលំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ក្ដី ក៏កម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការស្វែងរកត្រឡប់មកវិញ នូវព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើត អស់ជាច្រើនឆ្នាំនាសម័យសង្គ្រាម។ 
 
លោកស្រីក៏បានថ្លែងអំណរគុណ ដល់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ញូវយ៉ក អង្គភាពស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រួមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងខាងលើ។ 
 
សូមបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២១ កម្ពុជាបានទទួលបុរាណវត្ថុខ្មែរជាង១០០ ពីសហរដ្ឋអាមេរិកដែលមានអាយុកាលច្រើនសតវត្សរ៍ ក្រោយមានការឯកភាពពីកូនស្រីរបស់លោក Douglas Latchford ដែលលោកគឺជាអ្នកជំនាញបុរាណវត្ថុមួយរូប។ 
 
កន្លងមកអាមេរិកធ្លាប់បានសងវត្ថុបុរាណមកកម្ពុជាច្រើន តាមរយៈអនុស្សារណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ដីពីការដាក់កម្រិតហាមប្រាម នូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់កម្ពុជា រួមទាំងកិច្ចព្រមព្រឿងនានាទៀត៕

Tag:
 វប្បធម៌
  សិល្បៈ
  បុរាណ
  វត្ថុបុរាណ
  ចម្លាក់
  ក្រសួងវប្បធម៌
  អាមេរិកស
© រក្សាសិទ្ធិដោយ thmeythmey.com