អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនក្នុងស្រុកធំៗ២សហការគ្នាបង្កើតបរិបទថ្មីនៃវិស័យលក់ទំនិញបែបឌីជីថល
10, Jun 2021 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យលក់ទំនិញបែបឌីជីថល និងគាំពារសុខុមាលភាពអតិថិជន ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ រួមជាមួយផ្សារទំនើបរតនាផ្លាហ្សា និងក្រុមហ៊ុន WOWNOW បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក(E-commerce) ដែលផ្តល់ជូនប្រជាជនកម្ពុជា នូវបទពិសោធន៍ថ្មីនៃការទិញទំនិញ ដែលមានគុណភាព សុវត្ថិភាព និងប្រកបដោយទំនុកចិត្ត។ 
 


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បានរៀបចំឡើងនាពេលថ្មីៗនេះ នៅសាលប្រជុំនៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជននឹងអាចស្វែងរកទំនិញរាប់ម៉ឺនមុខ ពីហាងជិត ៣០០ នៅក្នុងផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ និងផ្សារទំនើបរតនាផ្លាហ្សា តាមរយៈអេប WOWNOW ដែលវាជាការបង្កើតនូវមធ្យោបាយទិញទំនិញថ្មី កាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយនឹងការដឹកជញ្ជូនទាំងនៅរាជធានី និងទៅតាមបណ្តាខេត្តនានាផងដែរ។
 


ក្នុងកិច្ចសំណេះសំណាលនាពិធីចុះហត្ថលេខានេះ លោកស្រី ជា សុខហៀក នាយកប្រតិបត្តិនៃផ្សារទំនើបសូរិយា  សេនធ័រ ភ័នធ៍ និងផ្សារទំនើបរតនាផ្លាហ្សា បានបង្ហាញនូវទស្សនវិស័យ និងយុទ្ធសាស្រ្តសម្រាប់ជំរុញវិស័យលក់រាយ តាមរយៈការបង្កើតនូវទម្រង់អាជីវកម្មថ្មីមួយ ដែលជាការច្របាច់បញ្ចូលគ្នា នូវការលក់ទំនិញតាមហាង ក្នុងផ្សារទំនើប និងការលក់តាមប្រព័ន្ធអនឡាញ (O2O) ដោយផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មី ក្នុងការទិញទំនិញ ពោលគឺ អតិថិជន អាចអញ្ជើញទស្សនាផលិត ផលនៅក្នុងហាង ហើយបញ្ជាទិញតាមអនឡាញ ដើម្បីទទួលបាននូវផលិតផល ប្រកបដោយគុណភាព      សុវត្ថិភាព និងតម្លៃសមរម្យ ដោយមិនចាំបាច់មានការព្រួយបារម្ភអំពីទំនិញខុសទំហំ ខុសតម្លៃ ឬ ខ្វះគុណភាពទៀតនោះទេ ព្រោះថាផលិតផលទាំងអស់ សុទ្ធតែមានប្រភពច្បាស់លាស់។ បន្ថែមលើនេះ អតិថិជនក៏អាចប្រើប្រាស់ប្រព័ន្ធទូទាត់ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ដៃ ដែលជាប្រភពនៃការចម្លងមេរោគផងដែរ។ ក្រៅពីភាពងាយស្រួល និងអត្ថប្រយោជន៍ដ៏សម្បូរបែបនេះ និមិត្តសញ្ញា(ICON) របស់ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ និងផ្សារទំនើបរតនាផ្លាហ្សា នឹងត្រូវបានរៀបចំ នៅលើទំព័រមុខនៃអេប WOWNOW ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងការស្វែងរក។ 
 

 
 លោក Zheng Shun Wen នាយកប្រតិបត្តិនៃក្រុមហ៊ុន WOWNOW បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ។ លោកលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ ពិតជាបានចូលរួមចំណែក កាត់បន្ថយការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ស្របពេលដែលកម្ពុជា និងបណ្តាប្រទេសនៅលើពិភពលោក ក៏កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដូចគ្នាដែរ។ ជាពិសេស វាក៏បានជំរុញវិស័យឌីជីថលនៅកម្ពុជា ឲ្យកាន់តែលេចធ្លោ ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា និងជាការជួយដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែមានចំណេះដឹងច្បាស់លាស់ ក្នុងការទិញទំនិញតាមអនឡាញ ដែលកំពុងតែមានភាពពេញនិយម នៅលើសកលលោក។ 


 
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន WOWNOW ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ក្នុងកំឡុងពេលនៃការបិទខ្ទប់ ក្រុមហ៊ុនបានលក់បញ្ចុះតម្លៃទំនិញចាំបាច់ៗជាច្រើន និងមានសកម្មភាពជួយជនក្រីក្រ ខ្វះអាហារបរិភោគជាដើម។
 
អ្វីដែលពិសេសសម្រាប់អតិថិជនរបស់ផ្សារទំនើបសូរិយា និងផ្សារទំនើបរតនាផ្លាហ្សា គឺកម្មវិធីប្រម៉ូសិនពិសេសៗជាច្រើន នឹងមានជាបន្តបន្ទាប់ ចំពោះអតិថិជនដែលបញ្ជាទិញ តាមអេប WOWNOW ព្រមទាំងការដឹកជញ្ជូនដោយឥតគិតថ្លៃ៕ 






















(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com