អន្តរជាតិ
អូស្រ្តាលី ស្នើឱ្យមានការប្រុងប្រយ័ត្នក្នុងរដ្ឋពីរ បន្ទាប់ពីប្តីប្រពន្ធមួយគូមានជំងឺកូវីដ-១៩ ធ្វើដំណើរឆ្លងកាត់
10, Jun 2021 , 6:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ៖ ឈួ ស៊ាវយីងជាវ
អាជ្ញាធរអូស្រ្តាលី បានដាស់តឿនប្រជាពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ក្នុងរដ្ឋចំនួនពីរ ដូចជា New South Wales និង Queensland បន្ទាប់ពីបុគ្គលពីរនាក់ ត្រូវបានរកឃើញមានផ្ទុកកូវីដ-១៩ ។ ស្វាមីភរិយាមួយគូនេះ បានចេញដំណើរពីរដ្ឋ Victoria ដែលជារដ្ឋផ្ទុះជំងឺកូវីដ-១៩ ខ្លាំង ទៅរដ្ឋ New South Wales និងរដ្ឋ Queensland។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ  Reuter នៅថ្ងៃទី១០ ខែមិថុនា។

 
អាជ្ញាធររដ្ឋ New South Wales និង Queensland កំពុងស្វះស្វែងរកអ្នកពាក់ព័ន្ធ និងទីតាំងដែលប្តីប្រពន្ធមួយគូបានទៅ ដើម្បីបង្ការករណីឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធររដ្ឋ Queensland នៅថ្ងៃទី៩ ខែមិថុនា បានប្រកាសថា ស្រ្តីដែលមានវ័យ ៤៤ឆ្នាំរូបនេះ ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅរដ្ឋ Queensland ហើយប្តីរបស់គាត់ ក៏មានលទ្ធផលវិជ្ជមានផងដែរ។ ប្តីប្រពន្ធមួយគូនេះ អាចប្រឈមនឹងបទចោទព្រហ្មទណ្ឌ ចំពោះការល្មើសបម្រាមនៃវិធានការរឹតត្បិតការធ្វើដំណើរ។
 
ទន្ទឹមនេះ អាជ្ញាធរនៅរដ្ឋ Queensland បានចេញសេចក្ដីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្ន នៅទីតាំងមួយចំនួននៃឆ្នេរ Sunshine ដែលជាតំបន់ទេសចរណ៍ពេញនិយម និងតំបន់ពីរផ្សេងទៀត ដើម្បីបង្ការការរីកសាយនៃជំងឺកូវីដ-១៩។ ចំណែកអាជ្ញាធរនៅរដ្ឋ New South Wales បានអះអាងថា អ្នកដំណើរមួយគូនេះបានធ្វើដំណើរ ឆ្លងកាត់ទីក្រុងក្នុងរដ្ឋមួយនេះ រយៈពេល៥ថ្ងៃ នៅសប្តាហ៍មុន។
 
«ការជូនដំណឹង ទៅដល់សហគមន៍ក្នុងតំបន់របស់យើង ក្នុងគោលបំណងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយនេះជាគ្រោះថ្នាក់ជាក់ស្ដែងសម្រាប់យើងទាំងអស់គ្នា។ រដ្ឋមន្រ្តីសុខាភិបាលប្រចាំរដ្ឋ New South Wales លោក Nrad Hazzard ថ្លែងបែបនេះ ដោយបន្ថែមថា អ្នកមានផ្ទុកជំងឺកូវីដ-១៩ ឆ្លងកាត់ និងឈប់សំចតនៅកន្លែងជាច្រើន។ 
 
យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន រដ្ឋមន្រ្តីសុខាភិបាលរដ្ឋ Queensland  លោក Yvette D'Ath បានអះអាងថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្តីប្រពន្ធទាំងពីរ ទំនងជាស្ថិតនៅដំណាក់កាលចុងក្រោយនៃរយៈពេលឆ្លងរបស់ជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ លោករដ្ឋមន្រ្តីចង់បញ្ជាក់ថា ការចម្លងជំងឺកូវីដ-១៩ ពីសំណាក់ប្តីប្រពន្ធទាំងពីរទៅអ្នកដទៃ គឺមានកម្រិតទាប។ 
 
គួរបញ្ជាក់ថារដ្ឋ New South Wales ដែលជារដ្ឋមានចំនួនប្រជាជនច្រើនជាងគេក្នុងប្រទេស មិនបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកជាងមួយខែមកហើយ ខណៈរដ្ឋ Queensland ក៏បានប្រកាស ករណីឆ្លងចុងក្រោយ តាំងពីខែមីនាមក។
 
គិតត្រឹមពេលនេះ អូស្រ្តាលី មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៣ម៉ឺនករណី  និងអ្នកស្លាប់មានចំនួន៩១០នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៩១៥៦នាក់៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com