COVID-19
ជាតិ
រដ្ឋាភិបាល ចាប់ផ្ដើមបើកប្រាក់ឧបត្ថម្ភ ដល់ពលរដ្ឋនៅតំបន់ក្រហម កាលពីអំឡុងពេលបិទខ្ទប់
10, Jun 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលចាប់ផ្ដើមបើកប្រាក់ដល់គ្រួសាពលរដ្ឋ និងកម្មកររោងចក្រ ដែលរស់នៅតំបន់បិទខ្ទប់ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងព្រះសីហនុ ។ ក្រុមគ្រួសារពលរដ្ឋដែលនៅតំបន់ក្រហម និងកម្មករ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ១៦ម៉ឺនរៀល ដល់៣០ម៉ឺនរៀល។

 
សារលិខិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត នៅថ្ងៃទី៩ មិថុនា បានបញ្ជាក់ថា ពលរដ្ឋដែលមានជីវភាពខ្វះខាត, កម្មករ និងគ្រួសារអ្នកឆ្លងកូវីដ-១៩ ដែលទទួលបានការបញ្ជាក់ពីអាជ្ញាធរ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាចបើកប្រាក់ឧបត្ថម្ភពីទីតាំងវីងបាន។ 
 
ចំពោះចំនួនទឹកប្រាក់នេះ លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ ធ្លាប់បានលើកឡើងក្នុងសន្និសីទស្ដីពី ជំនួយសង្គមដល់ពលរដ្ឋតំបន់បិទខ្ទប់ ថា រដ្ឋាភិបាលនឹងចំណាយ៤លានដុល្លារ ជួយដល់ពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហមដែលមានជាង៦ម៉ឺននាក់។ 
 
ដោយឡែក ពលរដ្ឋដែលមិនទាន់កំណត់អត្តសញ្ញាណ ត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើសុំសម្ភាសន៍ ឬកំណត់អត្តសញ្ញាណ។ បើតាមលិខិតសម្ដេច ហ៊ុន សែន ពលរដ្ឋខ្វះខាតដែលមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ គឺរួសរាន់ផ្ដល់ដំណឹងទៅអាជ្ញាធរក្នុងសប្ដាហ៍នេះ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនៅជំហានបន្ទាប់។ 
 
កាលពីថ្ងៃទី១១ឧសភា រាជរដ្ឋាភិបាលបានសម្រេចឧបត្ថម្ភថ្លៃស្បៀងអាហារ ទឹកស្អាត និងថ្លៃអគ្គិសនី ជូនក្រុមគ្រួសារ ដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានជីវភាពខ្វះខាត ចាប់ពីជិត១៦ម៉ឺនរៀល ដល់ជាង៣០ម៉ឺនរៀល។ ក្នុងនោះកម្មករ-កម្មការិនី ក៏ទទួលបានការឧបត្ថម្ភរួម១៦ម៉ឺនរៀល ក្នុង១នាក់ផងដែរ។
 
កម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» គឺជួយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងជួបប្រឈមការលំបាក ដោយសារការអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ រួមទាំងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១។
 
ចំពោះគ្រួសារដែលរងគ្រោះពីការបិទខ្ទប់នេះ សមាជិកគ្រួសារម្នាក់ បូកបញ្ចូលទាំងថ្លៃស្បៀងអាហារ, ថ្លៃទឹកនិងថ្លៃអគ្គិសនី២ខែ នឹងទទួលបានប្រាក់សរុបចំនួន១៥ម៉ឺន៦ពាន់រៀល។ សមាជិកគ្រួសារ ២-៣នាក់ នឹងទទួលបានប្រាក់២៤៣,៧០០រៀល។ សមាជិកគ្រួសារ៤នាក់ឡើង នឹងទទួលបានប្រាក់៣១ម៉ឺន១ពាន់រៀល។
 
រីឯ កម្មករបម្រើការនៅតាមរោងចក្រ-សហគ្រាស នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់, ស្បែកជើង និងកាបូប នៅក្នុងតំបន់បិទខ្ទប់ ដូចបានកំណត់ខាងលើ នឹងទទួលបានការឧបត្ថម្ភមួយលើកគត់ ចំនួន១៦ម៉ឺនរៀល/ម្នាក់ ដែលនឹងត្រូវបានផ្តល់តាមរយៈយន្តការរបស់ក្រសួងការងារ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com