ជាតិ
សម្ដេច ស ខេង បញ្ជាឲ្យអភិបាលខេត្តជាប់ព្រំដែនវៀតណាម ពង្រឹងការបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់ សម្ដេច ស ខេង (រូបពី ទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអភិបាលខេត្តជាប់ព្រំដែនវៀតណាម បង្កើនការត្រួតពិនិត្យការចេញ-ចូលនៅច្រកព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការឆ្លងដែនខុសច្បាប់។
សម្ដេច ស ខេង បានចេញលលិខិតជម្រាបទៅអភិបាលខេត្តជាប់ព្រំដែនវៀតណាម នៅថ្ងៃទី៩មិថុនានេះ ឲ្យរៀបចំកិច្ចប្រជុំដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូជាមួយអាជ្ញាធរប្រទេសទាំងពីរ ដើម្បីពិភាក្សាការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩។ ការធ្វើបែបនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមតំបន់ព្រំដែន។ លើសពីនេះ គឺទប់ស្កាត់និងបង្រ្កាបបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់។
ជាមួយគ្នានេះ សម្ដេច ស ខេង ជំរុញឲ្យរៀបចំកិច្ចពិភាក្សាគ្នារវាងអាជ្ញាធរកម្ពុជា និងវៀតណាម ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរទំនិញកសិផល គ្រឿងឧបភោគបរិភោគ នៅក្នុងជីវភាពរស់នៅប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ សម្ដេច ស ខេង បានប្រាប់អភិបាលខេត្តជាប់ព្រំដែនធ្ងន់ៗថា៖ «ត្រូវពង្រឹងអនុវត្តឲ្យបានតឹងរ៉ឹងនិងម៉ឹងម៉ាត់នូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ឲ្យមានប្រសិទ្ធភាព»។
សម្ដេច ស ខេង ក៏បានជំរុញឲ្យបន្តការអប់រំនិងផ្សព្វផ្សាយ ដល់សាធារណជនតាមមូលដ្ឋានរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្ន តាមវិធានការក្រសួងសុខាភិបាលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com