អន្តរជាតិ
ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់បង្កើតកូនភ្លោះ១០នាក់ក្នុងពេលតែមួយ ប្រុស៧ ស្រី៣
10, Jun 2021 , 9:59 pm        
រូបភាព
អ្នកស្រី Gosiame Thamara Sithole។ រូបថត ANA
អ្នកស្រី Gosiame Thamara Sithole។ រូបថត ANA
ដោយ: ធីតា
អ្នកស្រី Gosiame Thamara Sithole ជនជាតិអាហ្វ្រិកខាងត្បូង អាចក្លាយជាម្ចាស់កំណត់ត្រាពិភពលោក ក្រោយគាត់បានពរពោះ និងបង្កើតកូនភ្លោះរហូតដល់ទៅ១០នាក់ក្នុងពេលតែមួយ។ ដំបូងឡើយ ការស្កេនផ្ទៃពោះ មើលឃើញតែកូន៨នាក់ប៉ុណ្ណោះ។

 
«កូនប្រុស៧នាក់ និងកូនស្រី៣នាក់។ ខ្ញុំរីករាយណាស់។ ខ្ញុំរំភើបណាស់។ ខ្ញុំមិនអាចនិយាយបានច្រើនឡើយ»។ លោក Teboho Tsotetsi ដែលជាស្វាមី បានរៀបរាប់ប្រាប់សារព័ត៌មាន Pretoria News។ 
 
តាមប្រភពបន្ថែមដែល BBC ទទួលបាន អ្នកស្រី Sithole អាយុ៣៧ឆ្នាំ ពិតជាបានបង្កើតកូន១០នាក់ ដោយក្នុងនោះ៥នាក់បង្កើតដោយធម្មជាតិ និង៥នាក់ទៀតតាមរយៈការវះកាត់ស្បូនបើកពោះ។
 
កាលពី៦ឆ្នាំមុន អ្នកស្រី Sithole ក៏បានបង្កើតកូនភ្លោះ២នាក់ផងដែរ។ សម្រាប់លើកនេះ គាត់បានអះអាងថា ខ្លួនមានសុខភាពល្អ ក្រោយពរពោះប្រមាណ២៩សប្តាហ៍។ 
 
លោក Teboho Tsotetsi បានអះអាងថា លោកបានងើយទៅមើលព្រះចន្ទ ហើយមានអារម្មណ៍ថា ព្រះជាម្ចាស់បានប្រទានកូនៗដល់គ្រួសារលោក។ លោកពិតជារីករាយខ្លាំងណាស់។
 
ក្រុមការងារកំណត់ត្រាពិភពលោក Guinness World Records បានបញ្ជាក់ថា ពួកគេកំពុងតាមពិនិត្យមើលករណីអ្នកស្រី Sithole មុននឹងផ្តល់ចុះបញ្ជីផ្លូវការ។
 
កាលពីឆ្នាំ២០០៩ ស្ត្រីម្នាក់នៅអាមេរិកបានកូនភ្លោះបាន៨នាក់ ហើយទទួលបានកំណត់ត្រាពី Guinness World Record ខណៈកាលពីខែឧសភា កន្លងមក មានរបាយការណ៍ថា ស្ត្រីម៉ាលីអាយុ២៥ឆ្នាំម្នាក់ បានបង្កើតកូន៩នាក់នៅគ្លីនិចមួយក្នុងប្រទេសម៉ារ៉ុក៕
 
 
 

Tag:
 កូនភ្លោះ
© រក្សាសិទ្ធិដោយ thmeythmey.com