ជាតិ
៥ខែ កម្ពុជានាំចេញអង្ករថយចុះជាង៣០ភាគរយ
10, Jun 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករទៅបណ្ដាប្រទេសនានា ចំនួន២៣៣,០៣១តោន ក្នុងរយៈពេល៥ខែនេះ ដែលថយចុះជាង៣០ភាគរយ បើធៀបនឹងការនាំចេញរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ ស្ដីពីសភាពការណ៍កសិកម្មប្រចាំឧសភា ឆ្នាំ២០២១ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។



ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា អង្ករជាង២៣ម៉ឺនតោនរបស់កម្ពុជា ត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន៥៤។ ក្នុងនោះក្រុមហ៊ុនធំៗចំនួន១០ បាននាំចេញអង្ករ ចំនួន១៦៨,៥១១តោន ស្មើនឹង៧២,៣១ភាគរយ។ ចំណែកឯក្រុមហ៊ុនចំនួន៤៤ទៀត បាននាំចេញអង្ករចំនួន៦៤,៥២០តោន ស្មើនឹង២៧,៦៩ភាគរយប៉ុណ្ណោះ។
 
ក្នុងចំណោមនោះ អង្ករជាង៥ម៉ឺនតោន ស្មើនឹង២៣.៦៦ភាគរយ ត្រូវនាំចេញទៅប្រទេស២០នៅអឺរ៉ុប ជាង១២ម៉ឺនតោន ស្មើនឹង៥១.៨៦ភាគរយ ,នាំចេញទៅចិន និងប្រទេស៥ក្នុងតំបន់អាស៊ានជាង២ម៉ឺនតោន ស្មើនឹង៩.៣៨ភាគរយ និងទៅប្រទេស១៩ទៀត ជាង៥ម៉ឺនតោន ស្មើ១៥.១ភាគរយ។ នេះបើតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មប្រចាំឧសភា ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម។
 
សូមបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២១ អំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩ កម្ពុជាបាននាំចេញអង្ករជាង៤ម៉ឺនតោន ដោយថយចុះជាង១ម៉ឺនតោន បើធៀបនឹងរយៈពេល១ខែ ដូចគ្នាឆ្នាំ២០២០៕
 

Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com