ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​អាស៊ី​អាមេរិកាំង​កើនឡើង​ ប៉ុន្តែ​អ្នករងគ្រោះ​​មាន​ទំហំ​ខុសគ្នា​តាម​ដើម​កំណើត
អន្តរជាតិ
ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​អាស៊ី​អាមេរិកាំង​កើនឡើង​ ប៉ុន្តែ​អ្នករងគ្រោះ​​មាន​ទំហំ​ខុសគ្នា​តាម​ដើម​កំណើត
10, Jun 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ ស្ត្រី​ជនជាតិ​អាស៊ី​ពីរ​នាក់​កាន់​បដា​មួយ​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ការ​ស្អប់ខ្ពើម​ជាតិសាសន៍​អាស៊ី នៅ​ក្រុង​ចិន​ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ Photo: AP
រូបឯកសារ៖ ស្ត្រី​ជនជាតិ​អាស៊ី​ពីរ​នាក់​កាន់​បដា​មួយ​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ការ​ស្អប់ខ្ពើម​ជាតិសាសន៍​អាស៊ី នៅ​ក្រុង​ចិន​ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ Photo: AP
ដោយ: VOA
វ៉ាស៊ីនតោន — នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០២១​នេះ ឧក្រិដ្ឋកម្ម​ដោយសារ​ការស្អប់​ខ្ពើម​ជាតិ​សាសន៍​អាស៊ី ​នៅក្នុង​សហរដ្ឋ​អាមេរិក​កើនឡើង​ ១៦៩% ​បើ​ធៀប​នឹង​រយ:ពេល​ដូចគ្នា​នេះ​ក្នុង​ឆ្នាំ​២០២០។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​មួយ​កាលពី​ចុង​ខែមេសា ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​សិក្សា​ពី​អំពើ​សម្អប់​និង​ភាព​ជ្រុល​និយម (Center for the Study of Hate and Extremism) នៃ​សាកលវិទ្យាល័យ California State ប្រចាំ​ទីក្រុងSan Bernardino។

 
ចាប់តំាង​ពីដើម​ឆ្នាំ​២០២០ ​ក្រោយការផ្ទុះ​ឆ្លង​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩​ដែល​មាន​ប្រភព​មក​ពី​ទីក្រុង​ Wuhan​ ប្រទេស​ចិន ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ មាន​ការកើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើមជាតិ​សាសន៍​អាស៊ី​ ស្ទើរ​គ្រប់​រូបភាព​ចាប់ពី​ការបញ្ចេញ​កាយវិកា​ស្អប់ខ្ពើម​ ការជេរប្រមាថ ​ការលួចវាយ​ឆ្មក់​ដោយ​ហិង្សា​ ឬ ​ការប្រើ​ហិង្សា​ដោយ​ចំហ ​ការលួច​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ ​រហូត​ដល់​ការបាញ់សម្លាប់ ឬ​ប៉ុនប៉ង​ចាក់​សម្លាប់​ជាដើម។
 
កាលពី​ថ្ងៃ​ទី១៦​ ខែមីនា ​ជនសង្ស័យ​ជា​បុរស​ស្បែក​ស ​ឈ្មោះ Robert Aaron Long ​អាយុ​២១​ឆ្នាំ​ បាន​បាញ់​ប្រហារ​នៅ​ក្នុង​ហាង​ស្ប៉ា​បី​ទីតាំងផ្សេង​គ្នានៅ​ក្នុង​ទីក្រុង Atlanta ​រដ្ឋ Georgia ​បង្ក​ឲ្យ​មនុស្ស​៨​ នាក់​ស្លាប់ ​ដែល​ក្នុង​នោះជនរងគ្រោះ​បួន​នាក់​ជា​ស្ត្រី​មាន​ដើម​កំណើត​មកពី​ប្រទេសកូរ៉េខាង​ត្បូង​និង​ពីរ​នាក់​ជា​ស្រ្ដី​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ចិន។
 


រូបឯកសារ៖ ទីតាំង​ហាង​ស្ប៉ា​មួយ​កន្លែង​នៅ​ក្នុង​ក្រុង Acworth ​រដ្ឋGeorgia ដែលជនសង្ស័យ​ជា​បុរស​ស្បែក​ស​ឈ្មោះ Robert Aaron Long ​អាយុ​២១​ឆ្នាំ​ បាន​បាញ់​ប្រហារ​នៅ​ទីនោះ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

ជិត​មួយ​ខែ​ក្រោយ​មក គឺនៅ​ថ្ងៃ​ទី១៥ ​ខែមេសា ជនសង្ស័យ​ជា​បុរស​ស្បែកស​ម្នាក់ទៀត​ឈ្មោះ Brandon Scott Hole ​អាយុ១៩​ឆ្នាំ​បានបាញ់​សម្លាប់​មនុស្ស​ ៨ ​នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ប្រៃសណីយ៍​FedEx ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង ​Indianapolis ​រដ្ឋ​ Indianaដែល​ក្នុង​នោះ​ជនរងគ្រោះ​បួន​នាក់​មាន​ដើម​កំណើត​មកពី​ប្រទេសឥណ្ឌា។ ជនសង្ស័យ​បាន​បាញ់​សម្លាប់​ខ្លួន​ក្នុង​ហេតុការណ៍​នោះ។
 
វិទ្យុ NPR ក៏​បាន​រាយការណ៍​ថា ​កាលពី​ថ្ងៃ​អង្គារ ​ទី០៤​ ខែ​ឧសភា ​មាន​ករណី​ប៉ុនប៉ង​ចាក់​សម្លាប់​ស្ត្រី​ចំណាស់​ដើមកំណើត​អាស៊ី​ពីរ​នាក់ម្នាក់​អាយុ​ ៨៤ឆ្នាំ ​និង​ម្នាក់​ទៀត​អាយុ​៦៣ឆ្នាំ ​នៅ​ចំណត​រថយន្ត​ក្រុង​មួយ​ក្នុង​ទីក្រុង ​San Francisco ​រដ្ឋ​ California ​ដោយ​ជន​សង្ស័យ​ជា​បុរស​ស្បែក​ខ្មៅ​ឈ្មោះ Patrick Thompson ​អាយុ៥៤ឆ្នាំ។​ សំណាង​ល្អ ​ស្ត្រី​ចំណាស់​ទំាងពីរ​នាក់​មិន​រង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​នោះ​ទេ ​ហើយ​ជនសង្ស័យ​ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន។​
 
សារព័ត៌មាន​ ABC​7news ​បាន​រាយការណ៍​ថា ​កាលពី​ថ្ងៃ​ទី ២៧​ ខែមីនា​ មានឧបទ្ទវហេតុ​លួច​ដុតរថយន្ត​ពីរ​គ្រឿង​របស់​បុរស​ចំណាស់​ដើម​កំណើត​អាស៊ី​ពីរ​រូប ​នៅ​ក្នុងទីក្រុង​ Oakland ​រដ្ឋ ​California​ ដែលរថយន្ត​មួយ​គ្រឿង​គឺ​ជា​របស់​លោក Chheng ​ដែលសុំ​មិន​ប្រាប់​ពី​នាម​ត្រកូល ​មានដើម​កំណើត​មក​ពី​ប្រទេស​កម្ពុជា ​និង​មួយ​គ្រឿង​ទៀត​ជា​របស់​អ្នក​ជិត​ខាង​លោក Chheng ​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ចិន។​ សារព័ត៌មាន​ ABC​7news ​ក៏​បាន​រាយការណ៍​ថា ​ជន​រងគ្រោះ​ទំាង​ពីរ​មាន​អារម្មណ៍​ថា ​ពួកគេ​ជា​គោលដៅ​នៃ​ការវាយ​ប្រហារ​ដោយសារ​ការស្អប់ខ្ពើម​ជាតិ​សាសន៍​អាស៊ី ​ដូច​ជនជាតិ​អាស៊ី​ផ្សេង​ទៀត​នៅ​ទូទំាង​សហរដ្ឋ​អាមេរិក​ដែរ។
 
បើទោះ​ជា​អំពើ​ហិង្សា​លើ​សាសន៍​អាស៊ី​កើនឡើង​ ប៉ុន្តែ​ជាក់ស្ដែងមិន​មែន​ឲ្យតែ​ពល​រដ្ឋ​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ក្នុង​ទ្វីបអាស៊ី ​គឺជា​គោល​ដៅ​នៃ​ការវាយ​ប្រហារនោះ​ទេ។ ការណ៍​នេះ​ដោយ​អាស្រ័យ​លើ​ការយល់​ឃើញ​ថា​សាសន៍​ណា​ខ្លះ​ដែល​ពលរដ្ឋ​អាមេរិកាំង​យល់​ថា​ជា​សាសន៍​អាស៊ី។ នេះ​បើតាម​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​សាស្ត្រាចារ្យ​អាមេរិកាំង​ពីរ​រូប។
 


ករណី​រើសអើង​ជនជាតិ​អាស៊ី​នៅ​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​កើតឡើង​នៅ​តាម​កន្លែង​អាជីវកម្ម ផ្លូវ​សាធារណៈ តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សួនសាធារណៈ។ (VOA News)

​ក្នុង​អត្ថបទ​ស្រាវជ្រាវថ្មីរបស់​អ្នកស្រី​សាស្ត្រាចារ្យ Jennifer Lee ​នៃ​សាកល​វិទ្យាល័យ Columbia (Columbia University) និង​លោក​សាស្ត្រាចារ្យ​ Karthick Ramakrishnan ​នៃ​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វញ៉ា​ (University of California) ​ដែល​មាន​ចំណង​ជើង​ថា៖​ «តើ​អ្នក​ណា​ខ្លះ​ត្រូវ​បាន​រាប់​ថា​ជា​ជាតិសាសន៍​អាស៊ី​និង​តើ​អ្វីទៅ​ដែល​ត្រូវ​បាន​រាប់​ថា​ជា​ការ​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​ជាតិ​សាសន៍​អាស៊ី?» ដែល​ចេញ​ផ្សាយកាល​ពី​ថ្ងៃទី១៣ ​ខែឧសភា​ក៏​បាន​បង្ហាញ​ថា ​ពលរដ្ឋ​អាមេរិក​កាំង​មិនបាន​ចាត់ទុក​ពលរដ្ឋ​ទាំងអស់​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ក្នុងទ្វីបអាស៊ី​ថា​ជា​ «ពលរដ្ឋ​ជាតិសាសន៍​អាស៊ី» ​នោះ​ទេ។ នៅក្នុង​ក្រសែ​ភ្នែក​របស់ពលរដ្ឋ​អាមេរិកកាំង ​ពេល​និយាយ​ពី​ពលរដ្ឋ​អាស៊ី ​ឬ​អាស៊ី​អាមេរិកាំង​គឺ​សំដៅ​ទៅ​លើ​ពលរដ្ឋ​ដែល​មាន​ដើម​កំណើត​មក​ពី​តំបន់​អាស៊ី​ខាង​កើត​ ជាពិសេស​មកពី​ប្រទេស​ចិន។​
 
អត្ថបទ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា៖ «ពលរដ្ឋ​អាមេរិកាំង​ប្រមាណ ៨០% ចាត់​ទុក​ថា​ពលរដ្ឋ​ដែល​មាន​ដើម​កំណើត​មក​ពី​ចិន ជប៉ុន និង​កូរ៉េ​ជា​ពលរដ្ឋ​អាស៊ី ​ឬ​អាស៊ី​អាមេរិកំាង ​ហើយ ​៧០% ​នៃ​ពលរដ្ឋ​អាមេរិកាំង​ចាត់​ទុក​ពលរដ្ឋ​អាស៊ី​អាគ្នេយ៍​ដូចជា​ហ្វីលីពីន ​ជា​ពលរដ្ឋ​អាស៊ី ​ឬ​អាស៊ី​អាមេរិកាំង។ មាន​តែ​ពលរដ្ឋ​អាមេរិកំាង​ ៤៦% ​ប៉ុណ្ណោះ ​ដែល​ចាត់​ទុក​ថា​ពលរដ្ឋដើម​កំណើត​ឥណ្ឌា ជា​ពលរដ្ឋ​អាស៊ី ​និង​ ៣៧% ​គិត​យ៉ាង​ដូច្នេះ​ចំពោះ​ពល​រដ្ឋ​ដើម​កំណើត​ប៉ាគីស្ថាន»។
 
បើ​យោង​តាម​ការស្ទង់​មតិ​កាល​ពី​ខែ​មីនា ​ឆ្នាំ២០២១​ របស់​ពលរដ្ឋ​អាស៊ី​អាមេរិកាំង និង​អ្នកដែនកោះ​ប៉ាស៊ីហ្វិក​ (AAPI Data)​ និង​ SurveyMonkey ការ​គំរាម​កំហែងដោយ​ឧក្រិដ្ឋកម្ម​ដោយសារ​ការស្អប់​ខ្ពើម​ជាតិ​សាសន៍​អាស៊ី ​ប៉ះពាល់​ដល់​អារម្មណ៍របស់ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ជាច្រើន​នាក់។ ការស្ទង់​មតិ​នេះ​បង្ហាញ​ថា ​ពលរដ្ឋ​ដែល​មាន​ដើម​កំណើត​មកពី​ប្រទេស​ចិន ៧២% ​ព្រួយ​បារម្ភ​អំពី​ការក្លាយ​ខ្លួន​ជា​ជនរងគ្រោះនៃ​ឧក្រិដ្ឋកម្ម​ប្រឆំាង​ការរើសអើង​ពូជសាសន៍​អាស៊ី ​ហើយ​ពលរដ្ឋ​ ៦៨% ​ដែល​មាន​ដើម​កំណើត​មកពី​តំបន់​អាស៊ី​អាគ្នេយ៍​និង​៥៨%​នៃ​ពលរដ្ឋ​មាន​ដើម​កំណើត​មកពី​តំបន់​អាស៊ី​ខាង​ត្បូង​បារម្ភ​អំពី​បញ្ហា​នេះ​ដូចគ្នា។ លើស​ពីនេះ​ ស្ត្រី​ពលរដ្ឋ​អាស៊ី​អាមេរិកំាង​ពេញ​វ័យ​ម្នាក់ ​ក្នុង​ចំណោម​ប្រាំពីរ​នាក់​ព្រួយ​បារម្ភ​ជា​ប្រចាំ ​បន្ទាប់​ពី​រលក​នៃ​អំពើ​ហិង្សា​លើ​ជាតិ​សាសន៍​អាស៊ី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩ ​បាន​កើត​ឡើង។​
 
លោក កែវ សាម៉ាឌី ​អាយុ៣៦​ឆ្នាំ​ជា​ពលរដ្ឋ​អាមេរិកំាង​ដើម​កំណើត​ខ្មែរ​ដែល​ធ្វើការ​ជា​ប្រធាន​ផ្នែក​បញ្ជាទិញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ក្នុង​ទីក្រុង​ Alexandria រដ្ឋ​ Virginia ​មករស់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០១៦ ​បាន​ប្រាប់​វីអូអេ​ថា ​ពេល​លោក​ទៅ​ណា​មក​ណា​ឬ​ចូល​ក្នុង​ចំណោម​ពលរដ្ឋ​ស្បែក​ស​សុទ្ធ​ឬ​ខ្មៅ​សុទ្ធ ​លោក​តែងតែ​មាន​កូន​ចិត្ត​ព្រួយ​បារម្ភ​ តែបើ​ទៅ​កន្លែង​ណា​មាន​ជាតិ​សាសន៍​ចម្រុះ​ នោះ​លោក​មិន​ភ័យទេ។​
 


លោក កែវ សាម៉ាឌី អាយុ៣៦ ឆ្នាំ ជាពលរដ្ឋ​អាមេរិកំាង​ដើមកំណើតខ្មែរធ្វើការនៅក្នុងទីក្រុង Alexandria រដ្ឋ Virginia សហរដ្ឋ​អាមេរិក។ (រូបថតផ្តល់ឲ្យដោយលោក កែវ សាម៉ាឌី)
លោក កែវ​ សាម៉ាឌី ​បាន​បន្ថែម​ថា៖​
 
«នៅតែ​មាន​ភាព​ភ័យ​ខ្លាច​អីចឹង ​គ្រាន់តែ​ថា​មិន​មែន​ភ័យ​ខ្លាច​ដល់​ថ្នាក់​ស្លន់​ស្លោរ​ទេ ​គ្រាន់​តែ​យើង​ភ័យ​ខ្លាច​តែ​នៅ​គិត​ក្នុង​ចិត្ត ​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​តែ​តៀម​ខ្លួនជានិច្ច​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ក្នុង​ចំណោម​ក្រុម​ស្បែក​ស​សុទ្ធ ឬ​ទៅ​ក្នុង​ចំណោម​ក្រុម​ស្បែក​ខ្មៅ​សុទ្ធ»។​
 
ការ​ស្រាវ​ជ្រាវរបស់របស់​ អ្នកស្រី​ Lee ​និង​លោក​ Ramakrishnan ក៏បាន​ឲ្យ​ដឹងថា ស្រប​ពេល​ដែលអំពើ​ហិង្សា​ប្រឆាំង​នឹង​ជាតិ​សាសន៍​អាស៊ី​មាន​ប្រវត្តិជា​យូរ​លង់ ​ឃោរឃៅ ​និង​មិន​សូវ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​ជាង​១៥០​ឆ្នាំ​មុន​មក​ម្ល៉េះ​ គេ​សង្កេត​ឃើញ​ថា​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​ប្រភេទ​នេះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ភាគ​ច្រើន​កើត​ឡើង​លើ​ពលរដ្ឋ​ដែល​មាន​ដើម​កំណើត​មក​ពី​តំបន់​អាស៊ី​ខាង​កើត ​ជាពិសេស​គឺ​ពលរដ្ឋចិន​តែ​ម្ដង។
 
​ឧទាហរណ៍​សំខាន់​មួយ​អំពី​ឧក្រិដ្ឋកម្ម​ដោយសារការស្អប់​ខ្ពើម​ជាតិ​សាសន៍​អាស៊ីត្រូវ​បាន​បង្ហាញ​ក្នុង​ការស្រាវជ្រាវ​នេះ​គឺ ​ករណី​បុរស​ស្បែក​ស​ពីរ​នាក់ធ្វើការ​នៅ​ក្នុង​រោងចក្រ​រថយន្ត​ នៅ​ក្នុង​ទីក្រុង​ Detroit​ រដ្ឋ​ Michigan ​វាយ​សម្លាប់​លោក Vincent Chin ​ដែល​មាន​ដើម​កំណើតមក​ពី​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៨២ ​ដោយ​ខឹងថា​លោក Chin ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​បាត់​បង់​ការងារ​ក្នុង​ឧស្សាហកម្ម​យានយន្ត ​ក្នុង​អំឡុង​នៃ​ការកើន​ឡើង​ការនាំចូល​រថយន្ត​ពី​ប្រទេស​ជប៉ុន​និង​ចំពេល​សហរដ្ឋ​អាមេរិក​ជួប​ប្រទះ​នឹងវិបត្តិ​សេដ្ឋកិច្ច។ ​
 
លោក កែវ សាម៉ាឌី ​ដែល​ជារឿយៗ​តែងតែ​ត្រូវ​បាន​គេ​ច្រឡំ​ថា​ជា​ជនជាតិ​ចិន​ដោយសារ​រូបរាង​ពណ៌សម្បុរ​និង​ភ្នែកតឹងៗ​នោះ ​បាន​លើក​ឡើង​ថា ​មូលហេតុ​មួយ​ដែលបង្ក​ឲ្យ​មាន​ការកើន​ឡើង​ការ​ស្អប់​ខ្ពើម​ប្រឆំាង​ជាតិ​សាសន៍​អាស៊ី​នេះ ​គឺ​ដោយសារ​តែ​ជន​មួយ​ចំនួន​បែង​បែក​ចែក​វណ្ណ: ហើយ​គិត​ថា​ពលរដ្ឋ​អាស៊ី​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​តែ​ធ្វើ​អ្នកបម្រើ​គេ ​ឬ​ការងារ​ផ្ដល់​សេវាកម្ម​ជាដើម តែ​ដល់​ពេល​ជន​ទំាង​នោះ​ឃើញ​ពលរដ្ឋអាស៊ីមាន​ការងារ​ល្អ​ធ្វើ ​ពួកគេ​ច្រណែន​ខឹង ​ហើយ​ចោទ​ថា​ពលរដ្ឋ​អាស៊ី​ដណ្ដើម​ការងារ​ពួកគេ។
 
អ្នកនាង តែ រ៉ានី អាយុ៣៣​ឆ្នាំ ​ជា​ពលរដ្ឋ​អាមេរិកំាង​ដើម​កំណើត​ខ្មែរ ​ដែល​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ២០១៥ ​និង​បម្រើ​ការងារ​ជា​អ្នកវិភាគ​ហិរញ្ញវត្ថុ​ប្រចាំ​ស្ថាប័ន​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ប្រាប់​វីអូអេ​ថា ​អ្នកនាង​សង្កេត​ឃើញ​ថា​អំពើ​ហិង្សាប្រឆំាង​នឹង​ការរើសអើង​ជាតិ​សាសន៍​អាស៊ី​កើន​ឡើង​ស្រប​ពេល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ ​និង​ក្រោយ​ពេល​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ​បាន​ហៅ​ជំងឺ​នេះ​ ថា​ជា​ជំងឺ​«ផ្ដាសាយ​ចិន»។
 
អ្នកនាង​បន្ថែម​ថា៖ «ប្រជាជន​អាមេរិកាំង​មួយ​ចំនួន​យល់​ច្រឡំ​ថា ​ពលរដ្ឋ​អាស៊ី​ទាំងអស់​សុទ្ធ​តែ​មក​ពី​ប្រទេស​ចិន​ ហើយ​ដោយសារ​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ ​មកពី​ប្រទេស​ចិន ​ពួកគាត់​ក៏​គិត​ថា​ជន​ជាតិ​អាស៊ី​ជា​អ្នក​ចម្លង​ជំងឺ​កូវីដ១៩»។
 
ទន្ទឹម​នឹង​នេះ​ ក៏​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​ខ្លះ​បន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​មូល​ហេតុ​នៃ​ការ​កើន​ឡើង​ឧក្រិដ្ឋកម្ម​ប្រឆំាង​ការស្អប់​ខ្ពើម​ជាតិ​សាសន៍​អាស៊ី​នេះ ហើយ​អ្នក​ខ្លះទៀត​ថា​មួយ​ផ្នែក ដោយសារ​ជនសង្ស័យ​មាន​ជំងឺ​ផ្លូវចិត្ត​តែ​ប៉ុណ្ណោះ។
 
លោក កែវ​ សាម៉ាឌី​ បាន​និយាយ​ថា៖ «ពេល​ខ្លះ​វិស័យ​សារព័ត៌មាន​ក៏​ជំរុញ​ទៅ​ដល់​ពួក​ដែល​មាន​គំនិត​បែប​ហ្នឹង ​យើង​ថា​គំនិត​អគតិ ​ពួក​ក្រុម​ដែល​ពួក​គាត់​កំពុង​តែ​ស្អប់​តែ​ស្អី​ហើយ ​ដល់​ពេល​ដែល​ពួក​គាត់​ឃើញ​ក្នុង​សារព័ត៌មាន ​[អំពី​ឧក្រិដ្ឋកម្ម​ប្រឆំាង​ជាតិសាសន៍​អាស៊ី] ​កើត​ឡើង​កក្រើក​ញឹក​ញាប់​ពេក​អីចឹង​ទៅ ​វា​ជំរុញទឹក​ចិត្ត​អ្នក​ដែល​កំពុង​ស្អប់​ជាតិ​សាសន៍​អាស៊ី​ឲ្យ​ចង់​ធ្វើ​អីចឹង​ដែរ»។
 
ចំណែក​អ្នកនាង គឹម ស៊ីដេត ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទីក្រុង​ Falls Church រដ្ឋ​ Virginia ​ដែល​បម្រើ​ការងារ​ជា​អ្នកវិភាគ​ប្រតិបត្តិការ​ម្នាក់នៅ​ធនាគារ​ពិភពលោក​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ​ដែល​សុំ​បញ្ចេញ​មតិ​ជា​លក្ខណ:​បុគ្គល​បាន​ប្រាប់​ VOA ​ថា៖
 
«ខ្ញុំ​គិត​ថា ​មូលហេតុ​ភាគច្រើន ​ខ្ញុំ​មិន​មែន​ជា​អ្នកឯកទេស​ខាង​ចិត្តវិទ្យា ​ឬ​ក៏​ខាង​ពេទ្យ​អីទេ ​ប៉ុន្តែ​ខ្ញុំ​អាន​ព័ត៌មាន​ដែល​គេ​និយាយ​ថា ​ដោយសារ​ជំងឺ​កូវីដ​ហ្នឹង​មនុស្ស​ទាំងអស់ ​ត្រូវ​ធ្វើ​ចត្តាឡីស័ក្ត​ ហើយ​នៅ​ផ្ទះ ហើយ​មាន​មនុស្ស​ខ្លះ​ទៀត​ដល់​ថ្នាក់​បាត់បង់​ការងារ​ធ្វើ​ វា​បង្កើត​ស្រ្តេស​ច្រើន។ វា​ទាក់ទង​នឹងផ្លូវ​ចិត្ត​យើង ​វា​ធ្វើ​ឲ្យ​ស្ដ្រេស។ វា​ធ្វើ​ឲ្យ​យើង​កើត​ Anxiety អ្នកខ្លះ​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ហើយ​អីចឹង​ទៅ​វាក្លាយ​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​ការរើសអើង​ [ជាតិ​សាសន៍​អាស៊ី] កាន់​តែ​ខ្លាំង»។​
 


អ្នកនាង គឹម ស៊ីដេត ជា​អ្នកវិភាគប្រតិបត្តិការម្នាក់​នៅ​ធនាគារ​ពិភពលោក​រស់នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋអាមេរិក។ (រូបថតផ្តល់ឲ្យដោយ​អ្នកនាង គឹម ស៊ីដេត)

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២០​ ខែឧសភា ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ​បាន​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់ច្បាប់​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា «ច្បាប់​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ដោយ​កូវីដ​១៩» ​ដោយ​ផ្ដល់​ឲ្យ​មន្ត្រី​មូលដ្ឋាន​ និង​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​នូវ​មធ្យោបាយ​និង​ធនធាន​ថ្មីៗ ​ដើម្បី​ប្រឆំាង​នឹង​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម ​ស្របពេល​ដែល​មាន​ការយក​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ឡើង​លើ​ការរើសអើង​ប្រឆំាង​ជាតិ​សាសន៍​អាស៊ី ​ក្នុង​អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។
 
លោក កែវ សាម៉ាឌី ​បាន​និយាយ​ថា​៖ «ក្នុង​ផ្ដត់​គំនិត​ខ្ញុំ ​ខ្ញុំ​គិត​ថា​យើង​ជា​ជាតិ​សាសន៍​ដទៃ​មួយ ដែល​មក​រស់​នៅ​លើ​ទឹកដី​របស់​គេ អីចឹង​ហើយ​យើង​ពេល​ខ្លះ យើង​រាង​ខ្លាច​។ ការគោរព​ច្បាប់​របស់​យើង​ យើង​ខ្លាច​ជាង​គេ។ យើង​អត់​ចង់​ឲ្យ​មាន​បញ្ហា​អី ​កើត​ឡើង​ ទោះ​ជា​គេ​និយាយស្ដី​អី​ក៏​ដោយ​ក៏​ខ្ញុំ​មិន​ចង់​ថា ​អត់​ចង់​ឈ្លោះ​ទាស់​ទែង​អត់​ចង់​ប្រកែក ​អត់​ចង់​និយាយ​ អត់​ចង់​តមាត់ ​តវ៉ា​អី​ជាមួយ​គេ​ទេ។ ចង់​នៅ​តែ​មួយ​សុខ​ខ្លួន​ឯង»។
 
ចំណែក​អ្នកនាង ​តែ​ រ៉ានី ​វិញ​យល់​ថា ក្រៅពីមាន​ច្បាប់​ទប់ស្កាត់​និង​ស្វែងរក​យុត្តិធម៌​ក្នុង​ករណីមាន​អំពើ​ហិង្សា​ ឬ​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​ការរើសអើង​ជាតិ​សាសន៍​នៅ​ស្ថាប័ន​រដ្ឋ​ និង​ឯកជន​ច្បាប់​ទាក់ទង​នឹង​ការរើសអើង​ជាតិ​សាសន៍​គួរតែ​ដាក់​បញ្ចូលក្នុងគោលការណ៍​នៅ​កន្លែង​ការងារ ​ហើយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​គួរ​សង្កត់​ធ្ងន់​លើ​សារ:សំខាន់​នៃ​ច្បាប់​នេះ ​ហើយ​គួរធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការគោរព និង​អនុវត្ត​ច្បាប់​នេះ។
 
អ្នក​នាង​បន្ថែម​ទៀត​ថា​៖ «ក្នុង​បរិបទ​រស់នៅ​ប្រចាំ​ថ្ងៃ​ប្រជាជន​អាស៊ី ​ឬពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​ គួរ​ដឹក​នាំ​ ឬ​ផ្ដួច​ផ្ដើម​សកម្មភាព​ ទប់ស្កាត់​ការប្រឆាំង​ជាតិ​សាសន៍​អាស៊ី ​ដោយ​ធ្វើ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​ ជា​អ្នកជិត​ខាង​ល្អក្នុង​សហគមន៍ ​និង​ជា​មិត្ត​ភក្តិល្អ​ជាមួយ​នឹង​ប្រជាជន​មក​ពី​គ្រប់​ពូជ​សាសន៍​ទាំង​អស់»។
 
ដូចគ្នា​នេះ​ដែរ​អ្នកស្រី​សាស្ត្រាចារ្យ​ Jennifer Lee ​និង​លោក​សាស្ត្រាចារ្យ​ Karthick Ramakrishnan ​បាន​ស្នើ​ឡើង​ថា​បើទោះបី​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​មាន​ការខុស​គ្នា​លើ​ផ្នែក​ភាសា វប្បធម៌ ​ឋានៈ​ក្នុង​សង្គម​និង​សាវតា​ក៏ដោយ​ ក៏​បទពិសោធ​នៃ​ការរើសអើង​និង​ការគំរាម​កំហែង​ប្រឆាំង​អាស៊ី​គឺ​ពួកគេ​ត្រូវរួបរួម​គ្នាគាំទ្រ​គោលនយោបាយ​ដែល​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​ជាតិ​សាសន៍៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com