ប៉ះអ៊ីរ៉ង់យប់នេះ គ្រូកម្ពុជាអះអាងថាបន្តលេងគ្រប់គ្រងបាល់ ទោះធ្លាប់ចាញ់១៤-០ ក៏ដោយ
FIFA
កីឡាជាតិ
ជាតិ
ប៉ះអ៊ីរ៉ង់យប់នេះ គ្រូកម្ពុជាអះអាងថាបន្តលេងគ្រប់គ្រងបាល់ ទោះធ្លាប់ចាញ់១៤-០ ក៏ដោយ
11, Jun 2021 , 7:59 am        
រូបភាព
លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានាសន្និសីទសារព័ត៌មានមុន​ការប្រកួត
លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានាសន្និសីទសារព័ត៌មានមុន​ការប្រកួត
ដោយ: ថ្មីៗ
កម្ពុជាបានហាលអាវរួចទៅហើយពីព្រឹត្តិការណ៍ជម្រុះ FIFA World Cup 2023 ប៉ុន្តែត្រូវប្រកួតបង្គ្រប់កិច្ចនៅក្នុងពូល C ជាមួយអ៊ីរ៉ង់ នាវេលាម៉ោង៩ និង៣០នាទីយប់នេះ នៅកីឡដ្ឋាន Khalifa Sports City ប្រទេសបារ៉ែន ដែលជាទឹកដីកណ្តាល។ កាលពីជើងទីមួយ អ៊ីរ៉ង់បានយកឈ្នះរហូតដល់ទៅ ១៤-០ នាក្រុងតេហេរ៉ង់។

 
 វាជាការប្រកួតដ៏កាន់តែតឹងតែងបំផុតសម្រាប់កម្ពុជា ដោយអ៊ីរ៉ង់ជាក្រុមស្ថិតនៅចំណាត់ថ្នាក់ទី៣១ ក្នុងតារាង FIFA Ranking និងជាក្រុមលំដាប់ទី២នៅអាស៊ី បន្ទាប់ពីជប៉ុន ខណៈកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៧៤។ 
 
«ទោះយ៉ាងណា យើងនឹងមិនផ្លាស់ប្តូរទម្រង់លេងរបស់យើងឡើយ ដោយយើងព្យាយាមរក្សាការគ្រប់គ្រងបាល់ ដូចគ្នានឹងអ្វីដែលយើងបានធ្វើពេលពីរប្រកួតចុងក្រោយ»។ នេះជាការអះអាងរបស់លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានាសន្និសីទសារព័ត៌មានមួយថ្ងៃមុនការប្រកួត។
 
នាអំឡុងនៃការប្រកួតរបស់កម្ពុជា លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅ បានឈរបញ្ជាផ្ទាល់  ខណៈលោក Ryu Hirose ស្ថិតនៅពីក្រោយ។ ក្រោយខកខានជាង១ឆ្នាំកន្លះដោយសារកូវីដ-១៩ ការប្រកួតបន្តនៅក្នុងពូល C ត្រូវរៀបចំនៅបារ៉ែន ដោយកម្ពុជាបានចាញ់ម្ចាស់ផ្ទះ ៨-០ និងចាញ់អ៊ីរ៉ាក់ ៤-១។
 
សម្រាប់ជំនួបជាមួយអ៊ីរ៉ាក់ ក្រុមកម្ពុជាទទួលបាននូវការកោតសរសើរពីអ្នកគាំទ្រ ជាពិសេសការគ្រប់គ្រងបាល់ដែលមានភាគរយលើសអ៊ីរ៉ាក់ ហើយអាចស៊ុតបាល់បញ្ចូលទីលើក្រុមខ្លាំងនេះបន្ថែមទៀត។ ការអះអាងរបស់លោក Ryu Hirose ពីការរក្សាទម្រង់លេង មិនខុសពីការលើកឡើងរបស់លោក Keisuke Honda នោះឡើយ ដោយលោកបានបញ្ជាក់ថា កម្ពុជាត្រូវប៉ះក្រុមខ្លាំងជាបន្តបន្ទាប់ ប៉ុន្តែត្រូវបន្តរក្សាទម្រង់លេងប្រកបដោយការជឿជាក់។
 
កម្ពុជាមានជម្រើសតែកីឡាករដែលប្រកបអាជីពក្នុងស្រុក ហើយថែមទាំងបានផ្តល់បទពិសោធន៍ដល់កីឡាករវ័យក្មេងជាបន្តបន្ទាប់ ដូចជា លឹម ពិសុទ្ធ, វុធ តុលា, ស រតនា, ឡេង ណូរ៉ា និងម៉ាត់ នូរុណ រីឯអ៊ីរ៉ង់បណ្តុំទៅដោយកីឡាករដែលលេងនៅក្របខណ្ឌកំពូលៗនៅអង់គ្លេស, ព័រទុយហ្គាល់, បែលហ្ស៊ិក, ក្រូអាស៊ី, ក្រិក, ដាណឺម៉ាក, កាតា, ចិន និងអ៊ីរ៉ង់ផ្ទាល់។
 
កីឡាករដែលគួរឲ្យកត់សម្គាល់ក្នុងក្រុមជម្រើសជាតិអ៊ីរ៉ង់មានដូចជា ខ្សែបម្រើ Alireza Jahanbakhsh នៅក្លិប Brighton, ខ្សែបម្រើ Saman Ghoddos នៃក្លិប Brentford ដែលជាសមាជិកថ្មីក្របខណ្ឌ Premier League។ នាជ័យជម្នះ ១៤-០ កាលពីជើងទី១ ខ្សែប្រយុទ្ធ Sardar Azmoun នៃក្លិប Zenit St.Persburg រកបាន៣គ្រាប់ និងខ្សែប្រយុទ្ធ Karim Ansarifard នៃក្លិប AEK Athens រកបាន៤គ្រាប់។
 
សម្រាប់ពូល C នេះ អ៊ីរ៉ាក់កំពុងឈរលើតារាងដោយមាន១៤ពិន្ទុ ខណៈអ៊ីរ៉ង់មាន១២ពិន្ទុក្រោយប្រកួតបាន៦លើក។ បារ៉ែន ឈរនៅលេខ៣ដោយមាន១២ពិន្ទុស្មើអ៊ីរ៉ង់ តែប្រកួតបាន៧លើក។ ហុងកុងមាន៥ពិន្ទុពីការប្រកួត៦លើក ខណៈកម្ពុជាមាន១ពិន្ទុពីការប្រកួត៧លើក ហើយត្រូវធ្លាក់ទៅលេងវគ្គ Play-off ជម្រុះ Asian Cup ឆ្នាំ២០២២ វិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com