អន្តរជាតិ
មេដឹកនាំអាមេរិក និងអង់គ្លេស បង្ហាញជំហររួមគ្នាការពារប្រជាធិបតេយ្យ
11, Jun 2021 , 10:04 am        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ជជែកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស_ លោក បូរីស ចនសុន។ រូបភាព AFP
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ជជែកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស_ លោក បូរីស ចនសុន។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី១០ ខែមិថុនា បានបញ្ជាក់ពីការការពារគុណតម្លៃលទ្ធិប្រជាធិតេយ្យ និងការរឹតចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ចនសុន ក៏បានចាត់ទុករដ្ឋបាល បៃឌិន ជាការផ្លាស់ប្តូរមុខមាត់ថ្មី ដែលខុសពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ។


ក្នុងជំនួបទល់មុខផ្ទាល់នៅក្នុងតំបន់ Cornwall ប្រទេសអង់គ្លេស មេដឹកនាំអង់គ្លេស និងអាមេរិក បានជជែកគ្នាលើបញ្ហាជាច្រើន។ ក្នុងនោះ លទ្ធិប្រជាធិបតេយ្យ ទំនាក់ទំនងទ្វេភាគី ការដើរចេញរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប និងបម្រែបម្រួលអាកាសធាតុជាដើម គឺសុទ្ធតែជារបៀបវារៈរបស់ថ្នាក់ដឹកនាំទាំងពីរ។
 
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានលើកឡើងថា អាមេរិក និងអង់គ្លេស មានទំនាក់ទំនងដ៏ពិសេស និងជំហររួមលើការការពារលទ្ធិប្រជាធិបតេយ្យ។ «យើងបន្តការសន្យារបស់យើង ក្នុងការការពារគុណតម្លៃលទ្ធិប្រជាធិបតេយ្យដែលប្រទេសទាំងពីរមានរួមគ្នា ក្នុងការពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរបស់យើង»។ លោកប្រធានាធិបតីអាមេរិក បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី១០ ខែមិថុនា។ 
 
ក្នុងជំនួបប្រមាណ ១ម៉ោង និង២០នាទី លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស បានសរសើររដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកបៃឌិន ចំពោះការប្តេជ្ញាក្នុងការសហការជាមួយសម្ពន្ធមិត្តលើបញ្ហាសកល ចាប់ពីបម្រែបម្រួលអាកាសធាតុ ដល់ជំងឺកូវីដ-១៩ និងបញ្ហាសន្តិសុខ។ 
 
ជាជំនួបដោយផ្ទាល់លើកដំបូង មេដឹកនាំទាំងពីរ ហាក់ជជែកត្រូវសម្តីគ្នា និងថែមទាំងមានសំណើចនៅក្នុងការពិភាក្សាទៀតផង។ ដោយមើលឃើញថា មានការខុសប្លែកពីរដ្ឋបាលមុន ប្រមុខរដ្ឋាភិបាលអង់គ្លេស បានហៅរដ្ឋបាលអាមេរិកថ្មីថាជា «ការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង»។ 
 
«វាជាជំនួបដ៏វែង និងល្អមួយ»។ លោក ចនសុន បានហៅជំនួបរវាងលោក និងប្រធានាធិបតីអាមេរិកបែបនេះ។ 
 
គួររំលឹកថា ក្រោមរដ្ឋបាលអាមេរិកចាស់ ដែលដឹកនាំដោយលោក ដូណាស់ ត្រាំ អាមេរិក និងអង់គ្លេស រួមទាំងសហភាពអឺរ៉ុប ហាក់មើលមុខគ្នាមិនសូវចំឡើយ ដោយសារលោកត្រាំ គិតគូរពីសេដ្ឋកិច្ចខ្លួនពេក ដោយអាមេរិកដំឡើងពន្ធទំនិញនាំចូល និងមិនចង់ចូលរួមក្នុងកិច្ចប្រជុំបែបពហុភាគីនិយមប៉ុន្មានឡើយ៕
 

Tag:
 អាមេរិក
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com