កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីតាលីស្វាគមន៍តួកគីនៅក្រុងរ៉ូមនាជំនួបបើកឆាក Euro 2020 ម៉ោង២យប់នេះ
11, Jun 2021 , 10:45 am        
រូបភាព
ដោយ: រួបរួម
កីឡដ្ឋាន Olimpico ក្រុងរ៉ូម ក្លាយជាទីតាំងនៃជំនួបបើកឆាកនៃព្រឹត្តិការណ៍ Euro 2020 ខណៈអ៊ីតាលី ស្វាគមន៍តួកគីក្នុងពូល A នាវេលាម៉ោង២យប់ឈានចូលថ្ងៃទី១២ ខែមិថុនា។

 
អ៊ីតាលីម្ចាស់ជើងឯកឆ្នាំ១៩៦៨ ត្រូវបានចាត់ទុកជាក្រុមខ្លាំងមួយក្នុងពូល ដោយបច្ចុប្បន្ន ពួកគេរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់២៧ប្រកួតនៅមុនព្រឹត្តិការណ៍ Euro នេះ។ ស្របពេលជាមួយគ្នា តួកគី ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០៨ រំពឹងបានជ័យជម្នះលើកដំបូងនាការប្រកួតបើកឆាក ដែលជាការព្យាយាមលើកទី៥។
 
លោក Senol Gunes គ្រូបង្វឹកក្រុមជម្រើសជាតិតួកគី បានអះអាងថា៖ «លទ្ធផលនៃការប្រកួតដំបូងគឺសំខាន់ណាស់។ ស្មើ ឬឈ្នះ នឹងធ្វើឲ្យពូលទាំងមូលកាន់តែមានការប្រកួតប្រជែង។ ខ្ញុំសង្ឃឹមយ៉ាងដូច្នេះ។ ខ្ញុំចង់ឃើញការរឹងមាំរបស់ក្រុមក្នុងការប្រកួតដំបូង ទោះបីចាញ់ រឿងសំខាន់គឺលេងបានល្អ។ តែខ្ញុំជឿជាក់ថា យើងឈ្នះ»។


 ប្រភពរូបថត៖ UEFA

រីឯលោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីវិញ បានគូសបញ្ជាក់ថា៖ «យើងត្រូវតែគោរពតួកគី ពួកគេមានកីឡាករល្អៗ។ ការប្រកួតបើកឆាកតែងតែពិបាក ហើយនឹងមានរឿងរ៉ាវគ្រប់បែបយ៉ាងដែលយើងត្រូវជួបប្រទះ។ យើងត្រូវតែប្រកួតដោយយកចិត្តទុកក្នុងព្រឹត្តិការណ៍ Euro នេះ ហើយយើងអាចធ្វើបានលទ្ធផលល្អ»។
 
សម្រាប់ព្រឹត្តិការណ៍ទ្វីបអឺរ៉ុបនេះ ក្រុមទាំងពីរធ្លាប់ជួបគ្នា៣លើក ដោយអ៊ីតាលីទាំង៣លើកក្នុងលទ្ធផល ៦-០ (ឆ្នាំ១៩៦២), ១-០ (ឆ្នាំ១៩៦៨) និង ២-១ (ឆ្នាំ២០០០)។ ពួកគេបានជួបគ្នាចុងក្រោយកាលពីជំនួបមិត្តភាពឆ្នាំ២០០៦ ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ 
 
កីឡាករដែលអាចស្ថិតក្នុងជម្រើសដំបូង៖ 
-តួកគី: Uğurcan Çakır; Zeki Çelik, Merih Demiral, Çağlar Söyüncü, Umut Meraş; Okay Yokuşlu, Ozan Tufan, Hakan Çalhanoğlu, Cengiz Ünder, Kenan; Burak Yılmaz
-អ៊ីតាលី: Donnarumma; Florenzi, Bonucci, Chiellini, Spinazzola; Barella, Jorginho, Locatelli; Berardi, Immobile, Insigne៕


 ប្រភពរូបថត៖ UEFA
 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com