អន្តរជាតិ
លោក បៃដិន ប្រកាសគម្រោងបរិច្ចាគវ៉ាក់សាំង៥០០លានដូសដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
11, Jun 2021 , 12:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយមានលោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pifzer ឈរក្បែរ។ រូបថត AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយមានលោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pifzer ឈរក្បែរ។ រូបថត AFP
ដោយ៖ ឈួស៊ាវយីងជាវ

ប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃទី១០ ខែមិថុនា ប្រកាសបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥០០លានដូសរបស់ក្រុមហ៊ុន Pfizer ឱ្យបណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោក។ លោកចាត់ទុកចំនួនវ៉ាក់សាំងដ៏ច្រើននេះ នឹងជួយជំរុញយុទ្ធនាការប្រឆាំងជំងឺផ្លូវដង្ហើមមួយនេះលើពិភពលោក ហើយអាមេរិកមិនចង់បានអ្វីត្រឡប់មកវិញឡើយ។ ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោកទាំង៧ (G7) ក៏រំពឹងថា នឹងបរិច្ចាគវ៉ាក់សាំងរាប់រយលានដូសដែរ។

 
ដោយមាននាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla ឈរក្បែរផង ប្រធានាធិបតីអាមេរិក ចូ បៃឌិន ប្រកាសផែនការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនកន្លះពាន់លានដូសសម្រាប់ប្រទេសមានចំណូលទាប និងមធ្យមលើពិភពលោក។ លោក បៃឌិន អះអាងថា ជំនួយរបស់អាមេរិក គ្មានចំណងអ្វីឡើយ។
 
 ការបរិច្ចាគវ៉ាក់សាំងរបស់យើង មិនមានសម្ពាធដើម្បីបានការគាំទ្រផ្នែកនយោបាយណាមួយឬសម្បទានអ្វីទេ។ យើងកំពុងធ្វើដើម្បីជួយជីវិតមនុស្សតែប៉ុណ្ណោះ។» ប្រធានាធិបតីអាមេរិកបញ្ជាក់បែបនេះពីទីក្រុងមាត់សមុទ្រ Cornwall របស់អង់គ្លេស ដែលជាទីលោកចូលរួមក្នុងជំនួបមេដឹកនាំប្រទេសអ្នកមានទាំង៧ (G7) ។
 
គម្រោងបរិច្ចាគវ៉ាក់សាំងចំនួនដ៏ច្រើននេះ ធ្វើឱ្យអាមេរិកត្រូវចំណាយលុយដល់ទៅ៣,៥ពាន់លានដុល្លារដើម្បីទិញវ៉ាក់សាំង។ ប៉ុន្តែអាមេរិកនឹងជំរុញឱ្យមានការបរិច្ចាគបន្ថែមពីមេដឹកនាំនៃប្រទេសអ្នកមានទាំង៧ផ្សេងទៀតផងដែរ។ ក្រុមហ៊ុន Pfizer និង BioNTech យល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងឱ្យអាមេរិកចំនួន២០០លានដូសនៅឆ្នាំ២០២១ និង៣០០លានដូសទៀតនៅឆមាសទីមួយឆ្នាំ២០២២ ។ 
 
ប្រទេសប្រហែល១០០ នឹងទទួលបានវ៉ាក់សាំងដែលផលិតនៅរោងចក្ររបស់ Pfizer នៅអាមេរិក ហើយក្រុមហ៊ុន លក់វ៉ាក់សាំងដោយមិនគិតចំណេញឡើយ។ វ៉ាក់សាំង៥០០លានដូសនេះ ជាការផ្ដល់បន្ថែមពីលើវ៉ាក់សាំង៨០លានដូសដែលរដ្ឋបាលលោក បៃឌិន ប្រកាសរួចហើយកន្លងមក។ 
 
ការប្រកាសរបស់អាមេរិក ត្រូវបានស្វាគមន៍ខ្លាំង។ ប៉ុន្តែគេក៏ឃើញមានការទទូចឱ្យប្រទេសអ្នកមានបញ្ចេញវ៉ាក់សាំងដែលស្តុកក្នុងឃ្លាំងពួកគេផងដែរ។ ប្រធានផ្នែកវ៉ាក់សាំងរបស់អង្គការ Oxfam ប្រចាំអាមេរិក លោក Niko Lusiani អះអាងថា ប្រទេសអ្នកមានគួរតែធ្វើឱ្យបានច្រើនជាងនេះ ព្រោះការបរិច្ចាគពេលនេះ មិនទាន់គ្រប់នឹងតម្រូវការជាក់ស្ដែងឡើយ។ 
 
តាមពិតទៅ ប្រទេស G7 ក៏ត្រៀមផ្ដល់វ៉ាក់សាំងផងដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន រំពឹងថា មេដឹកនាំ G7 នឹងឯកភាពគ្នាលើការផ្ដល់វ៉ាក់សាំងចំនួនមួយពាន់លានដូសសម្រាប់ប្រទេសនានាជុំវិញពិភពលោក សំដៅជំរុញការចាក់វ៉ាក់សាំងនៅត្រឹមឆ្នាំ២០២២។ កិច្ចប្រជុំ G7 នឹងចាប់ផ្ដើមនៅថ្ងៃទី១១ ហើយបញ្ចប់នៅថ្ងៃទី១៣ ខែមិថុនា ដោយមានអង់គ្លេសជាម្ចាស់ផ្ទះ។ លោក ចនសុន ក៏បានប្រកាសថា អង់គ្លេសនឹងផ្តល់វ៉ាក់សាំងយ៉ាងតិច១០០លានដូសទៅកាន់ប្រទេសក្រីក្រដែរ ដោយ ៨០លានដូសចែកចាយតាមយន្តការ COVAX ឯ២០លានដូស ទៀតនឹងត្រូវចែករំលែកទៅកាន់បណ្ដាប្រទេសដែលត្រូវការដោយផ្ទាល់៕
 
 
 
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com