អន្តរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិក រិះគន់ក្រុមហ៊ុនធំៗខ្លួនដែលពាក់ព័ន្ធការបង្ខំឱ្យធ្វើការនៅចិន
11, Jun 2021 , 2:29 pm        
រូបភាព
លោក Marco Rubio សមាជិកព្រឹទ្ធសភាអាមេរិក។ រូបភាព៖ Reuters
លោក Marco Rubio សមាជិកព្រឹទ្ធសភាអាមេរិក។ រូបភាព៖ Reuters
ដោយ ចាន់ ស៊ីណា
សមាជិកព្រឹទ្ធសភាអាមេរិក Marco Rubio នៅថ្ងៃទី១០ មិថុនា បានរិះគន់យ៉ាងខ្លាំងលើក្រុមហ៊ុនយក្សអាមេរិក ដូចជាក្រុមហ៊ុន Amazon, Apple និង Nike ដែលកំពុងចាប់ដៃរកស៊ីនៅចិន ទៅដែលលោកអះអថា ជាកន្លែងមានការបង្ខំពលកម្ម។  បើតាមសមាជិកព្រឹទ្ធសភាអាមេរិក ក្រុមហ៊ុនធំៗទាំងនោះ កំពុងធ្វើឱ្យអតិថិជនខ្លួន ពាក់ព័ន្ធនឹងគោលនយោបាយគាបសង្កត់របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។--
 
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាលើការបំពានជនភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង លោក Marco Rubio សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ បានលើកឡើងថា ក្រុមហ៊ុនធំៗរបស់អាមេរិក ហាក់មិនទទួលស្គាល់ការពិត ដែលថាក្រុមហ៊ុនទាំងនោះ កំពុងទាញយកប្រយោជន៍ពីការរំលោភបំពានពីសំណាក់រដ្ឋាភិបាលចិន។
 
«ជាយូរមកហើយ ក្រុមហ៊ុនដូចជា Nike, Apple, Amazon និង Coca Cola បានប្រើប្រាស់កម្លាំងពលកម្មដោយចាប់បង្ខំ»។ លោក Rubio បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ក្រុមហ៊ុនយក្សអាមេរិកទាំងនោះ បានទទួលអត្ថប្រយោជន៍ពីការបង្ខំឱ្យធ្វើការ ឬទទួលពីអ្នកផ្គត់ផ្គង់ ដែលសង្ស័យថា បានប្រើកម្លាំងពលកម្មដោយចាប់បង្ខំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
មិនខុសពីលោក Rubio សមាជិកព្រឹទ្ធសភាផ្សេងទៀត ក៏បានទទួលស្គាល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានទទួលផលចំណេញពីរដ្ឋាភិបាលចិនដែរ។ លោក Ed Markey សមាជិកព្រឹទ្ធសភាអាមេរិក ដែលដឹកនាំកិច្ចប្រជុំមួយនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើន បានទទួលផលប្រយោជន៍ពី «ឧស្សាហកម្មឃ្លាំមើលបែបផ្តាច់ការ» របស់រដ្ឋាភិបាលចិន។ លើសពីនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកទេសទាំងនោះ កំពុងត្រូវបានប្រើប្រាស់យ៉ាងច្រើននៅក្នុងតំបន់ស៊ីនជាំងទៀតផង។
 
សមាជិកសភាអាមេរិក កំពុងព្យាយាមអនុម័តសេចក្តីស្នើច្បាប់មួយ ដែលអាចហាមឃាត់ទំនិញ ដែលផលិតនៅក្នុងតំបន់ស៊ីនជាំង យកមកលក់នៅអាមេរិក ដោយបារម្ភថា វាអាចមានការចាប់បង្ខំកម្លាំងពលកម្មនៅក្នុងតំបន់ស្វយ័តមួយនោះ។ 
 
គួររលឹកថា តំបន់ស៊ីងជាំង ត្រូវបានបណ្តាប្រទេសជាច្រើនរួមមាន សហភាពអឺរ៉ុប អង់គ្លេស អាមេរិក និងកាណាដា រួមទាំងក្រុមសិទ្ធិមនុស្សផង បានចាត់ទុកថា ជាតំបន់មានការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ជនជាតិភាគតិចវីហ្គ័រ និងជាជនជាតិភាគតិចផ្សេងទៀត យ៉ាងហោចណាស់ ១លាននាក់ ត្រូវបានជាប់ឃុំ ក្នុងមណ្ឌលកែប្រែឡើងវិញ និងត្រូវបានអាជ្ញាធរចិន ធ្វើទុក្ខបុកម្នេញ។ មិនតែប៉ុណ្ណោះ ចិន បានប្រើបច្ចេកវិទ្យាជាច្រើននៅក្នុងតំបន់នោះ ដើម្បីឃ្លាំមើលសកម្មភាពជនជាតិមូស្លីមផងដែរ។ 
 
ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាមេរិក បានដាក់ទណ្ឌកម្មលើមន្រ្តីចិនជាច្រើនរូប។ ទណ្ឌកម្មទាំងនោះរួមមាន ការហាមឃាត់ការធ្វីដំណើរមកចូលក្នុងដីអាមេរិក និងការបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីចិនជាដើម៕
 

Tag:
 ចិន
  អាមេរិក
  Amazon
  Apple
  Nike
© រក្សាសិទ្ធិដោយ thmeythmey.com