កីឡាជាតិ
ជាតិ
គ្រូបង្វឹកអ៊ីរ៉ង់៖ ទម្រង់លេងកម្ពុជា ល្អជាងលទ្ធផល ហើយអ៊ីរ៉ង់មិនបន្ធូរដៃឱ្យកម្ពុជាឡើយ
11, Jun 2021 , 4:19 pm        
រូបភាព
លោក Dragan Skocic គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ (នៅខាងស្ដាំ) ថ្លែងនៅក្នុងសន្និសីទកាសែត មុនការប្រកួតជាមួយកម្ពុជា ។ (រូបពីសារព័ត៌មានអ៊ីរ៉ង Tehran Time)
លោក Dragan Skocic គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ (នៅខាងស្ដាំ) ថ្លែងនៅក្នុងសន្និសីទកាសែត មុនការប្រកួតជាមួយកម្ពុជា ។ (រូបពីសារព័ត៌មានអ៊ីរ៉ង Tehran Time)
ភ្នំពេញ៖ កម្ពុជា ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយអ៊ីរ៉ង់ នៅពូលC នៅកីឡដ្ឋាន Khalifa Sports City ប្រទេសបារ៉ែន ដែលជាទឹកដីកណ្តាល នាវេលាម៉ោង៩ និង៣០នាទីយប់នេះ។ សម្រាប់អ៊ីរ៉ង់ ការប្រកួតជាមួយកម្ពុជានេះ គឺពួកគេត្រូវការឈ្នះដាច់ខាត។


 
គ្រូបង្វឹកអ៊ីរ៉ង់ លោក Dragan Skocic បាននិយាយថា អ៊ីរ៉ង់ត្រូវការឈ្នះកម្ពុជា នៅក្នុងការប្រកួតនេះ ដើម្បីប្រជែងជាមួយអ៊ីរ៉ាក់ នៅដើមសប្ដាហ៍ក្រោយ។ ថ្លែងក្នុងសន្និសីទកាសែត មុនជំនួបយប់នេះ គ្រូបបង្វឹករូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«យើងនឹងមិនបន្ធូរដៃក្នុងការប្រកួតជាមួយកម្ពុជានេះទេ។ យើងគោរពពួកគេ ព្រោះយើងបានមើលការប្រកួតរបស់ពួកគេកន្លងមកនេះ ហើយខ្ញុំអាចនិយាយបានថា ទម្រង់លេងរបស់កម្ពុជា ល្អជាងលទ្ធផលរបស់ពួកគេ ។ យើងនឹងផ្ដោតទៅលើការប្រកួតនេះ ហើយយើងត្រូវការផ្ដួលពួកគេ»។
 
ជំនួបអ៊ីរ៉ង់យប់នេះ វាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ច សម្រាប់កម្ពុជាដែលបានហាលអាវ ពីព្រឹត្តិការណ៍ជម្រុះ FIFA World Cup 2023 ។ ដ្បិតជាការប្រកួតបង្គ្រប់ក្តី តែវាក៏ផ្ដល់ភាពតានតឹងដល់ជម្រើសជាតិកម្ពុជាដែរ ព្រោះអ៊ីរ៉ង់ធ្លាប់យកឈ្នះកម្ពុជា ១៤-០ កាលពីជំនួបជើងទី១ នៃវគ្គជម្រុះពូលCនេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នាក្រុងតេហេរ៉ង់ ។ 
 
ទោះក្រុមខ្លាំងអ៊ីរ៉ង់ ធ្លាប់ឈ្នះកម្ពុជាច្រើនបែបនេះ តែក្រុមកម្ពុជានៅតែបន្តរក្សាទម្រង់លេងគ្រប់គ្រងបាល់លើទីលានឱ្យបានច្រើនដែរ។ លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា៖«ទោះយ៉ាងណា យើងនឹងមិនផ្លាស់ប្តូរទម្រង់លេងរបស់យើងឡើយ ដោយយើងព្យាយាមរក្សាការគ្រប់គ្រងបាល់ ដូចគ្នានឹងអ្វីដែលយើងបានធ្វើពេលពីរប្រកួតចុងក្រោយ»។
 
ពីរប្រកួតចុងក្រោយនេះ កម្ពុជា បានចាញ់បារ៉ែន ដោយលទ្ធផល ០-៨ និងបន្តចាញ់ក្រោមថ្វីជើងអ៊ីរ៉ាក់ ១ទល់៤ទៀត។ ចំណែកអ៊ីរ៉ង់វិញ បានយកឈ្នះបារ៉ែន ៣-០ កាលពីថ្ងៃទី៧ មិថុនា។ 
«ពួកយើងបានយកឈ្នះបារ៉ែននេះ ខណៈដែលយើងស្ថិតនៅក្រោមសម្ពាធធំមួយ ហើយឥឡូវគឺខ្ញុំសប្បាយចិត្តខ្លាំងណាស់ ចំពោះលទ្ធផលនេះ…។ ពួកយើងត្រូវការឈ្នះ ដើម្បីពិន្ទុអតិបរមាមួយ។ ហើយនៅពេលនេះ កីឡាករយើងគ្រាន់តែផ្ដោតលើការប្រកួតជាមួយកម្ពុជានេះសិន»។ នេះជាការលើកឡើងរបស់លោក Dragan Skocic គ្រូបង្វឹកអ៊ីរ៉ង់ ដែលចុះផ្សាយដោយសារព័ត៌មាន Tehran Time។
 
ក្រោយពីជំនួបកម្ពុជានេះ អ៊ីរ៉ង់ ត្រូវជួបអ៊ីរ៉ាក់ នៅថ្ងៃអង្គារ ទី២០ មិថុនា នៅលើទឹកដីបារ៉ែន ដែលជាទឹកដីកណ្ដាល។ វាជាការប្រកួតដ៏តានតឹងរវាងក្រុមទាំងពីរ ដើម្បីប្រជែងកំពូលតារាងនេះ។
 
សម្រាប់ពូល C នេះ អ៊ីរ៉ាក់កំពុងឈរលើតារាងដោយមាន១៤ពិន្ទុ ខណៈអ៊ីរ៉ង់មាន១២ពិន្ទុ ក្រោយប្រកួតបាន៦លើកដូចគ្នា។ បារ៉ែន ឈរនៅលេខ៣ដោយមាន១២ពិន្ទុស្មើអ៊ីរ៉ង់ តែប្រកួតបាន៧លើក។ ហុងកុងមាន៥ពិន្ទុពីការប្រកួត៦លើក ខណៈកម្ពុជាមាន១ពិន្ទុពីការប្រកួត៧លើក ហើយត្រូវធ្លាក់ទៅលេងវគ្គ Play-off ជម្រុះ Asian Cup ឆ្នាំ២០២២ វិញ៕
 

Tag:
 បាល់ទាត់
  WORLD CUP
© រក្សាសិទ្ធិដោយ thmeythmey.com