ជាតិ
ក្រសួងបរិស្ថាននិង WCS សិក្សាលទ្ធភាពលក់ឥណទានកាបូនថែមទៀត នៅតំបន់ការពារធម្មជាតិខេត្តព្រះវិហារ
11, Jun 2021 , 9:29 pm        
រូបភាព
លោក នេត្រ ភក្តា្រ(បង់កក្រមាពណ៌ក្រហម) ជាមួយមន្ត្រីឧទ្យានុរក្ស និងមន្ត្រីរបស់អង្គការWCS នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីការអភិរក្សតំបន់ការពារធម្មជាតិនិងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន នៅតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារនៅថ្ងៃទី១០មិថុនា ឆ្នាំ២០២១។
លោក នេត្រ ភក្តា្រ(បង់កក្រមាពណ៌ក្រហម) ជាមួយមន្ត្រីឧទ្យានុរក្ស និងមន្ត្រីរបស់អង្គការWCS នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីការអភិរក្សតំបន់ការពារធម្មជាតិនិងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន នៅតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារនៅថ្ងៃទី១០មិថុនា ឆ្នាំ២០២១។
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS)  កំពុងសិក្សាលទ្ធភាពលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្ត នៅដែនជម្រកសត្វព្រៃចំនួន៤កន្លែងក្នុងខេត្តព្រះវិហារ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ។


 
លោក នេត្រ ភក្តា្រ ដែលប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាម នារសៀលថ្ងៃទី១១មិថុនា បានបញ្ជាក់ថា តំបន់ការពារធម្មជាតិទាំង៤កន្លែង ដែលមន្តី្រជំនាញរបស់ក្រសួងបរិស្ថាន និងអង្គការWCS កំពុងសិក្សានេះ គឺបានយកគំរូចំនួន៤៣ទីតាំងផ្សេងពីគ្នា ដើម្បីឱ្យមន្ត្រីជំនាញផ្សេងទៀត វាយតម្លៃមុននឹងដាក់លក់ឥណទានកាបូននៅលើទីផ្សារអន្តរជាតិដែលជាទីផ្សារស្ម័គ្រចិត្ត។ 
 
តំបន់ការពារធម្មជាតិទាំង៤កន្លែង ដែលក្រុមមន្ត្រីជំនាញកំពុងសិក្សាអំពីការលក់ឥណទានការបូននោះ មាននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព,  ដែនជម្រកសត្វព្រៃឆែប, ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង នៃខេត្តព្រះវិហារ ដែលមានផ្ទៃដីសរុប៥៤៦,១២៩,៤១ហិកតា។
 
«នៅក្នុងដំណាក់កាលនៃតំបន់ធម្មជាតិចំនួន៤នេះ ដែលយើងធ្វើការងារជាមួយអង្គការWCS ក្នុងការអនុវត្តគម្រោង និងសម្របសម្រួលលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តនេះ គឺកំពុងតែឈានដល់ដំណាក់កាល ធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ពិនិត្យទៅលើការចាប់ផ្តើម ក្នុងការកំណត់តំបន់ក្នុងការសិក្សា  វាយតម្លៃលើកម្រិតបាយអូម៉ាស់ នៅក្នុងតំបន់ ទាំងអស់ហ្នឹង ហើយ។ បន្ទាប់ទៅហ្នឹង [យើង]មានការជួបជាមួយសហគមន៍ និងការចុះមកវាយតម្លៃពីអ្នកវាយតម្លៃឯករាជ្យ លើស្ថានភាពទាំងអស់ហ្នឹង មុននឹងដាក់លក់ជាសាធារណៈហើយព័ត៌មានដែលពាក់ព័ន្ធនឹងដាក់ជូនសាធារណៈដើម្បីឱ្យសាធារណជនបានដឹង»។លោក នេត្រ ភក្តា្រ បានរៀបរាប់យ៉ាងដូច្នេះ ។


 
លោក នេត្រ ភក្តា្រ ដែលជារដ្ឋលេខាធិការ និងជានាំពាក្យនាំក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា តំបន់ការពារធម្មជាតិទាំង៤នេះ  បានគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត១ម៉ឺនគ្រួសារ និងមានសត្វព្រៃរងការគំរាមកំហែងជាសកលជាង៣០ប្រភេទ  ដូចជា៖ ដំរីអាស៊ី និងសត្វត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំ-កស ជាដើម។
 
តំបន់ការពារធម្មជាតិចំនួន៤ក្នុងខេត្តព្រះវិហារនេះ គឺត្រូវបានក្រសួងស្ថានអនុញ្ញាតឱ្យអង្គការWCSអនុវត្តនូវគម្រោងរេដបូក(REDD+)ដោយស្ថិតនៅក្រោមការគាំទ្រផ្នែកបច្ចេកទេស, ទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់ធ្វើលើកិច្ចការងារនេះពីក្រសួងបរិស្ថានផ្ទាល់។ លើសពីនេះអង្គការ WCS ក៏ទទួលបានជំនួយពីគម្រោងUSAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកា ក្នុងការដំណើរការទូទៅ សម្រាប់អនុវត្តគម្រោងរេដបូកនេះ ផងដែរ។ 
 
លោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់អង្គការWCS បានលើកឡើងថា៖«គម្រោងរេដបូក ដែលយើងរៀបចំនៅភូមិភាគខាងជើងដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលចាប់ផ្តើមពីតំបន់ការពារសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាជំហ៊ានបឋមដើម្បីឱ្យយើង អាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល»។
 
សម្រាប់កិច្ចការរៀបចំកម្រោងលក់ឥណទានកាបូននេះ គឺអង្គការWCS បានស្រង់នូវបទពិសោធន៍មួយចំនួនដែលអង្គការខ្លួន កំពុងតែអនុវត្តជោគជ័យចំពោះការងារៀបចំគម្រោងរេដបូកនេះ  នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ លោក កែន សេរីរដ្ឋា បាននិយាយដូច្នេះ៖«សម្រាប់បទពិសោធន៍ដែលយើងទទួលបានជោគជ័យនៅដែនជម្រកសត្វព្រៃកែវសីមាដែលមានរយៈពេល១ឆ្នាំកន្លងមកនេះ នឹងត្រូវយកមកអនុវត្តគម្រោងនេះ នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ»។ 


 លោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់អង្គការWCS 

នាយកកម្មវិធីរបស់អង្គការWCS រូបនេះ បានបន្តថា៖« ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជាដែលទទួលបានជោគជ័យកន្លងមក ជាមោទកភាពមួយរបស់កម្ពុជាដែលយើងបានចូលរួម។ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជាជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន»។ 
 
ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងសិក្សានិងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»៕ 
 

Tag:
 ឥណទានកាបូន
  តំបន់ការពារធម្មជាតិ
  ព្រះវិហារ
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com