ជាតិ
សង្គមជាតិ
ពលរដ្ឋរស់នៅតាមដងទន្លេ អូរ និងតំបន់ជំរាលភ្នំ ខេត្តរតនគិរី ត្រូវប្រុងប្រយ័ត្នរន្ទះ និងខ្យល់កន្រ្តាក់
11, Jun 2021 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថាកម្ពុជា នឹងទទួលរងនូវខ្យល់មូសុងនិរតី និងជ្រលងនៃកូនព្យុះ«កូហ្គូម៉ា»លើកទី៤ ចាប់ពីថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១។ បាតុភូតនេះនឹងធ្វើឲ្យតំបន់វាលទំនាបកណ្តាល តំបន់ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់ រន្ទះ និងផ្លេកបន្ទោរ។

 
ដោយព្រួយបារម្ភនឹងមានហានិភ័យផ្សេងៗ រដ្ឋបាលខេត្តរតនគិរីបានណែនាំដល់ពលរដ្ឋដែលរស់នៅតាមដងទន្លេ អូរ ឬតំបន់ជំរាលភ្នំ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យមែនទែន។
 
ដើម្បីទប់ស្កាត់នឹងហានិភ័យផ្សេងៗដែលបណ្តាលមកពីព្យុះ កូហ្គូម៉ា»លើកទី៤នេះ រដ្ឋបាលខេត្តរតនគិរី បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ដែលរស់នៅតាមដងទន្លេ អូរ ឬតំបន់ជំរាលភ្នំ អំពីករណីជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។ 
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តរតនគិរី បានណែនាំឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ក្តាប់ស្ថានការណ៍ការប្រែប្រួលអាកាសធាតុក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេស រដ្ឋបាលរតនគិរី បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាននីមួយៗត្រូវត្រៀមលក្ខណៈ ទាំងកម្លាំង មធ្យោបាយ សម្ភារ គ្រប់ប្រភេទ ដើម្បីត្រៀមបង្ការ សង្រ្គោះ និងអន្តរាគមន៍ឲ្យទាន់ពេលវេលា ក្នុងករណីមានហានិភ័យណាមួយកើតឡើង៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com