COVID-19
ជាតិ
លោក ហ៊ុន ម៉ានី ថា ជប៉ុនគឺជាមិត្តជិតស្និទ្ធម្នាក់របស់កម្ពុជា លោក ហ៊ុន ម៉ានី រូបឆ្វេង កំពុងជជែកជាមួយ ឯកអគ្គរាជទូតជប៉ុន លោក MIKAMI Masahiro
× ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានអញ្ជើញលោក ហ៊ុន ម៉ានី ជួបពិភាក្សាការងារនាអាហារថ្ងៃត្រង់កាលពីថ្ងៃទី១០ខែមិថុនានេះ។
«ប្រទេសជប៉ុនគឺជាមិត្តដ៏ជិតស្និទ្ធម្នាក់របស់កម្ពុជា ដែលបានស្គាល់សោកនាដកម្មរបស់កម្ពុជា ហើយតែងតែបានផ្សារភ្ជាប់ខ្លួន និងបានធ្វើជាសាក្សីនៃការអភិវឌ្ឍរបស់កម្ពុជាជារៀងរហូតមកដល់ពេលបច្ចុប្បន្ននេះ។»។ នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ានី ដែលត្រូវបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានសរសេរឱ្យដឹងថា លោកបានជជែកដោយត្រង់ទៅត្រង់មកជាមួយលោកឯកអគ្គរាជទូតលើប្រធានបទនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរមក ក៏ដូចជាការបន្តពង្រឹងចំណងទ្វេភាគីឱ្យកាន់តែប្រសើរទៅថ្ងៃអនាគត។ ជប៉ុន និងកម្ពុជាបានភ្ជាប់ចំណងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៣។
ជំនួបរវាងលោក ហ៊ុន ម៉ានី និងប្រមុខបេសកកម្មការទូតជប៉ុនប្រចាំកម្ពុជាធ្វើឡើង ក្រោយពេលដែលអនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសអាមេរិក លោកស្រី Wendy Sherman បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១ខែមិថុនាកន្លងទៅ។ លោកស្រី Sherman គឺជាមន្ត្រីជាន់ខ្ពស់មុនដំបូងគេនៅក្នុងអាណត្តិនៃរដ្ឋបាលលោក ចូ បៃដិន ដែលបានមកជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានស្នើឱ្យកម្ពុជាថ្លឹងថ្លែងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ មូលដ្ឋានទ័ពជើងទឹកសមុទ្ររាមនៅតែប្រធានបទក្តៅគគុកមួយរបស់តំណាងរដ្ឋាភិបាលវ៉ាស៊ីនតោនដែលបានស្ពាយមកជួបជាមួយសម្តេច ហ៊ុន សែន។ លោកស្រីនៅតែលើកឡើងអំពីការសង្ស័យថា មានមូលដ្ឋានទ័ពប្រទេសចិននៅក្នុងតំបន់រាម ហើយលោកស្រីបានស្នើទៅប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកបានទស្សនកិច្ចកំពង់ផែរាម ជាទៀងទាត់។
ទំព័រហ្វេសប៊ុកនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានផ្សាយឱ្យដឹងថា ស្របតាមការឆ្លើយតបរបស់សម្តេច ហ៊ុន សែន ចំពោះលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃទី១១ខែមិថុនានេះ លោកវរសេនីយឯក Marcus Ferrara បានធ្វើទស្សនកិច្ចយ៉ាងខ្លីតែប៉ុណ្ណោះ នៅមូលដ្ឋានកងទ័ពជើងទឹករាម ដោយសារតែលោកមិនត្រូវបានអនុញ្ញាតឱ្យទស្សនកិច្ចគ្រប់កន្លែងក្នុងមូលដ្ឋានទ័ពនោះ។
សម្តេច ទៀ បាញ់ បានចាត់ទុកការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិក ជាការមួលបង្កាច់ និងមិនត្រឹមត្រូវ។ ទំព័រហ្វេសប៊ុកនៃនាយកដ្ឋានព័ត៌មានរបស់ក្រសួងការពារជាតិបានសរសេរស្រង់ប្រសាសន៍ សម្តេចឧបនាយករដ្ឋមន្ត្រី ដែលមានប្រសាសន៍ថា៖«អ្វីដែលមិនបានតាមបំណងរបស់គេ គេចេះតែនិយាយបំផ្លើស។ តែនេះជារឿងរបស់គេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com