COVID-19
ជាតិ
វិជ្ជមានកូវីដ-១៩៖ កំពង់ចាម៣៩នាក់ សៀមរាប២៧នាក់ កំពង់ធំ៧នាក់ និងព្រះវិហារ២នាក់
12, Jun 2021 , 4:01 pm        
រូបភាព
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញអ្នកជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ ស្ថិតក្នុងស្រុកចំនួន១១។ ខេត្តកំពត វិជ្ជមាន៣២នាក់ថ្មី ខណៈអ្នកជាសះស្បើយចំនួន២២៨នាក់។ ខេត្តបាត់ដំបង រកឃើញ២២នាក់វិជ្ជមានថ្មី និង៥នាក់ជាសះស្បើយ។ ដោយឡែក ខេត្តបន្ទាយមានជ័យ គ្មានអ្នកឆ្លងថ្មីឡើយ ដោយអ្នកសះស្បើយមាន៧៣នាក់។ កំពង់ចាម សៀមរាប កំពង់ធំ និងព្រះវិហារ ផ្សាយរបាយការណ៍ជាបន្តបន្ទាប់ផងដែរ។


ខេត្តព្រៃវែងរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៣៨នាក់ ស្ថិតក្នុងស្រុកចំនួន១១
 
ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាន៨នាក់នៅស្រុកពារាំង,៧នាក់នៅស្រុកកំពង់ត្របែក,៦នាក់នៅក្រុងព្រៃវែង,៣នាក់នៅស្រុកស្វាយអន្ទរ,៣នាក់នៅស្រុកបាភ្នំ,៣នាក់នៅស្រុកព្រះស្តេច,២នាក់ នៅស្រុកមេសាង,២នាក់នៅស្រុកពាមរក៍,២នាក់នៅស្រុកកញ្ចៀច,១នាក់នៅស្រុកពាមជរ និងពោធិ៍រៀង។ អ្នកជំងឺថ្មីទាំងនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
 
គិតត្រឹមថ្ងៃទី១១ មិថុនានេះ ខេត្តព្រៃវែងមានអ្នកឆ្លងកូវីដ-១៩សរុប៨៦២នាក់ ជាសះស្បើយចំនួន៣៨៣នាក់ ស្លាប់៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៧១នាក់។
 
ខេត្តកំពត រកឃើញវិជ្ជមានថ្មី៣២នាក់ ខណៈអ្នកជាសះស្បើយចំនួន២២៨នាក់
ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ថ្មីទាំង៣២នាក់នេះ មានទារកអាយុ៩ខែម្នាក់ បុគ្គលិកកាស៊ីណូ ៧នាក់ អ្នកទោសម្នាក់ ក្នុងស្រុកទឹកឈូ នគរបាល២នាក់ មេផ្ទះ២នាក់ និង១៩នាក់ទៀត ជាអាជីវកម្មលក់ដូរ និងកសិករ។ ក្នុងថ្ងៃដដែលនេះ ខេត្តកំពតក៏មានអ្នកជាសះស្បើយចំនួន២២៨នាក់ផងដែរ។

ខេត្តបាត់ដំបងមានអ្នកឆ្លងថ្មីចំនួន២២នាក់ និង៥នាក់បានជាសះស្បើយ
អ្នកឆ្លងកូវីដ-១៩ថ្មីចំនួន២២នាក់នេះ មាន១៧នាក់ពាក់ព័ន្ធនឹងព្រឹត្តការណ៍២០កុម្ភៈ និង៥ទៀត ជាពលករត្រឡប់ពីប្រទេសថៃ។ ចំណែកឯអ្នកជាសះស្បើយទាំង៥នាក់ខាងលើ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅតាមស្រុករៀងៗខ្លួន។
គិតត្រឹមថ្ងៃទី១១ មិថុនា ខេត្តបាត់ដំបងមានអ្នកឆ្លងកូវីដ-១៩សរុប៥០៥នាក់ ជាសះស្បើយ១៨៣នាក់ ស្លាប់២នាក់ និងកំពុងសម្រាកព្យាបាល៣២០នាក់។

ខេត្តបន្ទាយមានជ័យគ្មានករណីឆ្លងថ្មី ខណៈអ្នកជាសះស្បើយចំនួន៧៣នាក់
 
នៅថ្ងៃទី១១ មិថុនានេះ ខេត្តបន្ទាយមានជ័យគ្មានអ្នកឆ្លងថ្មីឡើយ ខណៈអ្នកជាសះស្បើយចំនួន៧៣នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរៀងៗខ្លួន។

ព័ត៌មានបន្ថែមពីបណ្តាខេត្តផ្សេងទៀត៖

ខេត្តកំពង់ចាម រកឃើញអ្នកជំងឺកូវីដ៣៩នាក់ ភាគច្រើនជាអ្នកស្រុកស្រីសន្ធរ
ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ថ្មីទាំង៣៩នាក់នេះ មាន២២នាក់ ជាអ្នកស្រុកស្រីសន្ធរ ដោយក្នុងនោះមានកុមារ៣នាក់ផងដែរ។ ក្រៅពីនេះ មាន៧នាក់នៅស្រុកបាធាយ,៤នាក់នៅស្រុកព្រៃឈរ,៣នាក់នៅស្រុកកោះសូទិន,១នាក់នៅស្រុកចំការលើ,១ម្នាក់នៅស្រុកជើងព្រៃ និង១នាក់នៅស្រុកស្ទឹងត្រង់។ បច្ចុប្បន្ន អ្នកជំងឺទាំងនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។

ក្នុងថ្ងៃដដែលនេះ ខេត្តកំពង់ចាម ក៏មានអ្នកជាសះស្បើយចំនួន៣៥នាក់ផងដែរ។  

ខេត្តសៀមរាបមានអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន២៧នាក់ ជាសះស្បើយ២នាក់
អ្នកជំងឺកូវីដ-១៩ថ្មីទាំង២៧នាក់នេះ មាន២០នាក់ បានឆ្លងក្នុងសហគមន៍ដោយពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺក្នុងស្រុកជីក្រែង។ ចំណែកឯ៦នាក់ទៀត ជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឳ។

ចំពោះអ្នកឆ្លងថ្មីម្នាក់ទៀត ជាអ្នកចងការប្រាក់បានធ្វើដំណើរមកពីខេត្តប៉ៃលិន ហើយមានទំនាក់ទំនងជាមួយមនុស្សជាច្រើនក្នុងក្រុងសៀមរាប ដែលករណីនេះគួរឲ្យបារម្ភបំផុត។ ចំពោះអ្នកជាសះស្បើយ២នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ហើយបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរៀងៗខ្លួន។

គិតត្រឹមថ្ងៃទី១១ មិថុនា ខេត្តសៀមរាបមានអ្នកឆ្លងកូវីដ-១៩សរុប៣៧០នាក់ ជាសះស្បើយចំនួន១០៧នាក់ ស្លាប់៣នាក់ និង២៦០នាក់កំពុងសម្រាកព្យាបាល។

ខេត្តកំពង់ធំ វិជ្ជមានកូវីដ-១៩ថ្មី៧នាក់ ស្ថិតក្នុងស្រុកចំនួន៤
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខេត្តកំពង់ធំ រកឃើញអ្នកជំងឺកូវីដ-១៩ថ្មីចំនួន៧នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាន៣នាក់ រស់នៅភូមិខោស ឃុំទំរឹង ស្រុកសណ្ដាន់ ២នាក់ ក្នុងស្រុកកំពង់ស្វាយ ម្នាក់ក្នុងស្រុកស្ទោង និងម្នាក់ទៀតក្នុងស្រុកបល្ល័ង្ក។

គិតមកដល់ពេលបច្ចុប្បន្ន ខេត្តកំពង់ធំមានអ្នកឆ្លងកូវីដ-១៩សរុប៣៨២នាក់ ជាសះស្បើយ២០៥នាក់ និង១៧៦នាក់ កំពុងសម្រាកព្យាបាល។

ខេត្តព្រះវិហាររកឃើញអ្នកឆ្លងថ្មី២នាក់តាមរយៈការធ្វើតេស្តរហ័ស(Rapid Test)
អ្នកជំងឺកូវីដ-១៩ថ្មីទាំង២នាក់នេះ មានម្នាក់ជាស្រ្តីអាយុ១៩ឆ្នាំ រស់នៅក្នុងភូមិស្រែធំ ឃុំរុងរឿងស្រុករវៀង បានត្រឡប់មកពីរាជធានីភ្នំពេញ។ ចំណែកឯ អ្នកជំងឺថ្មីម្នាក់ទៀត ជាកុមារាអាយុ៦ឆ្នាំ រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺឈ្មោះ ពេញ សុខរ័ត្ន ក្នុងស្រុកជាមួយគ្នា។

គិតមកដល់ពេលនេះ ខេត្តព្រះវិហារមានអ្នកឆ្លងកូវីដ-១៩សរុប២៦នាក់ ជាសះស្បើយចំនួន៥នាក់ និង២១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (អតីតសាលាបឋមសិក្សា ស្ថាពរ)៕


 
 

© រក្សាសិទ្ធិដោយ thmeythmey.com