អន្តរជាតិ
ចិន៖ សណ្តាប់ធ្នាប់អន្តរជាតិ គឺផ្អែកលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ
12, Jun 2021 , 12:39 pm        
រូបភាព
លោក យ៉ាង ជាឈី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ( ខាងឆ្វេង) និងលោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ Global Times
លោក យ៉ាង ជាឈី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ( ខាងឆ្វេង) និងលោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ Global Times
សណ្តាប់ធ្នាប់ពិភពលោក និងប្រព័ន្ធអន្តរជាតិ គឺផ្អែកតែលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) តែមួយប៉ុណ្ណោះ ពោលគឺមិនមែនផ្អែកលើការកំណត់ពីក្រុមប្រទេសមួយក្តាប់តូចឡើយ។ មន្រ្តីការទូតជាន់ខ្ពស់ចិន លោក យ៉ាង ជាឈីបានថ្លែងបែបនេះ ទៅកាន់ប្រមុខការទូតអាមេរិក លោកអាន់តូនី ប្លីងខិន។

 
លោក យ៉ាង ជាឈី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន នៅថ្ងៃទី១១ ខែមិថុនា បានជជែកគ្នាជាមួយ លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក ជាលើកដំបូងតាមប្រព័ន្ធទូរសព្ទ ចាប់តាំងពីជំនួបជួបមុខផ្ទាល់នៅក្នុងទឹកដីអាឡាស្កា អាមេរិកក្នុងខែមីនា កន្លងមក។ មិនសូវខុសពីជំនួបជួបមុខផ្ទាល់ឡើយ មន្រ្តីជាន់ខ្ពស់ចិន និងអាមេរិក នៅតែបន្តប្រើពាក្យសម្តីធ្ងន់ៗដាក់គ្នាទៅវិញទៅមក លើបញ្ហាសិទ្ធិមនុស្ស ប្រភពដើមជំងឺកូវីដ-១៩ និងកោះតៃវ៉ាន់។ 
 
ក្នុងកិច្ចសន្ទនានោះ ប្រមុខការទូតអាមេរិក បានបង្ហាញពីក្តីបារម្ភចំៗ ពីការបំពានសិទ្ធិមនុស្សនៅក្រុងហុងកុង និងអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចវីហ្គ័រ និងជនជាតិមូស្លីមផ្សេងទៀត ក្នុងតំបន់ស្វយ័ត ស៊ីងជាំង។ មិនតែប៉ុណ្ណោះ លោកប្លីងខិន បានទទូចឱ្យចិនបញ្ឈប់ការដាក់សម្ពាធលើកោះតៃវ៉ាន់ និងដោះស្រាយបញ្ហាឆ្លងច្រកសមុទ្រតៃវ៉ាន់ប្រកបដោយសន្តិភាព។ 
 
ដោយអាមេរិកនៅតែបន្តលើកឡើងជាដដែលៗពីបញ្ហាខាងលើ លោកយ៉ាង បានប្រាប់លោក ប្លីងខិនថា ប្រព័ន្ធអន្តរជាតិ និងសណ្តាប់ធ្នាក់ពិភពលោក គឺមានតែមួយប៉ុណ្ណោះ ដែលផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងមានច្បាប់អន្តរជាតិជាមូលដ្ឋាន ប៉ុន្តែវាមិនមែនផ្អែកលើប្រព័ន្ធដែលគាំទ្រតែប្រទេសមួយក្រុមតូចឡើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CGTN។
 
«វាមានតែប្រព័ន្ធ និងសណ្តាប់ធ្នាប់អន្តរជាតិតែមួយប៉ុណ្ណោះនៅលើពិភពលោក»។ លោកយ៉ាង ដែលជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិនផងនោះ បានសង្កត់ធ្ងន់បែបនេះ។ 
 
បើតាមមន្រ្តីជាន់ខ្ពស់ចិនរូបនេះ ការអភិវឌ្ឍប្រកបដោយសន្តិភាព យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាព គឺជាតម្លៃរួមរបស់មនុស្សជាតិ ហើយការគោរពអធិបតេយ្យ គឺជាអាទិភាពដំបូង ក្នុងការធានាសិទ្ធិមនុស្ស ដែលជាគោលការណ៍មានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងន័យនេះ មន្រ្តីការទូតជាន់ខ្ពស់ចិន បានជំរុញឱ្យអាមេរិកផ្តោតបញ្ហារំលោភសិទ្ធិមនុស្ស និងអំពើហិង្សានៅក្នុងប្រទេសខ្លួន ជាជាងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ 
 
សូមបញ្ជាក់ថា មិនខុសពីរដ្ឋបាលចាស់ រដ្ឋបាលក្រុងវ៉ាស៊ីនតោនរបស់លោកចូ បៃឌិន នៅតែប៉ះទង្គិច និងប្រើពាក្យសម្តីធ្ងន់ជាមួយក្រុងប៉េកាំង លើបញ្ហាហុងកុង កោះតៃវ៉ាន់ ជនជាតិភាគតិចក្នុងតំបន់ស៊ីងជាំង និងប្រភពដើមកូវីដ-១៩ ៕ 
 

Tag:
 ចិន
  អាមេរិក
  UN
© រក្សាសិទ្ធិដោយ thmeythmey.com