កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ វេលស៍ប៉ះស្វីស ដាណឺម៉ាកស្វាគមន៍ហ្វាំងឡង់ មុនបែលហ្ស៊ិកតទល់ជាមួយរុស្ស៊ី
12, Jun 2021 , 3:24 pm        
រូបភាព
ដោយ: រួបរួម
ការប្រកួតពូល A វេលស៍ប៉ះស្វីសនាកីឡដ្ឋានអូឡាំពិកក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ ដាណឺម៉ាកបើកការប្រកួតពូល B ដោយត្រូវស្វាគមន៍ហ្វាំងឡង់ នៅកីឡដ្ឋាន Parken ក្រុង Copenhagen មុនពេលបែលហ្ស៊ិកប៉ះម្ចាស់ផ្ទះរុស្ស៊ីនៅកីឡដ្ឋាន Saint Petersburg។

 
ពូល A៖ វេលស៍ប៉ះស្វីសនៅម៉ោង៨យប់នាកីឡដ្ឋាន Baku Olympic Stadium
កាលពី៥ឆ្នាំមុន ក្រុមទាំងពីរសុទ្ធតែបានឆ្លងផុតវគ្គជម្រុះតាមពូល ខណៈស្វីសទៅធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ ខណៈវេលស៍ឈានដល់ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនចាញ់ម្ចាស់ការពារតំណែងជើងឯកព័រទុយហ្គាល់។ 
 
ក្នុងប្រវត្តិជួបគ្នា៤លើក ស្វីសឈ្នះ៣លើក និងវេលស៍ឈ្នះ១លើក។ ការប្រកួត៥លើកចុងក្រោយរៀងៗខ្លួន វេលស៍ឈ្នះ២លើក ចាញ់២លើក និងស្មើ១លើក ដោយចុងក្រោយស្មើអាល់បានី ០-០ នាជំនួបមិត្តភាព ខណៈស្វីសឈ្នះទាំង៥លើក ហើយចុងក្រោយស៊ីលេចតិញស្តាញដល់ទៅ ៧-០។
 
លោក Robert Page គ្រូបង្វឹកជម្រើសជាតិវេលស៍ ចង់បានការចាប់ផ្តើមដ៏ល្អ និងមានការប្រកួតប្រជែងខ្ពស់ ខណៈលោក Vladimir Petkovic គ្រូបង្វឹកជម្រើសជាតិស្វីស ពង្រឹងកូនក្រុមឲ្យប្រឹងប្រែង១២០ភាគរយ ដើម្បីតទល់ជាមួយក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៦។
 
 កីឡាករដែលអាចស្ថិតក្នុងជម្រើសដំបូង៖ 
-វេលស៍ (គ្រូបង្វឹកលោក Robert Page): Ward; Mepham, Rodon, Davies; Roberts, Allen, Ampadu, Williams; James, Wilson, Bale។
 
-ស្វីស: Sommer; Elvedi, Schär, Akanji; Mbabu, Zakaria, Xhaka, Rodríguez; Shaqiri; Embolo, Seferović។
 
ពូល B៖ ដាណឺម៉ាកស្វាគមន៍ហ្វាំងឡង់នៅម៉ោង១១យប់នាកីឡដ្ឋាន Parken Stadium
ដាណឺម៉ាកមានប្រវត្តិមិនដែលចាញ់ឡើយ ពេលពួកគេធ្វើជាម្ចាស់ផ្ទះទទួលហ្វាំងឡង់ក្នុងការប្រកួតផ្សេងៗ បើគិតចាប់តាំងពីឆ្នាំ១៩៤៩មក ពោលគឺ២១ប្រកួតឈ្នះ១៨ និងស្មើ៣។ ខណៈដាណឺម៉ាកត្រូវបង្ហាញខ្លួនជាលើកទី៩ ហ្វាំងឡង់ទើបមានវត្តមានជាលើកដំបូងបំផុតក្នុងព្រឹត្តិការណ៍អឺរ៉ុបនេះ។
 
ក្រុមទាំង២មានប្រវត្តិជួបគ្នាដល់ទៅ៥៩លើកក្នុងការប្រកួតនានាដោយដាណឺម៉ាកឈ្នះ៣៨លើក ហ្វាំងឡង់ឈ្នះ១១លើក និងស្មើគ្នា១០លើក។ នាជំនួបចុងក្រោយក្នុងមិត្តភាពអន្តរជាតិកាលពីឆ្នាំ២០១១ ដាណឺម៉ាកឈ្នះ ២-១។ លទ្ធផលការប្រកួត៥លើកចុងក្រោយរបស់ក្រុមទាំង ដាណឺម៉ាកឈ្នះ៤ ស្មើ១ និងចាញ់១ ខណៈហ្វាំងឡង់ស្មើ២ និងចាញ់៣។

 
 
លោក Kasper Hiulman គ្រូបង្វឹកដាណឺម៉ាក៖ «យើងមិនត្រូវចាញ់ដោយគ្រាន់តែថា លេងអត់បានល្អនោះឡើយ។ យើងត្រូវតែប្រឹងប្រែងឲ្យបានល្អនៅលើទីលានដើម្បីជ័យជម្នះ»។ រីឯលោក Markku Kanerva គ្រូបង្វឹកហ្វាំងឡង់វិញ បានលើកឡើងថា បើក្រុមខ្លួនឈ្នះម្ចាស់ផ្ទះ ដូច្នេះ ពួកគេអាចបន្តប្រឈមជាមួយក្រុមខ្លាំងៗជាងនេះទៀត។
 
កីឡាករដែលអាចស្ថិតក្នុងជម្រើសដំបូង៖
-ដាណឺម៉ាក: Schmeichel; Mæhle, Kjær, Christensen, Wass; Eriksen, Højbjerg, Delaney; Poulsen, Wind, Braithwaite

-ហ្វាំងឡង់: Hradecky; O'Shaughnessy, Arajuuri, Toivio; Uronen, Kamara, Sparv, Lod, Raitala; Pukki, Pohjanpalo។

ពូល B៖ បែលហ្ស៊ិកប៉ះម្ចាស់ផ្ទះរុស្ស៊ីនៅម៉ោង២អាធ្រាត្រនាកីឡដ្ឋាន St. Petersburg
បែលហ្ស៊ិកកំពុងឈរលើកំពូលតារាង FIFA Ranking ហើយពួកគេមិនដែលចាញ់រស្ស៊ីឡើយ នាការជំនួប៧លើកចុងក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់រុស្ស៊ី ក៏មិនមែនជាក្រុមដែលងាយបំបាក់នោះដែរ។
 
ជំនួប២លើកកន្លងមកក្នុងព្រឹត្តិការណ៍ Euro រវាងក្រុមទាំងពីរ បែលហ្ស៊ិកឈ្នះទាំង២លើក។ រីឯ៥ប្រកួតចុងក្រោយរៀងៗខ្លួន បែលហ្ស៊ិកឈ្នះ៣ និងស្មើ២ ខណៈរុស្ស៊ី ឈ្នះ៣ ស្មើ១ និងចាញ់១។ 
 
លោក Roberto Martinez គ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក បានលើកឡើងថា ការប្រកួតដំបូងជាការតេស្តបង្ហាញសមត្ថភាពយ៉ាងពិតប្រាកដដើម្បីឲ្យដឹងពីភាពខ្លាំងខាងស្មារតី និងរាងកាយដែលយើងត្រូវតែធ្វើឲ្យបាន។ រីឯលោក Stanislav Cherchesov គ្រូបង្វឹករុស្ស៊ីវិញ បាននិយាយថា៖ «ភាពខ្លាំងរបស់បែលហ្ស៊ិកសាកសមនឹងឈរលេខ១លើតារាង FIFA ។ យើងមិនមែនជាក្រុមដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់ ប៉ុន្តែយើងនឹងបង្ហាញឲ្យគេឃើញ»។
 
កីឡាករដែលអាចស្ថិតក្នុងជម្រើសដំបូង៖
បែលហ្ស៊ិក: Courtois; Alderweireld, Vertonghen, Denayer; Meunier, Dendoncker, Tielemans, T Hazard; Mertens, Lukaku, Doku
 

រុស្ស៊ី: Shunin; Mário Fernandes, Barinov, Dzhikiya, Semenov, Karavaev; Zobnin, Ozdoev, Golovin; Miranchuk; Dzyuba៕ 
 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com