កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាមជាក្រុមតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលអាច​បន្តប្រកួតប្រជែងវគ្គជម្រុះ World Cup
12, Jun 2021 , 9:29 pm        
រូបភាព
វៀតណាម​កំពុង​ឈរលើកំពូលតារាងពូល G ដែលមានលទ្ធភាពខ្ពស់ឈានទៅជុំទីបី World Cup។​ រូបថត AFC
វៀតណាម​កំពុង​ឈរលើកំពូលតារាងពូល G ដែលមានលទ្ធភាពខ្ពស់ឈានទៅជុំទីបី World Cup។​ រូបថត AFC
ដោយ: ថ្មីៗ
វៀតណាមកំពុងឈរលេខ១បណ្តោះអាសន្ន​ពូល G នៃវគ្គជម្រុះ World Cup ជុំទីពីរប្រចាំតំបន់អាស៊ី ហើយជាក្រុមតែមួយគត់ពី​តំបន់អាស៊ាន ដែលអាចឈានឆ្ពោះទៅវគ្គ​បន្តនៃពានរង្វាន់ពិភពលោកនេះ ខណៈ ថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ឥណ្ឌូណេស៊ី និងកម្ពុជា បានហាលអាវ ប៉ុន្តែនៅ​សល់ការប្រកួតជម្រុះ Asian Cup។ ប៉ុន្តែគិត​ក្នុងក្របខណ្ឌសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) អូស្ត្រាលី​ មានកៅអីរួចទៅហើយ​ទៅ​កាន់វគ្គ​បន្ត។


 
វៀតណាមនៅ​សល់​ការប្រកួត​ចុងក្រោយ​ក្នុងពូល G ជាមួយម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម ដោយ​លទ្ធផលឈ្នះ ឬត្រឹមស្មើ នឹងនាំឲ្យពួក​គេ​ក្លាយជាក្រុមតែមួយគត់ប្រចាំតំបន់អាស៊ាន​ដែលបាន​ឈាន​ចូល​ទៅវគ្គ​ជម្រុះជុំទី៣ FIFA World Cup 2022 និងជុំចុងក្រោយ AFC Asian Cup 2023។
 
បច្ចុប្បន្ន​វៀតណាមមាន​១៧ពិន្ទុ រីឯអេមីរ៉ាតអារ៉ាប់រួមមាន​១៥ពិន្ទុ។ ថៃស្ថិតនៅ​លេខ​៣ អស់ឱកាស​ទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍ World Cup ហើយ ប៉ុន្តែពួក​គេ​ត្រូវ​លេង​នៅវគ្គជម្រុះជុំទី៣ Asian Cup វិញ។ ម៉ាឡេស៊ីដែលស្ថិតក្នុងពូល G ដូចគ្នាផងដែរនោះស្ថិតនៅ​លេខ៤បណ្តោះអាសន្ន ខណៈឥណ្ឌូណេស៊ី លេខ៥ដែលធ្លាក់​ទៅលេងវគ្គ Play-off Asian Cup។
 
រីឯក្រុម​ផ្សេងទៀតនៅ​ក្នុងតំបន់ មាន ហ្វីលីពីន ដែលលេងនៅវគ្គជម្រុះជុំទី៣ Asian Cup ក្នុងនាមជាក្រុមលេខ​៣ពូល A, កម្ពុជាលេខ​៥ពូល C ត្រូវលេងវគ្គ Play-off, សិង្ហបុរី បច្ចុប្បន្ន​ស្ថិតនៅ​លេខ​៤ពូល D និងមីយ៉ាន់ម៉ា ស្ថិតនៅលេខ​៥ពូល F ជាបណ្តោះអាសន្ន នៅមុ​នជំនួបបង្គ្រប់កិច្ច World Cup។
 
រហូតមកដល់ពេលនេះ ក្រុម​ដែល​ត្រូវឈានទៅកាន់វគ្គជម្រុះជុំទីបីនៃព្រឹត្តិការណ៍ World Cup ជាមួយម្ចាស់ផ្ទះកាតា មាន ស៊ីរី អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង។ កម្ពុជាត្រូវមាន​បេសកកម្ម​ប្រកួត​វគ្គ Play-off ជម្រុះជុំទី៣ ជាមួយក្រុម​លំដាប់ទាបផ្សេងទៀតដែល​ពេលនេះ មានឥណ្ឌូណេស៊ី ណេប៉ាល់ ស្រីលង្កា ហ្គាម និងឆាយនីសតៃប៉ិ៕
 
 

Tag:
 World Cup
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com