COVID-19
ជាតិ
រដ្ឋមន្រ្តីសុខាភិបាល រំឭកអភិបាលរាជធានី-ខេត្ត ពង្រឹងការធ្វើតេស្តអ្នកមកពីថៃនិងវៀតណាម
12, Jun 2021 , 9:59 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
 ភ្នំពេញ៖ លោក ម៉ម ប៉ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រំឭកដល់អភិបាលរាជធានីខេត្ត ពិសេសខេត្តនៅតាមព្រំដែនថៃ និងវៀតណាម ត្រូវពង្រឹងវិធានការត្រួតពនិត្យសុខភាពអ្នកដំណើរចូលមកកម្ពុជា តាមរយៈការធ្វើតេស្តអង់ទីហ្សែនរហ័ស។ ការស្នើរបស់រដ្ឋមន្រ្តីរូបនេះ ធ្វើឡើងបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើអ្នកចំណាកស្រុកច្រើន។

 

 
តាមរយៈលិខិត នៅថ្ងៃទី១២ មិថុនានេះ លោក ម៉ម ប៊ុនហេង បានស្នើឱ្យអភិបាលខេត្តនៅតាមព្រំដែន ត្រូវប្រជុំជាមួយភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំកិច្ចសហការពង្រឹងការធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់ពលករ និងពលរដ្ឋ មុនពេលមកកម្ពុជា។ 
 
រដ្ឋមន្រ្តីរូបនេះ ក៏ណែនាំឱ្យ អភិបាលទាំងអស់  ត្រូវធ្វើតេស្តរហ័សលើអ្នកមកពីក្រៅប្រទេស តាមច្រកព្រំដែន ទាំងផ្លូវអាកាស ផ្លូវគោក និងទឹក ឱ្យបានម៉ឺងម៉ាត់ ។ ចំពោះអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯ អ្នករួមដំណើរជាមួយអ្នកជំងឺ ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ 
 
របាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី១២ មិថុនា មានមនុស្ស ៦៣៨ នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះករណីនាំចូលចំនូន៤៤នាក់។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប ៣៧ ៩៥៩នាក់ ក្នុងនោះមាន៣១ ២២២នាក់ បានជាសះស្បើយ និងស្លាប់សរុប៣២០នាក់៕
 

Tag:
 ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com