អន្តរជាតិ
លោកពូទីន៖ ទំនាក់ទំនងរុស្ស៊ី និងអាមេរិកស្ថិតនៅចំណុចទាបបំផុត ក្នុងប៉ុន្មានឆ្នាំចុងក្រោយ
12, Jun 2021 , 8:29 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន។ រូបថត AFP
លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន។ រូបថត AFP
ទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងរុស្ស៊ី ស្ថិតនៅចំណុចទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់បែបនេះ មុនជំនួបជាមួយសមភាគីអាមេរិក លោកចូ បៃឌិន ដែលនឹងខិតមកដល់។


 
នៅក្នុងកិច្ចសម្ភាសមួយ ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃទី១១ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី បានទទួលស្គាល់ថា ទំនាក់ទំនាក់អាមេរិក និងរុស្ស៊ី បានធ្លាក់ចុះនៅចំណុចទាបបំផុតក្នុងរយៈពេលចុងក្រោយនេះ។ 
 
«យើងមានទំនាក់ទំនងទ្វេភាគី ដែលបានបំផ្លាញដល់ចំណុចទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ»។ លោកពូទីន មេដឹកនាំដ៏មានឥទ្ធិពលរបស់រុស្ស៊ី បានលើកឡើងបែបនេះ។ ការលើកឡើងដូចខាងលើ ធ្វើឡើស្របពេលជំនួបរវាងលោកពូទីន ជាមួយប្រធានាធិបតីអាមេរិក លោក បៃឌិន ខិតជិតមកដល់។ 
 
ជំនួបរវាងមេដឹកនាំរុស្ស៊ី និងអាមេរិក នឹងត្រូវប្រារព្ធឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស នៅថ្ងៃទី១៦ ខែមិថុនាខាងមុខ។  
ការធ្លាក់ចុះនៃទំនាក់ទំនងប្រទេសទាំងពីរ ទំនងជាបណ្តាលមកពីការចោទប្រកាន់ពីសំណាក់អាមេរិក ទាក់ទិននឹងការបោះឆ្នោត ការរំលោភសិទ្ធិមនុស្ស ការចាប់ខ្លួនអ្នកប្រឆាំង ការវាយប្រហារតាមអ៊ីនធឺណិត និងបញ្ហាអ៊ុយក្រែនជាដើម។ 
 
ក្នុងកិច្ចសម្ភាសដដែលនោះ ប្រធានាធិបតីរុស្ស៊ី ក៏ត្រូវបានសួរសំណួរពាក់ព័ន្ធ លោកបៃឌិន ហៅលោកថាឃាតករផងដែរ។ ជាចម្លើយ មេដឹកនាំរុស្ស៊ី បានបកស្រាយថា លោកបានលឺការចោទប្រកាន់ជាច្រើនមកហើយ ហើយនោះក៏មិនមែនជាអ្វី ដែលលោកត្រូវបារម្ភឡើយ។ 
 
គួររំលឹកថា ថ្មីៗនេះ រុស្ស៊ី និងអាមេរិក បានបណ្តេញមន្រ្តីទូតទៅវិញទៅមក បន្ទាប់ពីអាមេរិក បានចោទរុស្ស៊ីថា ប្រព្រឹត្តសកម្មភាពមិនល្អដូចជាការលូកលាន់ការបោះឆ្នោតឆ្នាំ២០២០, ការវាយប្រហារតាមអនឡាញ និងការបំពានអ្នកប្រឆាំងជាដើម៕ 
 

Tag:
 រុស្ស៊ី
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com